ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមអ៊ុយក្រែន៖ លោក ហ្សេឡេនស្គី អះអាងពីការត្រៀម​ខ្លួន​កាត់បន្ថយជម្លោះ ប្រសិនបើរុស្ស៊ីធ្វើដូចគ្នា

2 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ​លោក​វ៉ូ​ឡូ​ឌី​មៀរ ​ហ្សេ​ឡេ​ន​ស្គី​ អះអាង​កាលពី​ថ្ងៃ​ទី​១៤​ កញ្ញា​ ថា អ៊ុយ​ក្រែ​ន​ត្រៀម​ចាត់បណ្ដា​វិធានការ​កាត់​បន្ថយ​ជម្លោះ​ ប្រសិនបើ​រុ​ស្ស៊ីធ្វើ​ដូច​គ្នា​នោះ​ដែរ​ ។ លោក​លើក​បែប​នេះ​ ដោយ​មិន​និយាយ​ពី​ការ​អះអាង​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​​ដែល​ថា ក្រុង​មូ​ស្គូ​ និង​ក្រុង​គៀវ ​បាន​យល់ព្រម​លែង​វាយប្រហារ បណ្ដា​ហេដ្ឋា រចនាសម្ព័ន្ធ​ថាមពល​គ្នា​ទៅ​វិញ​ទៅ​មក​ ។

លោក​ត្រាំ​ដែល​ចាប់តាំងពី​វិល​ចូល​សេត​វិមាន​វិញ​មក បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​អាជ្ញាកណ្ដាល ដើម្បី​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នោះ​អះអាង​ថា ក្រុង​គៀវ​បាន​យល់ព្រម​លែង​វាយប្រហារ បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​រុ​ស្ស៊ី ​និង​ថា ក្រុង​មូ​ស្គូ​ក៏​យល់ព្រម​លែង​វាយប្រហារ​បណ្ដា​គោលដៅ​ថាមពល​អ៊ុយ​ក្រែ​ន​ដែរ​ ។

ក្នុង​សង្កថា​ប្រចាំ​ថ្ងៃ​ផ្សាយ​តាម​បណ្ដាញ​សង្គម​លោក​ហ្សេ​ឡេ​ន​ស្គី​ថ្លែង​ថា ប្រសិនបើ​ដៃគូ​អា​មេ​រិ​ក​របស់​យើង ទទួល​បានការ​យល់ព្រម​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​រុ​ស្ស៊ី​បញ្ចប់សង្គ្រាម ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងច្រើន នោះ​អ៊ុយ​ក្រែ​ន​ក៏​នឹង​ចាត់​បណ្ដា​វិធានការ​បន្ថយ​ជម្លោះ​ដែរ​ ។ លោក​បន្ត​ទៀត​ថា ​សហរដ្ឋអាមេរិក​បាន​បង្ហាញ​សំណើ​ម៉ឺង​ម៉ាត់ ទាក់ទិន​នឹង​ការ​បញ្ឈប់​ទៅ​វិញ​ទៅ​មក ការ​វាយប្រហារ​ប្រឆាំង​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ ដែល​នោះ​អាច​ជា​ដំណាក់កាល​ដំបូង ឆ្ពោះទៅ​កាត់​បន្ថយ​ជម្លោះ នោះ​អ៊ុយ​ក្រែ​ន​ក៏​ត្រៀម​ធ្វើ​ដូច​គ្នា​នេះ​ដែរ​ ។ វិមាន​ក្រឹម​ឡាំង​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ក្នុង​ពេល​ភ្លាម​ៗ ពី​ការ​អះអាង​ទាំងនោះ​នៅ​ឡើយ​។

រុ​ស្ស៊ី ​និង​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ បាន​បង្កើន​ការ​វាយប្រហារ​គ្នា​ក្នុង​ចម្ងាយ​ឆ្ងាយ សំដៅលើ​ទីតាំង​ស៊ីវិល​កាន់តែ​ច្រើន​ដូច​ជា​រោងចក្រ បណ្ដា​ឃ្លាំង​ស្ដុក​ទំនិញ បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល កំពង់​ផែ និង​នាវា​នៅ​សមុទ្រ​ខ្មៅ​ ។ ការ​វាយប្រហារ​ទាំងនេះ​ បណ្ដាល​ឲ្យ​ជន​ស៊ី​​វិល​ស្លាប់​កាន់តែ​ច្រើន និង​បណ្ដាល​ឲ្យ​មាន​វិបត្តិ​ប្រេង​និង​ប៉ះពាល់​ខ្លាំង​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ធំ​ៗ​របស់​រុ​ស្ស៊ី ​។ នៅ​អ៊ុយ​ក្រែ​ន​វិញ​ ការ​វាយប្រហារ​នានា​របស់​រុ​ស្ស៊ី​ បណ្ដាល​ឲ្យ​ជាប់​គាំង​ដល់​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម ហើយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ឧស្សាហកម្ម​ស្លដែក​ និង​ការ​ផ្គត់ផ្គង់​ទំនិញ​។


ការ​វាយប្រហារ​របស់​រុ​ស្ស៊ី ក៏​បង្កើន​ផង​ដែរ​ ប្រឆាំង​បណ្ដាញ​ផ្លូវដែក​អ៊ុយ​ក្រែ​ន ដោយ​រថភ្លើង​អ៊ុ​ន​ក្រែ​ន​មួយ​រង​ការ​វាយប្រហារ នៅ​កន្លែង​មួយ​ស្ថិត​នៅ​ចម្ងាយ​ត្រឹម​២​គីឡូម៉ែត្រ​ ពី​ព្រំដែន​ប៉ូ​ឡូញ​សមាជិក​អូតង់​ ។ ម្យ៉ាងទៀត​ ពេល​កំពុង​មាន​ភាព​តានតឹង​ខ្លាំង រវាង​​អូតង់​ និង​រុ​ស្ស៊ី​​លើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន កង​យន្តហោះ​ប្រដេញ​អូតង់ បាន​បាញ់​ទម្លាក់​ដ្រូ​ន​មួយ​គ្រឿង​ដែល​ហោះ​រំលោភ​បំពាន​​ដែនអាកាស​លី​ទុ​យ​អា​នី​សមាជិក​អូតង់ ​៕