ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ២ខ្នងនៅស្រុកស្វាយលើ ​ខូចខាតអស់​រាប់ម៉ឺនដុល្លារ​

1 ម៉ោង មុន
  • សៀមរាប

​ខេត្តសៀមរាប ៖ ករណីអគ្គិភ័យបានកើតឡើង កាលពីវេលាម៉ោង០៥​ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ និងបានរលត់ទាំងស្រុងទៅវិញនៅម៉ោង០៦:៣០ព្រឹកថ្ងៃខែឆ្នាំដដែល ស្ថិត​នៅចំណុចភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។

យោងតាមប្រសាសន៍របស់លោក អៀង ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកស្វាយលើបានឱ្យដឹងថា គ្រោះ​អគ្គិភ័យនេះ បណ្តាលមកពី​ការឆ្លងចរន្តអគ្គិសនី ដោយបានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន​២ខ្នង និងរងការខូចខាតធ្ងន់ធ្ងរ។

​លោកបន្តថា ក្នុងប្រតិបត្តិការបាញ់ទឹកពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់​សរុបចំនួន៣គ្រឿង និងអស់ទឹកចំនួន​៤រថយន្តដែលរួមមាន រថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ ចំនួន១គ្រឿង ។ រថយន្តពន្លត់អគ្គិ​ភ័យ​នៃអធិ​ការ​ដ្ឋាននគរបាលស្រុកសូទ្រនិគម​ចំនួន​១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលក្រុងរុនតាឯក​តេជោសែន​១​គ្រឿង ។

បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ គ្រោះអគ្គិភ័យនេះ បើគិតជាទឹកប្រាក់សរុប (រួមទាំងផ្ទះ និងសម្ភារក្នុងផ្ទះ) គឺអស់ជាង​១ម៉ឺនដុល្លារអាមេរិក និងផ្ទះទី២ អស់ជិត១ម៉ឺនដុល្លារអាមេរិក ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។