ឆេះបន្ទប់ជាន់ទី១ នៃអគារកម្ពស់៦ជាន់ នៅក្រុងប៉ោយប៉ែត
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ អគារកម្ពស់៦ជាន់ ដោយជាន់ផ្ទាល់ដីបិទទ្វារចាក់សោ មានដាក់ស្លាកផ្ទះជួល ត្រូវបានអគ្គិភ័យឆាបឆេះបន្ទប់ជាន់ទី១ ដោយមិនដឹងមូលហេតុ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
នៅពេលមានអគ្គិភ័យឆាបឆេះបន្ទប់ជាន់ទី១ នៃអគារខាងលើ គេសង្កេតឃើញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងបានចុះមកជួយអន្តរាគមន៍ និងកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធា បានជួយពន្លត់ទាន់ពេល ប៉ុន្តែបណ្តាលឱ្យឆេះខូចខាតសម្ភារ១បន្ទប់ ដែលគ្មានអ្នករស់នៅ។
កម្លាំងពន្លត់អគ្គិភ័យបានឱ្យដឹងថា អគារកម្ពស់៦ជាន់ ដែលអគ្គិភ័យឆាបឆេះនៅបន្ទប់ជាន់ទី១ គឺអគារនោះត្រូវបានម្ចាស់ចាក់សោបិទទ្វារចោល ដោយដាក់ស្លាកផ្ទះជួល លុះពេលមានអគ្គិភ័យកើតឡើង ម្ចាស់បានចាក់សោបើកទ្វារផ្ទះ ដើម្បីឱ្យកម្លាំងអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេល ប៉ុន្តែបណ្តាលឱ្យឆាបឆេះខូចខាតសម្ភារ១បន្ទប់។
កម្លាំងជំនាញបានបញ្ជាក់ថា បើតាមម្ចាស់អគារខាងលើបានឱ្យដឹងថា អគារត្រូវបានបិទបារ៉ែតភ្លើង និងចាក់សោទ្វារ ដាក់ស្លាកផ្ទះជួល មិនទាន់មានអ្នកជួលចូលទៅរស់នៅឡើយទេ មិនដឹងមូលហេតុអីទេ ស្រាប់តែមានអគ្គិភ័យឆាបឆេះទៅវិញ ។
ក្រោយការអន្តរាគមន៍ពន្លត់ហើយ កម្លាំងបានចូលទៅពិនិត្យដែរ តែមិនដឹងពីមូលហេតុដែលបង្កឱ្យមានអគ្គិភ័យឆាបឆេះនៅឡើយទេ និងបណ្តាលឱ្យខូចខាតសម្ភារ១បន្ទប់ ហើយរថយន្តពន្លត់អគ្គិភ័យ២គ្រឿងចុះមកជួយអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់១រថយន្ត ៕




ចែករំលែកព័តមាននេះ