ដឹកឈើតាមម៉ូតូដូចស្រមោចជញ្ជូនស្ករទៅស្រុកវៀតណាម អត់ទប់ស្កាត់ទេ ទោះបីដួលម៉ូតូឈើសង្កត់ស្លា.ប់ក្តី
- រតនគិរី
ខេត្តរតនគិរី ៖ អ្នកប្រកបរបរដឹកជញ្ជូនឈើតាមម៉ូតូ ដើម្បីបានកម្រៃចិញ្ចឹមជីវិតគ្រួសារដែលមានជីវភាពខ្វះខាតផងនោះ ពេលនេះស្រាប់តែជួបគ្រោះអកុសលក្នុងស្ថានភាពផ្លូវកោង ហើយរអិលក៏ដួលម៉ូតូត្រូវឈើសង្កត់ពីលើ បណ្តាលឱ្យស្លាប់ភ្លាមមួយរំពេច ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូកែច្នៃមួយគ្រឿងដឹកគល់ឈើយ៉ាងធំ ហើយសង្កត់បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗនោះ បានកើតឡើងនៅវេលាម៉ោង៩ និង១៥នាទីព្រឹកនៅថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២៦ ស្ថិតត្រង់ចំណុចផ្លូវលំស្ថិតក្នុងភូមិឡុំ ឃុំប៉ក់ញ៉ែ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ គ្លាន ពោល ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចារាយ រស់នៅភូមិសោមត្រក ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ ហើយជនរងគ្រោះមានប្រពន្ធឈ្មោះ សេវ ផត អាយុ២៧ឆ្នាំ ជនជាតិចារាយ មានកូនក្នុងបន្ទុកពីរនាក់ ទាំងនៅក្នុងផ្ទៃម្នាក់ទៀតផងដែរ ។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដឹកគល់ឈើ ហើយដួលម៉ូតូស្លាប់មនុស្សម្នាក់នោះ គឺចេញពីភូមិសោមត្រក ឆ្ពោះទៅច្រករបៀង ភូមិឡុំឃុំបកញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ចូលទៅប្រទេសវៀតណាម ។ តែគ្រោះអកុសល្យក៏ជួបគ្រោះថ្នាក់តាមផ្លូវជិតដល់ច្រករបៀងនោះតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ច និងលោកមេភូមិបានចុះទៅសួរនាំអំពីហេតុការណ៍ រួចក៏នាំយកម៉ូតូទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាល រង់ចាំសម្រួលដោះស្រាយតាមក្រោយ ។ ចំណែកឯសាកសពត្រូវសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច ។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិឡុំបានឱ្យដឹងថា ទោះជាមានករណីដឹកឈើតាមម៉ូតូ ហើយដួលសង្កត់លើរហូតដល់ស្លាប់យ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចនៅតែបើកផ្លូវឱ្យមានម៉ូតូជាច្រើនគ្រឿង សម្រុកដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងដដែល ដោយពុំមានការបង្ក្រាប ឬទប់ស្កាត់នោះទេ ពោលគឺសម្រុកដឹកលើសដើម ទំនងបានផលប្រយោជន៍ ដោយចោរដឹកឈើផង និងខ្លាចក្រោយលេចឮមានគ្រោះថ្នាក់ម៉ូតូដឹកឈើដួលស្លាប់មនុស្សអាចនឹងមានបទបញ្ជាថ្នាក់លើតឹងរឹងឈានដល់ទប់ស្កាត់ និងការបង្ក្រាបដែលនាំឱ្យខាតលាភទៅថ្ងៃក្រោយ ។
តែទោះជាយ៉ាងណា ក៏មជ្ឈដ្ឋានជុំវិញកំពុងរង់ចាំមើលទៅថ្ងៃបន្ទាប់ៗទៀត មានការទប់ស្កាត់បង្ក្រាបដែរឬទេ ព្រោះរបរនោះក៏ជារបរចិញ្ចឹមឆ្នាំងរបស់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ផងដែរ ប្រចាំការនៅក្នុងតំបន់នោះ ។
បើគ្មានចោរលួចកាប់ឈើដឹកទៅស្រុកវៀតណាមទេ ច្បាស់ជាស្ងួតឆ្នាំងបាយទេដឹង?…ហេ! ហេ!
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។

ចែករំលែកព័តមាននេះ