ខេត្តកំពង់ឆ្នាំងត្រៀមបំពាក់អំពូលសូឡាតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីព្រំប្រទល់ខេត្តកំពង់ស្ពឺដល់ពោធិ៍សាត់
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ អំពូលភ្លើងបំភ្លឺដើរដោយពន្លឺព្រះអាទិត្យ ឬហៅថា សឡា ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំង បាននិងកំពុងរៀបចំផែនការបំពាក់និងដំឡើង នៅតាមបណ្តោយផ្លូវជាតិលេខ៥ ដោយគ្របដណ្តប់ចាប់ពីព្រំប្រទល់ខេត្តកំពង់ស្ពឺ រហូតដល់ព្រំប្រទល់ខេត្តពោធិ៍សាត់ ដើម្បីលើកកម្ពស់សោភ័ណភាព និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋធ្វើដំណើរនាពេលយប់ ។

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងតំណាងអគ្គិសនីកម្ពុជា រួមទាំងក្រុមការងារ បានចុះពិនិត្យការដាំបង្គោលសូឡា ដោយបញ្ជាក់ថា ការដាំអំពូលសូឡាបំភ្លឺផ្លូវនេះ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីព្រំប្រទល់ខេត្តកណ្តាល រហូតដល់ព្រំប្រទល់ខេត្តពោធិ៍សាត់ ក្នុង១បង្គោលមានប្រវែងចន្លោះ៥០ម៉ែត្រ និងគ្រោងអោយរួចរាល់មុនចូលឆ្នាំខ្មែរ ។ ដំណើរការនៃការដំឡើង និងបំពាក់អំពូលភ្លើងសឡារហូតមកដល់ពេលនេះអនុវត្តរួចរាល់បានចំនួន៥០បង្គោលហើយ ។

គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ រៀបចំឡើងក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតឡើងនាពេលយប់សម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមចំណែកលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងភូមិសាស្ត្រខេត្តទាំងមូល ។ ការប្រើប្រាស់ថាមពលសូឡានេះ មិនត្រឹមតែជួយសន្សំសំចៃថវិកាលើការប្រើប្រាស់អគ្គិសនីរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមចំណែកការពារបរិស្ថាន និងកាត់បន្ថយការភាយឧស្ម័នកាបូនផងដែរ ។

គួរបញ្ជាក់ផងដែរថា ការស្ថាបនា និងបំពាក់ប្រព័ន្ធភ្លើងបំភ្លឺផ្លូវនេះ គឺជាសមិទ្ធផលថ្មីមួយទៀតដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្តក្នុងការអភិវឌ្ឍតាមមូលដ្ឋាន។ ក្រោយពេលគម្រោងនេះបញ្ចប់ជាស្ថាពរ ផ្លូវជាតិលេខ៥ ដែលឆ្លងកាត់ខេត្តកំពង់ឆ្នាំង នឹងមានពន្លឺភ្លឺច្បាស់ផ្លាស់ប្តូរមុខមាត់ថ្មី ដែលជាកត្តាទាក់ទាញដល់ការវិនិយោគ និងសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ខេត្តឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់៕



ចែករំលែកព័តមាននេះ