ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ត្រាំ​អំពាវ​នាវ​ឱ្យ​អ៊ុយ​ក្រែន​ផ្អាក​វា.យ​ប្រ.ហារ​ទី​តាំង​ប្រេង​​​រុស្ស៊ីព្រោះ​វា​ធ្វើ​ឱ្យ​​​ប៉ះ​ពាល់​​ទី​ផ្សារ​ពិភព​លោក

1 ខែ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​​អំពាវ​នាវ​ឱ្យ​អ៊ុយ​ក្រែន​ផ្អាក​វាយ​ប្រហារ​រោង​ចក្រ​ចម្រាញ់​ប្រេង​របស់​រុស្ស៊ី និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដទៃ​ទៀត​ដែល​ប្រើ​ប្រាស់​សម្រាប់​ការ​ផលិត​ និង​ចែក​ចាយ​ប្រេង​ម៉ាស៊ូត​។ លោក​អះ​អាង​ថា​កា​រវាយ​ប្រហារ​នោះ​ធ្វើ​ឱ្យ​ខ្វះ​ខាត​ការ​ផ្គត់​ផ្គង់​ទៅ​កាន់​ទី​ផ្សារ​ពិភព​លោក​។ លោក​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​តម្លៃ​ប្រេង​ម៉ាស៊ូត​ហក់​ឡើង​ខ្ពស់​បំផុត​​នៅ​លើ​ទី​ផ្សារ​​អាមេរិកកាល​ពី​ថ្ងៃ​សុក្រ​។ ពោល​គឺ​លក់​ចេញ​​លើស​ពី​៦​ដុល្លារ​ក្នុង​មួយ​ហ្កា​ឡុង​ (៣,៧៨៥​លីត្រ​)។

អស់​ជា​ច្រើន​ខែ​មក​ហើយ​ អ៊ុយ​ក្រែន​បន្ត​វាយ​ប្រហារ​ទី​តាំង​ប្រេង​ឆៅ​ និង​ហ្គាស​របស់​រុស្ស៊ី​ដោយ​ប្រើ​ប្រាស់​ដ្រូន​រយៈ​ចម្ងាយ​ឆ្ងាយ ដែល​ជា​ហេតុ​​ធ្វើ​ឱ្យ​ខ្វះ​ខាត​ប្រេង​ទូទាំង​ប្រទេស​រុស្ស៊ី​ និង​បង្ខំ​ឱ្យ​រុស្ស៊ី​បិទ​ការ​នាំ​ចេញ​ប្រេង​ម៉ាស៊ូត​កាល​ពី​ខែ​កក្កដា​។ ហេតុ​នេះ​ធ្វើ​ឱ្យ​ការ​ផ្គត់​ផ្គត់​ប្រេង​ទៅ​កាន់​ទី​ផ្សារ​ពិភព​លោក​ដែល​មាន​បញ្ហា​​រអាក់​រអួល​ស្រាប់​ទៅ​ហើយ​នោះ​រឹត​តែ​ជួប​នឹង​បញ្ហា​​ថែម​មួយ​កម្រិត​​​ទៀត​។​ ​សង្គ្រាម​អ៊ីរ៉ង់​ និង​ការ​បិទ​ច្រក​សមុទ្រ​ហ័រម៉ូស​ក៏​ធ្វើ​ឱ្យ​ការ​ផ្គត់​ផ្គង់​ប្រេង​មាន​បញ្ហា​ផង​ដែរ​។

បញ្ហា​ប្រេង​ឡើង​ថ្លៃ​ជា​ចំណុច​ស្លាប់​រស់​ដែល​ពល​រដ្ឋ​អាមេរិកាំង​ក្នុង​នាម​ជា​ម្ចាស់​ឆ្នោត​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​នៅ​ពេល​ពួកគេ​ទម្លាក់​សន្លឹក​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​នា​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​​។ អ្នក​សារ​ព័ត៌​មាន​បាន​សាក​សួរ​លោក​ដូណាល់​ត្រាំ​ថា​តើ​លោក​បាន​ជជែក​គ្នា​ជា​មួយ​លោក​ហ្សេឡិនស្គី​ដែរ​ឬ​ទេ​បន្ទាប់​ពី​លោក​ទើប​តែ​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​ជា​មួយ​លោក​ពូទីន​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ លោក​ត្រាំ​ឆ្លើយ​តប​ដោយ​អំពាវ​នាវ​ឱ្យ​លោក​ហ្សេឡិនស្គី​ផ្អាក​វាយ​ប្រហារ​រុស្ស៊ី​​។

លោក​ថា​លោក​ហ្សេឡិនស្គី​ត្រូវ​តែ​ធ្វើ​រឿង​មួយ​គឺ​ឈប់​វាយ​ប្រហារ​ទី​តាំង​ប្រេង​របស់​រុស្ស៊ី​។ លោក​ថ្លែង​បន្ត​ទៀត​ថា​យើង​បាន​និយាយ​ជា​មួយ​លោក​ហ្សេឡិនស្គី​អំពី​បញ្ហា​នេះ​។ មាន​គោល​ដៅ​ជា​ច្រើន​ដែល​ត្រូវ​វាយ​ប្រហារ​។ សូម​​​តែកុំ​​វាយ​ប្រហារ​ប្រេង​ទៅ​បាន​ហើយ​ព្រោះ​វា​បង្ក​បញ្ហា​ច្រើន​ណាស់​ បង្ក​បញ្ហា​សម្រាប់​ពិភព​លោក​ទាំង​មូល​។ យោង​តាម​របាយ​ការណ៍​ដែល​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​ដោយ​ទី​ភ្នាក់​ងារ​ថាម​ពល​អន្តរ​ជាតិ​ អត្រា​នាំ​ចេញ​ប្រេង​ម៉ាស៊ូត​ និង​សាំង​ពី​ឈូង​សមុទ្រ​ពែក្ស​កាល​ពី​ខែ​សីហា​មាន​ចំនួន​ត្រឹម​តែ​ជាង​​២៥%​ប៉ុណ្ណោះ​បើ​ប្រៀប​ធៀប​នឹង​បរមាណ​នាំ​ចេញ​កាល​ពី​មុន​ពេល​ផ្ទុះ​សង្គ្រាម​អ៊ីរ៉ង់​៕ ប្រភព៖ AP​