លោកឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល បានជំរុញឲ្យមន្ត្រីនៅក្នុងក្រសួងពង្រឹងសេវាកម្ម និងគុណភាព នៅច្រកចេញចូល របស់ក្រសួង ។ លោករដ្ឋមន្ត្រីបានលើកឡើងថា ច្រកចេញចូលតែមួយត្រូវមានភាពសាមញ្ញ ឆាប់រហ័ស តម្លាភាព ឌីជីថល និងសមាហរណកម្ម ។

លោករដ្ឋមន្ត្រី បានណែនាំ និងផ្តល់អនុសាសន៍ដល់មន្ត្រីបម្រើការងារច្រកចេញចូលតែមួយឲ្យបង្កើនគុណភាពការបម្រើសេវាជូនអតិថិជនឱ្យទទួលសេវាឱ្យកាន់តែឆាប់រហ័ស មានទំនុកចិត្ត កាត់បន្ថយភាពយឺតយ៉ាវក្នុងការផ្តល់សេវា និងព្យាយាមពន្យល់រាល់កិច្ចការងារ និងតម្រូវការឱ្យបានច្បាស់លាស់ជូនសាធារណៈជន និងការទទួលបដិសណ្ឋារកិច្ចដោយការស្នាមញញឹម និងឥរិយាបថល្អ ។

បន្ថែមពីនេះលោកក៏បានរំលឹកជូនមន្ត្រីច្រកចេញចូលថា រាល់ឯកសារស្នើសុំដែលទទួលបានត្រូវបញ្ជូនឱ្យបានលឿន ព្រមទាំងការតាមដានឱ្យបានច្បាស់លាស់ពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត ជាពិសេសនោះ គឺតម្លៃសេវាត្រូវគោរពទៅតាមគោលការណ៍ដែលបានកំណត់ ។
លោកបានណែនាំ ដល់មន្ត្រីច្រកចេញចូល ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ហើយក្រសួងគ្រោងនឹងរៀបចំដាក់ឱ្យប្រើប្រាស់ការស្នើសុំសេវាសាធារណៈ និងការបង់ប្រាក់តាមប្រព័ន្ធ Online ដើម្បីផ្តល់ភាពងាយស្រួល និងកាត់បន្ថយពេលវេលារបស់សាធារណៈនាពេលខាងមុខ ៕




ចែករំលែកព័តមាននេះ