ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អារ៉ាប៊ីសាអូឌីត បើកការវាយប្រហារតាមអាកាស៥៨លើកតបតនឹងពួកហ៊ូធី ខណៈជម្លោះនៅយេម៉ែន​កាន់តែខ្លាំងក្លា

1 ខែ មុន

សង្គ្រាម​ម​ជ្ឈឹ​ម​បូព៌ា ៖ ការ​ប្រយុទ្ធ​គ្នា​នៅ​បន្ត​ទៀត ដោយ​ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​រៀបរាប់​ នា​ថ្ងៃ​ទី​១៣​ កញ្ញា​ ពី​ការ​វាយប្រហារ​៥៨​លើក​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​យេ​ម៉ែ​ន ពិសេស ​លើ​មូលដ្ឋាន​របស់​ពួក​គេ​នា​ភាគ​ខាងជើង​ប្រទេស ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ការ​វាយ​ប្រហារ​មួយ​របស់​ក្រុម​ស្និទ្ធិអ៉ី​រ៉​ង់​នោះ ប្រឆាំង​មូលដ្ឋាន​យោធា​មួយ​របស់​ប្រទេស​ជាប់​ជិតខាង​នោះ​ ។

ពួក​ហ៊ូ​ធី​ធ្លាប់​បាន​ប្រកាស​កាលពី​ខែកក្កដា ពី​ការ​រាំង​ខ្ទប់​សមុទ្រ​ប្រឆាំង​ក្រុង​រី​យ៉ា​ដ ​និង​វាយប្រហារ​បណ្ដា​នាវា​ដឹក​ប្រេង​របស់​ប្រទេស​នោះ​ ។ ក្រុម​ឧទ្ទាម​ដ៏​ខ្លាំង​នោះ​បាន​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​នា​ពេល​ថ្មី​ៗ​នេះ ប្រឆាំង​អា​រ៉ា​ប៊ី​សា​អូឌីត​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​យេ​ម៉ែ​ន​ទទួលស្គាល់​ដោយ​អន្តរជាតិ​ ។ ក្រោយ​ការ​វាយប្រហារ​ទាំងនោះ​ បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​សិប​នាក់​រង​របួស អា​រ៉ា​ប៊ី​សា​អូឌីត​​ប្រកាស​ពី​ការ​បិទ​បណ្ដោះអាសន្ន​ទីតាំង​ប្រេង​ច្រើន​កន្លែង​របស់​ខ្លួន​ ។

ចលនា​ហ៊ូ​ធី​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បាន​វាយប្រហារ​ខ្លាំងក្លា​លើ​កងទ័ព​រដ្ឋាភិបាល​យេ​ម៉ែ​ន ដោយ​ក្នុង​ការ​វាយលុក​ផ្លេកបន្ទោរ​មួយ​ដណ្ដើម​បាន​ក្រុង​កំពង់​ផែ​ប្រវត្តិសាស្ត្រ​ម៉ូ​ខា និង​កាន់កាប់​ទាំងស្រុង​ឆ្នេរសមុទ្រ​យេ​ម៉ែ​ន​នៃ​សមុទ្រ​ក្រហម​។ បែប​នេះ​ ពួក​ហ៊ូ​​ធី​អាច​ពង្រឹង​ការ​ត្រួតត្រា​ច្រក​សមុទ្រ​យុទ្ធសាស្ត្រ​BAB-EL MANDEB ជា​ច្រក​គន្លឹះ​នៃ​ការ​ធ្វើ​នាវាចរណ៍​ក្នុង​សមុទ្រ​ក្រហម​ ។

អ្នកនាំពាក្យ​យោធា​របស់​ហ៊ូ​ធី​គូសបញ្ជាក់​តាម​តេ​ឡេ​ក្រាម​ថា សត្រូវ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​វាយប្រហារ​តាម​អាកាស​៥៨​លើក រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​លើ​ខេត្ត​៦ ដោយ​ប្រើ​យន្តហោះ​ធុន​F-15 ដែល​ហោះ​ចេញពី​មូលដ្ឋាន​អាកាសចរណ៍​ខា​មី​សមូ​សា
អ៉ីត​។ ការ​វាយប្រហារ​ទាំងនោះ ​ផ្ដោត​ពិសេស​លើ​បណ្ដា​ខ្សែ​រណសិរ្ស​ប្រយុទ្ធ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​កងទ័ព​រដ្ឋាភិបាល​ដែល​ខិត​ខំ​​ទប់​ការ​វាយលុក​របស់​ពួក​ហ៊ូ​ធី​។

ចំណែក​អ៉ី​រ៉​ង់​វិញ​អះអាង​ នា​ថ្ងៃ​ទី​១៣​ កញ្ញា​ ពី​ការ​វាយ​ប្រ​​ហារ​នាវា​ដឹក​ទំនិញ​១​គ្រឿង ​នៅ​ច្រក​សមុទ្រ​ហ័​រ​មូស បណ្ដាល​ឲ្យ​មនុស្ស​​ម្នាក់​ស្លាប់​ និង​៣​នាក់​ទៀត​រង​របួស ​៕

​