ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិមាន​ក្រឹម​ឡាំង​​គាំទ្រ​សំណើ​របស់​ត្រាំ​ដែល​ចង់​ឱ្យ​អ៊ុយ​ក្រែន​ផ្អាក​វា.យ​ប្រ.ហារ​ទី​តាំង​ផលិត​ប្រេង​ម៉ាស៊ូត​រុស្ស៊ី

1 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ វិមាន​ក្រឹម​​ឡាំង​កាល​ពី​យប់​មិញ​បាន​ប្រកាស​ស្វាគមន៍​យ៉ាង​មហោ​ឡារិក​ចំពោះ​ការ​អំពាវ​នាវ​របស់​លោក​ដូណាល់​ត្រាំ​ដែល​ស្នើ​សុំ​ឱ្យ​អ៊ុយ​ក្រែន​ផ្អាក​វាយ​ប្រហារ​ទី​តាំង​ផលិត​ប្រេង​ម៉ាស៊ូត​របស់​រុស្ស៊ី​។ កាល​ពី​ថ្ងៃ​អាទិត្យ​ លោក​ត្រាំ​អំពាវ​នាវ​ឱ្យ​​លោក​ហ្សេឡិនស្គី​ឈប់​វាយ​ប្រហារ​ទី​តាំង​ប្រេង​ម៉ាស៊ូត​រុស្ស៊ី​ព្រោះ​បណ្ដាល​ឱ្យ​បរិមាណ​ប្រេង​ម៉ាស៊ូត​កាន់​តែ​តិច​ទៅ​ៗ​ ហើយ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ទី​ផ្សារ​ពិភព​លោក​។ សកម្ម​ភាព​វាយ​ប្រហារ​ដោយ​ប្រើ​ប្រាស់​ដ្រូន​របស់​អ៊ុយ​ក្រែន​ទៅ​លើ​រោង​ចក្រ​ចម្រាញ់​ប្រេង​រុស្ស៊ី​នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ធ្វើ​ឱ្យ​រុស្ស៊ី​ថយ​ចុះ​​សមត្ថ​ភាព​ផលិត​ប្រេង​​ ហើយ​ធ្វើ​ឱ្យ​រុស្ស៊ី​ខ្វះ​ខាត​ប្រេង​ឥន្ធ​នៈ​សម្រាប់​ប្រើ​ប្រាស់​ រួម​ទាំង​សាំង​ផង​ដែរ​។

អ៊ុយ​ក្រែន​អះ​អាង​ថា​ការ​វាយ​ប្រហារ​រោង​ចក្រ​ប្រេង​រុស្ស៊ី​ធ្វើ​ឱ្យ​ប្រទេស​នេះ​បង់​នូវ​តម្លៃ​ដ៏​ខ្ពស់​ចំពោះ​អំពើ​ឈ្លាន​ពាន​របស់​ពួក​គេ​​មក​លើ​អ៊ុយ​ក្រែន​។ ​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ប៉េស្កូស ថ្លែង​ថា​លោក​ស្វាគមន៍​ជា​និច្ច​រាល់​ការ​អំពាវ​នាវ​ឱ្យ​​រដ្ឋាភិបាល​ទី​ក្រុង​កៀវ​ឈប់​វាយ​ប្រហារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស៊ីវិល​។ ប្រភព​ខ្លះ​ឱ្យ​ដឹង​ថា​ប្រទេស​រុស្ស៊ី​ខ្វះ​ខាត​សាំង​នៅ​តំបន់​ជា​ច្រើន​​។ បញ្ហា​ខ្វះ​ខាត​នេះ​ធ្វើ​ឱ្យប៉ះ​ពាល់​សតិ​អារម្មណ៍​របស់​ប្រជា​ជន​ ខណៈ​ដែល​ការ​បោះ​ឆ្នោត​សភា​នៅ​រុស្ស៊ី​កាន់​តែ​កៀក​មែន​ទែន​ហើយ​នៅ​សល់​តែប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​រៀប​ចំ​ចាប់​ពី​ថ្ងៃ​ទី​១៨-២០ ខែ​កញ្ញា​។ លោក​ប៉េ​ស្កូស​ថ្លែង​ថា​វិបត្តិ​នៃ​ការ​ផ្គត់​ផ្គង់​ថាម​ពល​ (ប្រេង និង​ហ្គាស) ទៅ​កាន់​ទី​ផ្សារ​ពិភព​លោក​​គឺ​បណ្ដាល​មក​ពី​បញ្ហា​អស្ថិរ​ភាព​ និង​ការ​ផ្ទុះ​សង្គ្រាម​កាន់​តែ​ខ្លាំង​នៅ​តំបន់​ឈូង​សមុទ្រ​ពែក្ស​។ លោក​អះ​អាង​ថា​រុស្ស៊ី​ត្រូវ​តែ​បិទ​ការ​នាំ​ចេញ​ប្រេង​ម៉ាស៊ូត​ដើម្បី​ជួយ​លើក​ស្ទួយ​ទី​ផ្សារ​ក្នុង​ស្រុក​។

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​ដូណាល់​ត្រាំ និង​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ហ្សេ​ឡិន​ស្គី​ហាក់​ដូច​ជា​មិន​ជំ​ទាស់​នោះ​ទេ​។ លោក​ថា​អ៊ុយ​ក្រែន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ផ្អាក​វាយ​ប្រហារ​ចូល​ទឹក​ដីរុស្ស៊ី​។ សំខាន់​ឱ្យ​តែ​ក្រុម​ប្រទេស​សម្ព័ន្ធ​មិត្ត​​ផ្ដល់​ការ​ធានា​ថា​រុស្ស៊ី​ឈប់​វាយ​​ប្រហារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់​ៗ​របស់​អ៊ុយ​ក្រែន​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​លោក​ត្រាំ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​រុស្ស៊ី និង​អ៊ុយ​ក្រែន​យល់​ព្រម​ឈប់​វាយ​ប្រហារ​ទី​តាំង​ថាម​ពល​គ្នា​ទៅ​វិញ​ទៅ​មក​។ ប៉ុន្តែ​លោក​មិន​បាន​ផ្ដល់​សេចក្ដី​លម្អិត​ដើម្បី​គាំទ្រ​អំណះ​អំណាង​របស់​លោក​ទេ​។

លោក​ត្រាំ​កំពុង​តែ​បារម្ភ​មិន​តិច​នោះ​ទេ​ចំពោះ​បញ្ហា​ប្រេង​ឡើង​ថ្លៃ​ព្រោះ​វា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​អារម្មណ៍​របស់​ពល​រដ្ឋ​អាមេរិកាំង​ដែល​ជា​ម្ចាស់​ឆ្នោត​មុន​ការ​បោះ​ឆ្នោត​សភា​នា​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។ លោក​អះ​អាង​ថា​សង្គ្រាម​អ៊ុយ​ក្រែន​ជា​កត្តា​ធំ​បំផុត​ដែល​ធ្វើ​ឱ្យ​ប្រេង​ឡើង​ថ្លៃ​។ ចំណែក​សង្គ្រាម​អុីរ៉ង់​លោក​អះ​អាង​ថា​មិន​មាន​ចំណែក​នៅ​ក្នុង​រឿង​នេះ​ទាល់​តែ​សោះ​។ ​នៅ​ក្នុង​ការ​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​របស់​លោក​ ហ្សេ​ឡិន​ស្គី​សរ​សេរ​រៀប​រាប់​ថា​ក្រុម​ប្រទេស​ជា​ដៃ​គូ​គួរ​តែ​ជំរុញ​ឱ្យ​មាន​បទ​ឈប់​បាញ់​។ លោក​ថា​ ទី​តាំង​ផលិត​ថាម​ពល​របស់​អ៊ុយ​ក្រែន​ កំពង់​ផែ កន្លែង​ព័ស្តុភារ​ ស្បៀង​អាហារ និង​ឃ្លាំង​​ស្តុក​ទុក​គ្រឿង​បរិក្ខារ​ពេទ្យ​​សុទ្ធ​តែ​ជា​គោល​ដៅ​នៃ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​ជា​រៀង​រាល់​ថ្ងៃ​។ ​លោក​ទាម​ទារ​ឱ្យ​​​បញ្ឈប់​​​សង្គ្រាម​នៅ​ក្នុង​ពេល​នេះ​។ ជា​ដំណាក់​កាល​ដំបូង​ ត្រូវ​បញ្ឈប់​ការ​វាយ​ប្រហារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់​ៗ​៕ ប្រភព៖ Reuters និង​ AP​