ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​ ត្រូវ​គេ​ល្បួង​ឌុ​ប​តាម​ម៉ូតូ​ទាំង​យប់​​​យក​ទៅ​បាត់​០៥​ថ្ងៃ​ហើយ​នៅ​តែ​គ្មាន​ដំណឹង

2 នាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ រយៈពេល​០៥​ថ្ងៃ​ហើយ បើ​គិត​ត្រឹម​​ថ្ងៃ​ទី១៤ កញ្ញា​ នេះ ដែល​ក្មេង​ស្រី​វ័យ​១៣​ឆ្នាំ​ម្នាក់ត្រូវ​ជន​មិន​ស្គាល់​មុខ​ល្បួង​ចេញពីផ្ទះ​ឌុ​ប​តាម​ម៉ូតូ​យក​ទៅ​បាត់​ទាំង​កណ្ដាល​យប់​ នៅ​តែ​គ្មាន​ដំណឹង​សូ​ម្បី​ប៉ុន​ក្រចក  បើ​ទោះជា​ម្ដាយ​របស់​នាង​បាន​ប្ដឹង​សុំ​អន្តរា​គម​ន៍​ពី​សមត្ថកិច្ច និង​ធ្វើការ​ស្វែងរក​គ្រប់​ច្រកល្ហក​ក្ដី​ ។

​ក្មេង​ស្រី​ដែល​ត្រូវ​គេ​ល្បូ​ង​ចេញពីផ្ទះ​នោះ​​ឈ្មោះ សុង ស្រី​ណ​យ អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​ស្នឹង​កើត  ឃុំ​ស្នឹង  ស្រុក​បាណ​ន់​ ។  បើ​តាម​អាណាព្យាបាល​បាន​ប្រាប់​​ថា  កូនស្រី​គាត់​ត្រូវ​បាន​យុវជន​ម្នាក់​​វ័យ​ប្រហែល​២០​ឆ្នាំ ល្បូ​ង​យក​ទៅ​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត នៅ​វេលា​ម៉ោង​១០ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី ០៩ កញ្ញា នៅ​ពេល​នាង​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅ​រក​ទិញ​ម្ហូប​នៅ​ម្ដុំ​ «​ផ្សារ​ស្នឹង​» ហើយ​ក៏​ត្រូវ​យុវជន​នោះ ​ល្បួង​ឌុ​បយក​ទៅ​បាត់​រហូត​មក​ដល់​ថ្ងៃនេះ នៅ​តែ​ពុំ​មាន​ដំណឹង​ដដែល​ ។ គាត់​បាន​ជិះ​ម៉ូតូ​តាម​ទាន់​មួយ​ភ្លែត​ក៏​បាត់ដាន  តែ​គាត់​មិន​ចំណាំ​មុខ​យុវជន​នោះ​ទេ  ប៉ុន្តែ​អាច​សន្និដ្ឋាន​ពី​អាយុ​ប្រហែល​២០​ឆ្នាំ​ ។

​អធិការ​ស្រុក​បាណ​ន់ លោក ហេង បាំ​រាំង បាន​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី ១៤ កញ្ញា​នេះ​ថា មន្ត្រី​ប៉ុ​ស្ដិ៍​រដ្ឋបាលបាន​ទ​ទួល​បណ្ដឹង​ពី​ម្ដាយ​ជន​រង​គ្រោះ​នោះ​ហើយ  ហើយ​លោក​ក៏​បាន​រាយ​ការ​ណ៍​​ទៅ​ការិយាល័យ​ជំនាញ ដើម្បី​ជួយ​អន្តរា​គម​ន៍ ប៉ុន្តែ​រហូត​មក​ទល់​នឹង​ថ្ងៃនេះ យើង​មិន​ទាន់​មាន​តម្រុយ​ពីមុខ​សញ្ញា​នេះ​នៅឡើយ​ទេ​ ។ ​លោក​បាន​បញ្ជាក់​ថា  រឿង​បាត់​ក្មេង​ស្រី​ខាងលើ​នេះ បើ​តាម​ក្រុម​គ្រួសារ​ដែល​បាន​ដាក់​ពាក្យបណ្ដឹង​ថា កូនស្រី​គាត់​ត្រូវ​បាន​សង្សា​របស់​នាង​ឌុ​បយក​ទៅ ​តែ​ពុំ​ទាន់​ដឹង​គោលដៅ​ទេ​ ។

​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ គឺ​អ្នកស្រី ឈឿ​ម ស្រី​និ​ច អាយុ​៣៦​ឆ្នាំ បាន​រៀបរាប់​ថា នៅ​យប់​កើត​ហេតុ គាត់​បាន​ប្រើ​កូនស្រី​ឲ្យ​ទៅ​ទិញ​សាច់​មាន់​អាំង​នៅ​ម្ដុំ «​ផ្សារ​ស្នឹង​» ។ ប៉ុន្តែ​ក្រោយ​ពេល​ជិះ​ម៉ូតូ​ចេញ​ទៅ​ក៏​បាត់​ឈឹង ​មិនឃើញ​ត្រឡប់​មក​វិញ ​។ ​គាត់​បន្ត​ថា ដោយ​បាត់​កូនស្រី​យូរ​ពេក គាត់​និង​ប្អូន​​ស្រី​គាត់​ម្នាក់​ទៀត ក៏​ជិះ​ម៉ូតូ​ទៅ​តាម  លុះ​ទៅ​ដល់​ផ្លូវបំបែក​ទៅ​ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់ និង​ទៅ​ប៉ៃលិន ក៏​ប្រទះ​ឃើញ​កូនស្រី​គាត់​ត្រូវ​គេ​ឌុ​ប​ចេញពី​ផ្លូវ​មួយ​ក្នុងភូមិ​ព្រះ​ស្រែ ឡើង​លើ​ផ្លូវជាតិ​លេខ​៥៧ ឆ្ពោះទៅ​បាត់ដំបង  ប៉ុន្តែ​ពេល​គាត់​ស្រែកហៅ​អ្នក​ឌុ​ប​នោះ ​ក៏​បត់​ម៉ូតូ​ត្រឡប់​ក្រោយ តាម​ផ្លូវជាតិ​លេខ​៥៧​ដដែល ​ឆ្ពោះទៅ​​ខេត្ត​​ប៉ៃលិន​យ៉ាង​លឿន ខណៈ​គាត់​ពីរ​នាក់​ប្អូនស្រី​នៅ​តែ​បន្ត​ជិះ​ដេញ​តាម​ពីក្រោយ​ ។

​អ្នកស្រី ឈឿ​ម ស្រី​និ​ច បាន​បញ្ជាក់​ថា  ពេល​គាត់​ជិះ​ដេញ​តាម​ពីក្រោយ​រហូត​ដល់​ផ្លូវបត់​ត្រង់​ចំណុច​ភូមិ​រំ​ជៃ ​ឃុំ​ស្នឹង ជន​នោះ​ក៏​បិទ​ភ្លើង​ម៉ូតូ ស្រប​ពេល​ចាំង​ភ្លើង​រថយន្ត​មក​ពីមុខ​ផង ធ្វើ​ឲ្យ​គាត់​វ​ង្វេង​​បាត់ដាន​ម៉ូតូ​កូនស្រី​គាត់​ត្រង់នោះ​តែ​ម្ដង​ ។ ហើយ​ក៏​មិនដឹង​ថា មនុស្ស​ប្រុស​នោះ​ឌុ​ប​កូនស្រី​គាត់​យក​ទៅ​ណា​បន្ត​ទៀត​ទេ ព្រោះ​គាត់​បាត់ដាន​ត្រឹម​​ផ្លូវកែង​នោះ​ ។  គាត់​បញ្ជាក់​ថា  គាត់​មើល​មិន​ច្បាស់​ពី​ភិនភាគ​អ្នក​ឌុ​ប​កូនស្រី​គាត់​ទេ  តែ​អាច​ចំណាំបាន​ថា យុវជន​នោះ ​មាន​វ័យ​ប្រហែល​២០​ឆ្នាំ​ ។ 

​ជា​ចុង​ក្រោយ គាត់​បាន​បញ្ជាក់​បន្ថែម​ថា  មួយ​ថ្ងៃ ក្រោយ​បាត់​កូនស្រី គឺ​នៅ​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី១០ កញ្ញា  មាន​អ្នក​ស្គាល់​ម្នាក់ បាន​ប្រាប់​គាត់​ថា គេ​បាន​ប្រទះ​ឃើញ​កូនស្រី​គាត់​ចាក់​សាំង​ម៉ូតូ​នៅ​ហ្គា​រាស​សាំង​មួយ​កន្លែង នៅ​ម្ដុំ​ផ្លូវ​ហា​យ​វេ (​ផ្លូវ​ភ្នំ​សំពៅ​) ​។  នាង​ពុំ​មាន​ប្រាក់​មួយ​រៀល​ទេ តែ​នាង​បាន​សុំ​គេ​ចំនួន​៥,០០០​រៀល  ប៉ុន្តែ​ពេល​ចាក់​សាំង​រួច គេ​មិនដឹង​ថា នាង​ជិះ​ចេញ​ទៅ​ណា​ទេ​ ។ ហើយ​រហូត​មក​ដល់​ពេល​នេះ គាត់​បាន​ព្យាយាម​សាកសួរ​ដំណឹង​គ្រប់​ច្រកល្ហក រាប់​ទាំង​មិត្តភក្ដិ​ដែល​រៀន​ជាមួយ​នាង​ផង  សួរនាំ​ទាំង​សមត្ថកិច្ច​ផង នៅ​តែ​គ្មាន​ដំណឹង​ឡើយ​ ។  ម៉ូតូ​ដែល​នាង​ជិះ​យក​ទៅ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1AL-6981​។        

លោក ហេង បារាំង អធិការ​ស្រុក​បាណ​ន់ ក៏​បាន​បញ្ជាក់​ដែរ​ថា  មន្ត្រី​ជំនាញ​របស់​លោក និង​មន្ត្រី​ការិយាល័យ​ជំនាញ បាន​និង​កំពុងធ្វើការ​ផ្សាយ​តាម​បណ្ដា​ស្រុក និង​តាម​បណ្ដា​ប៉ុ​ស្ដិ៍​​រដ្ឋបាល​នានា ដើម្បី​សុំ​ជួយ​តាម​ឃ្លាំង​មើល​មុខសញ្ញា ដែល​មាន​ភិនភាគ​ដូច​ខាងលើ​នេះ តែ​មិន​ទាន់​មាន​តម្រុយ​នៅឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ​ ៕