សង្ស័យឆ្លងចរន្តអគ្គិសនី! ករណីឆេះរោងចក្រគ្រោងបើកដំណើរការមួយកន្លែង នៅស្រុកគងពិសី
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ រោងចក្រគ្រោងបើកដំណើរការមួយកន្លែង មិនទាន់មានកម្មករចូលបំពេញការងារនោះទេ ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់ សង្ស័យឆ្លងចរន្តអគ្គិសនី។
ហេតុការណ៍ឆាបឆេះរោងចក្រ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ស្ពឺ ស្ថិតនៅក្នុងភូមិអូតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឱ្យដឹងថា ភ្លាមៗបន្ទាប់ពីមានករណីអគ្គីភ័យឆាបឆេះ កម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺ បានចុះជួយអន្តរាគមន៍ យករថយន្ដពន្លត់អគ្គិភ័យរបស់អង្គភាពអធិការដ្ឋាននគរបាលស្រុកគងពិសី និងស្រុកសំរោងទង រថយន្ដពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានចេញទៅជួយអន្ដរាគមន៍ករណីគ្រោះអគ្គិភ័យនេះ។ មូលហេតុនៃការឆាបឆេះរោងចក្រខាងលើនេះមកពីឆ្លងចរន្ដអគ្គិសនី បណ្ដាលឱ្យមានការឆេះខូចខាតសម្ភារៈក្នុងឃ្លាំងមួយចំនួនផងដែរ ទំហំទឹកប្រាក់មិនទាន់អាចសន្និដ្ឋានបាននោះទេ។
លោកវរសេនីយ៍ឯក ស្រី សុខម៉ុល នាយការិយាល័យបង្ការពន្លត់អគ្គិភ័យខេត្តកំពង់ស្ពឺ បានឲ្យដឹងថា អគាររោងចក្រដែលត្រូវអគ្គិភ័យឆាបឆេះ ជារោងចក្រទើបសាងសង់ មិនទាន់មានកម្មករធ្វើការនោះទេ ។ បើតាមការសន្និដ្ឋានដំបូង ការឆេះនេះអាចបណ្ដាលមកពីការឆ្លងចរន្ដអគ្គិសនី ។ រហូតដល់វេលាម៉ោងជាង៣រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលជំនាញ បានបាញ់ទឹកពន្លត់គ្រប់គ្រងស្ថានការបានទាំងស្រុងហើយ ដោយមិនមានការរាលដាលទៀតទេ៕




ចែករំលែកព័តមាននេះ