ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​បដិសេធ​ព័ត៌​មាន​ដែល​​ថា​ចិន​បាន​ផ្ដល់​ព័ត៌​មាន​សម្ងាត់​ស្ដី​ពី​មូល​ដ្ឋាន​យោធា​អាមេរិក​ទៅ​ឱ្យ​អុីរ៉ង់

1 ខែ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​បដិ​សេធ​របាយ​ការណ៍​ដែល​ថា​អុីរ៉ង់​ទទួល​បាន​រូប​ភាព​ពី​ផ្កាយ​រណប​របស់​ចិន​ស្ដី​ពី​មូល​ដ្ឋាន​យោធា​អាមេរិក​នៅ​ប្រទេស​ហ្សក​ដង់​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អុីរ៉ង់​វាយ​ប្រហារ​មូល​ដ្ឋាន​នោះ​ចំ​គោល​ដៅ​ល្អ​កាល​ពី​ខែ​កក្កដា​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​សារ​ព័ត៌​មាន​វ៉ល​ស្ទ្រីត​ជើ​ណល (Wall Street Journal) ដក​ស្រង់​ប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​មក​ចុះ​ផ្សាយ​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​នោះ​។


នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​សាក​សួរ​ថា​តើ​លោក​នឹង​លើក​យក​បញ្ហា​នេះ​មក​និយាយ​នៅ​ពេល​ ​ជួប​គ្នា​ជា​មួយ​លោក​ស៊ី​ជីន​ពីង​នា​ពេល​ខាង​មុខ​នេះ​ដែរ​ឬ​ទេ?​ លោក​ត្រាំ​មិន​បាន​ឆ្លើយ​តប​ដោយ​ត្រង់​ៗ​ទេ​។ លោក​ថា​ចិន និង​អាមេរិក​ធ្វើ​សកម្ម​ភាព​ឈ្លប​យក​ការណ៍​ដូច​គ្នា​។ ពួក​គេ​ធ្វើ​សកម្ម​ភាព​ដូច​អ្វី​ដែល​យើង​កំពុង​ធ្វើ​ដែរ​។ នៅ​ពេល​ពួក​គេ​និយាយ​ថា​ចិន​ស៊ើប​ការណ៍​ពី​យើង​ ពួក​គេ​និយាយ​ត្រូវ​ហើយ​ ហើយ​យើង​ក៏​ស៊ើប​កាណ៍​ពី​ចិន​វិញ​ដែរ​។ តាម​គម្រោង ថ្នាក់​ដឹក​នាំ​ទាំង​២​នឹង​ជួប​គ្នា​នៅ​អាមេរិក​នា​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​ខាង​មុខ​នេះ​។ ប៉ុន្តែ​ប្រទេស​ចិន​មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​ថា​​ការ​ជួប​គ្នា​នេះ​នឹង​កើត​ឡើង​នោះ​ទេ​។

លោក​ត្រាំ​កាល​ពីយប់​មិញ​បញ្ជាក់​ជំហរ​ជា​ថ្មី​ថា​លោក​នៅ​តែ​មាន​ទំនាក់​ទំនង​ល្អ​ជា​និច្ច​ជា​មួយ​លោក​ស៊ី​ជីន​ពីង​។ លោក​យល់​ថា​លោកស៊ី​ជីន​ពីង​ធ្វើ​អ្វី​ៗ​ប្រកប​ដោយ​​ភាព​សម​ហេតុ​ផល​ ហើយ​យើង​ក៏​ធ្វើ​អ្វី​ប្រកប​ដោយ​ភាព​សម​ហេតុ​ផល​ដូច​គ្នា​។ សូម​រំលឹក​ថា​សារ​ព័ត៌​មាន​វ៉ល់​ស្ទ្រីត​ជើ​ណល​ចុះ​ផ្សាយ​ដោយ​យោង​តាម​សម្ដី​របស់​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ថា​ស្ថាប័ន​របស់​ចិន​បាន​លួច​ផ្ដល់​រូប​ភាព​មូល​ដ្ឋាន​ទ័ព​អាមេរិក​ទៅ​ឱ្យ​អុីរ៉ង់​។ ប៉ុន្តែ​មន្ត្រី​ទាំង​នោះ​មិន​បាន​ចោទ​ប្រកាន់​ថា​រដ្ឋាភិបាល​ចិន​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ឬ​យ៉ាង​ណា​ទេ​។

បទ​អត្ថា​ធិប្បាយ​របស់​លោក​ត្រាំ​ហាក់​ដូច​ជា​ស្រប​គ្នា​នឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​លោក​នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​រវាង​ទី​ក្រុង​វ៉ាស៊ីន​តោន និង​ប៉េកាំង​ទោះ​បី​អាមេរិក​មិន​សប្បាយ​ចិត្ត​នឹង​ប្រទេស​ចិន​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជា​មួយ​អុីរ៉ង់​​​យ៉ាង​ណា​ក្ដី​។ ចាប់​តាំង​ពី​សង្គ្រាម​អុីរ៉ង់​ផ្ទុះ​ឡើង​កាល​ពី​ចុង​ខែ​កុម្ភៈ​រហូត​មក​ដល់​ពេល​នេះ ទាហាន​អាមេរិក​យ៉ាង​តិច​១៨​នាក់​បាន​ស្លាប់​៕ ប្រភព៖ Reuters