ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែសីហា សមត្ថកិច្ច​បោសសម្អាត​ទីតាំង Online Scams សេស​សល់​តូច​ៗ ៨៥​កន្លែង និង​ឃាត់ខ្លួន​ជនសង្ស័យ​ជាង១​ពាន់​នាក់

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​នៅ​ក្នុង​ប្រតិបត្តិការ​ពេញ​មួយ​ខែសីហា ឆ្នាំ​២០២៦ ​មកនេះ កម្លាំង​សមត្ថកិច្ច​នៃ​ក្រសួងមហាផ្ទៃ​ បាន​បន្ត​ចុះ​បង្ក្រាប​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ទ្រង់ទ្រាយ​តូច​ៗ នៅ​សេសសល់​ចំនួន​៨៥​កន្លែង។

ប្រតិបត្តិការ​នេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​១.២៥៥​នាក់ ស្មើនឹង១៣​សញ្ជាតិ មាន​ជា​អាទិ៍ ចិន៧៣២​នាក់, វៀតណាម​៣២៣​នាក់, ខ្មែរ​៩៤​នាក់, ថៃ៥៣​នាក់, ឥណ្ឌូ​នេ​ស៊ី២៤​នាក់, មី​យ៉ា​ន់​ម៉ា​៩​នាក់, នេ​ប៉ា​ល់​៤​នាក់, ម៉ា​ឡេ​ស៊ី​៤​នាក់, ឥណ្ឌា៣​នាក់, ប៉ា​គី​ស្ថាន៣​នាក់, បង់​ក្លា​ដេ​ស៣​នាក់, កូរ៉េ២​នាក់ និង​ឡាវ​១​នាក់ ។ នេះ​បើ​តាម​របាយការណ៍​អគ្គស្នងការ​ដ្ឋាន​​នគរបាល​ជាតិ​។

ក្នុង​រយៈពេល​ដូច​គ្នា​នោះ​ដែរ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​អនុវត្ត​នីតិវិធី​បណ្ដេញចេញ​​ជនបរទេស​ល្មើសច្បាប់​សរុប​២.០០៥​នាក់ (ស្រី​៣២០​នាក់) មាន៣២​សញ្ជាតិ ក្នុង​នោះ ពាក់ព័ន្ធ​នឹង Online Scams មាន​៥៧៤​នាក់ (ស្រី​១១​នាក់) ស្មើនឹង​១១​សញ្ជាតិ​ ។

ក្នុង​ចំណោម​ជនបរទេស​​ដែល​ត្រូវ​បណ្ដេញចេញ​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​សហការ​ជាមួយ​ស្ថានទូត​ចិន ដោយ​បណ្ដេញចេញ​តាម​ជើង​យន្តហោះ​ពិសេស​ចំនួន​៣​លើក សរុប​​៤៧៣​នាក់ ស្រី​២០​នាក់ ក្នុង​នោះ ពាក់ព័ន្ធ​នឹង Online Scams ២២៨​នាក់​ ។

នៅ​ក្នុង​ខែសីហា​ដដែល​នោះ សមត្ថកិច្ច​ក្រសួងមហាផ្ទៃបាន​ចុះ​ត្រួតពិនិត្យ​រដ្ឋ​បាលតា​ម​បណ្ដា​គោលដៅ៣.៦៥៧​ទីតាំង មាន​មនុស្ស​សរុប​១៧.៨៣៤​នាក់ និង​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​លើ​ដងផ្លូវ សមត្ថ​កិច្ច​បាន​ពិនិត្យ​ឃាត់​យានយន្ត​ដែល​សង្ស័យសរុប​ចំនួន២៦៩​លើក មនុស្ស​ចំនួន២.៧៦៣​នាក់​ ។

ការ​ចុះ​អនុវត្ត​នេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​ទប់ស្កាត់​ដំណើរ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​​មួយ​របស់​ពួក​ឧក្រិដ្ឋជន ក្នុង​គ្រា​ដែល​កម្លាំង​មាន​សមត្ថកិច្ច បាន​និង​កំពុង​ប្រើ​កណ្ដាប់​ដៃ​ដែក​វាយ​កម្ទេច និង​បោស សម្អាត​បទល្មើស​នេះ​ដោយ​មិន​ដក​ដៃ​។

ប្រភព​បាន​លើក​ឡើង​ថា ក្នុង​ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ច​ក៏​បាន​រក​ឃើញ និង​ផាកពិន័យ​​ម្ចាស់ និង​អ្នកគ្រប់គ្រង​ទីតាំង​ដែល​ល្មើស​នឹង​អនុក្រឹត្យ​លេខ​០៣សរុប​ជា​ទឹកប្រាក់ ៨២២.២៤០.០០០​រៀល​ ក្នុង​នោះ​ ផាកពិន័យ​តាម​មាត្រា​១៩ សរុប​ទឹកប្រាក់ ១.២០០.០០០​រៀល និង​ផាកពិន័យ​តាម​មាត្រា​២០​សរុប​ទឹកប្រាក់ ៨២១.០៤០.០០០ រៀល​ ។

អនុក្រឹត្យ ស្ដី​ពី​ការ​គ្រប់គ្រង​សន្តិសុខ​សុវត្ថិភាព​តាម​ទីតាំង​រស់នៅ​ប្រមូលផ្ដុំ ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រកាស​អនុវត្ត​កាលពី​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៦ មាន​គោលដៅ​ធានា​ដល់​សន្តិសុខ សុវត្ថិភាព​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ​ ។ មាត្រា​១៩ នៃ​អនុក្រឹត្យ បាន​កំណត់​ថា ម្ចាស់​ទីតាំង ឬ​អ្នកគ្រប់គ្រង​ទីតាំង​រស់នៅ​ប្រមូលផ្តុំ ដែល​ធ្វេសប្រហែស​ខក​ខានមិនបាន​បំពេញ​​កាតព្វកិច្ច ដូច​មាន​ចែង​ក្នុង​មាត្រា​១៦​នៃ​អនុក្រឹត្យ ត្រូវ​ផាក​ពិ​ន័ យ​ជា​ប្រាក់​ចំនួន​៤០០.០០០​រៀល ដោយ​មិន​ទាន់​គិតដល់​ព្យសនកម្ម​ដែល​កើតឡើង​ពី​ការ​ធ្វេសប្រហែស​នេះ​ឡើយ​ ។

ដោយឡែក តាម​មាត្រា​២០ នៃ​អនុក្រឹត្យ​ដដែល បាន​ចែង​ថា ម្ចាស់​ទីតាំង ឬ​អ្នកគ្រប់គ្រង​ទីតាំង​រស់នៅ​ប្រមូលផ្តុំ ដែល​មាន​ចេតនា​លាក់បាំង និង​អនុញ្ញាត ឱ្យ​ជនបរទេស​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​ខុសច្បាប់ ស្នាក់​នៅ​ក្នុង​ទីតាំង​ស្ថិត​នៅ​ក្រោម​ការ​ទទួលខុសត្រូវ​របស់​ខ្លួន ត្រូវ​ផាក​ពិ​ន័​យ​ជា​ប្រាក់​ចំនួន​៤.០០០.០០០​រៀល សម្រាប់​ជនបរទេស​ម្នាក់​ដោយ​មិន​ទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ដែល​បាន​កំណត់​ក្នុង​ច្បាប់​ជា​ធរមាន ​៕