រាជធានីភ្នំពេញ ៖ ជនរងគ្រោះដោយសារគ្រាប់បែកចង្កោមដោយសារការធ្វើសង្គ្រាមឈ្លានពានទឹកដីពីសំណាក់យោធាថៃបានបាញ់មកលើផ្ទះប្រជាពលរដ្ឋស្លូតត្រង់ បានកំពុងស្វែងរកយុត្តិធម៌ពីសហគមន៍អន្តរជាតិ ។

ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានលើកឡើងលើបណ្តាញសង្គមថា នៅថ្ងៃទី១៤-១៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅក្រុងវៀងចន្ទ ប្រទេសឡាវ មានរៀបចំសន្និសីទអន្តរជាតិ ស្តីពីការត្រួតពិនិត្យឡើងវិញនៃការអនុវត្តអនុសញ្ញាហាមឃាត់ ការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាច្បាប់អន្តរជាតិ ហើយច្បាប់នេះបានចូលជាធរមាន តាំងពីខែកញ្ញា ឆ្នាំ២០១០មកម្លេះ ដោយមានរដ្ឋភាគីចំនួន១២៣ប្រទេស ។

ឯកឧត្តមបានលើកឡើងថា ប្រទេសកម្ពុជា និងប្រទេសថៃ មិនមែនរដ្ឋភាគី ប៉ុន្តែកម្ពុជាបានគោរពយ៉ាងភ្ជាប់ភ្ជួនតាមខ្លឹមសារនៃការហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម ដោយឡែកភាគីថៃបានប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងច្រើន និងឃោរឃៅព្រៃផ្សៃមកលើកងទ័ព និងជនស៊ីវិលកម្ពុជា ដោយបានបាញ់ចំនួនប្រមាណ៦-៧លានគ្រាប់ តាមរយ:គ្រាប់កាំភ្លើងធំ ១៥៥មម ប្រមាណ១២០,០០០ ទៅ១៣០,០០០គ្រាប់ ។

អគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា សំណល់គ្រាប់បែកចង្កោមបានបង្កគ្រោះថ្នាក់ស្លាប់ និងរងរបួសដល់កុមារ និងប្រជាពលរដ្ឋស៊ីវិលនៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ។ បើតាមមេស៊ីម៉ាក់ថា ផ្អែកតាមលទ្ធផលស្រាវជ្រាវព័ត៌មានផលប៉ះពាល់ដោយសំណល់គ្រាប់បែកចង្កោម នៅ៣៣៥ភូមិ មានកំណត់ត្រាទីតាំងសំណល់គ្រាប់បែកចង្កោម ចំនួន៤.២៤៤ពហុកោណ ស្មើនឹង២៩៦.០៩៦ហិកតា ដែលជាដីលំនៅដ្ឋាន ដីភូមិដ្ឋាន ដីកសិកម្ម និងជាដីសេដ្ឋកិច្ចសង្គម ព្រមទាំងហេដ្ឋារចនាសម្ពន្ធរូបវន្តសង្គម ។ ដីរងផលប៉ះពាល់ទាំងនេះត្រូវប្រឈមមុខជាមួយគ្រាប់បែកចង្កោមប្រភេទM42, M46 និងM85 ទាំងពេលវេលាចំពោះមុខ និងទៅអនាគត ។

ជាមួយគ្នានោះដែរ អគ្គនាយកស៊ីម៉ាក់ក៏ បានឱ្យដឹងថា ជនរងគ្រោះទាំងអស់ រួមទាំងគ្រួសារអ្នកបានស្លាប់ រងរបួស និងអ្នករងគ្រោះប្រមាណជាង៩ម៉ឺនគ្រួសារមានក្តីសង្ឃឹម និងរង់ចាំយុត្តិធម៌ជាមួយសំណូមពរដោយទទូចឱ្យសហគមន៍អន្តរជាតិ ជាពិសេសរដ្ឋភាគីអនុសញ្ញាគ្រាប់បែកចង្កោម ថ្កោលទោសរដ្ឋាភិបាលថៃ និងទាហានថៃ ដែលបានប្រើប្រាស់គ្រាប់បែកចង្កោមមកលើកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥ និងស្នើសុំរួមគ្នាចាត់វិធានការឱ្យអ្នកប្រព្រឹត្តិ ប្រឆាំងច្បាប់អន្តរជាតិនៃការហាមឃាត់ប្រើប្រាស់គ្រាប់បែកចង្កោមនេះ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិមួយនេះជាដាច់ខាត ៕

ចែករំលែកព័តមាននេះ