ឮសូរប្រាវកាលពីទៀបភ្លឺ លុះព្រឹកឡើងដើរទៅមើល ឃើញយុវជនម្នាក់យ៉ាងរន្ធ.ត់នៅលើលូ ក្នុងការដ្ឋានធ្វើផ្លូវ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ជិះម៉ូតូពេលជិតភ្លឺធ្លាក់ចូលការដ្ឋានដាក់លូ បណ្តាលឱ្យស្លាប់ លុះព្រឹកឡើងទើបត្រូវបានគេប្រទះឃើញ ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ផ្លូវជាតិលេខ៥ ស្ថិតភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ក្រុមការងារការដ្ឋានកសាងផ្លូវបានឱ្យដឹងថា នៅវេលាម៉ោង៥ទៀបភ្លឺ គេបានឮសូរប្រាវ តែមិនបានមកមើលនោះទេ លុះដល់វេលាម៉ោង៦ព្រឹក ក៏ដើរមកមើល ស្រាប់តែប្រទះឃើញជនរងគ្រោះម្នាក់បានដេកស្លាប់លើលូ ត្រង់ចំណុចការដ្ឋានកសាងផ្លូវទៅហើយ រួចក៏រាយការណ៍ជូនមន្ត្រីជំនាញចុះមកពិនិត្យនៅកន្លែងកើតហេតុ ។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែតបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ថន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
មន្ត្រីនគរបាលជំនាញបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក់វ៉េវ ពណ៌ខៀវ គ្មានស្លាកលេខ ក្នុងទិសដៅពីលិចមកកើត លុះស្ថានភាពផ្លូវយប់ងងឹត អាចជិះលឿនមិនបានមើលផ្លាកសញ្ញា ទើបបណ្តាលឱ្យធ្លាក់ចូលការដ្ឋានដាក់លូ កាត់ផ្លូវផ្នែកខាងស្តាំដៃ ពីក្រុងប៉ោយប៉ែតទៅក្រុងសិរីសោភ័ណ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ លុះដល់ព្រឹកឡើង ទើបមានគេប្រទះឃើញជនរងគ្រោះបានស្លាប់នៅលើលូ ។
ក្រោយពីមន្ត្រីជំនាញពិនិត្យរួច បានប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕



ចែករំលែកព័តមាននេះ