ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តស្ទឹងត្រែង គ្រោង​ធ្វើ​កំណាយ​អដ្ឋិធាតុ និង​បង្កើត​បូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ នៅ​ទីតាំង​មន្ទីរ​សន្តិសុខ​១០៤ «​ត្រពាំង​ចោងហោង​»

2 ម៉ោង មុន

ខេត្តស្ទឹងត្រែង ៖ រដ្ឋបាល​ខេត្តស្ទឹងត្រែង ដឹកនាំ​ដោយ​លោក សរ សុ​ពុ​ត្រា អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង នា​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៦ បាន​ចុះ​ពិនិត្យ​ទីតាំង​មន្ទីរ​សន្តិសុខ ១០៤ ត្រពាំង​ចោងហោង ដាក់​ក្រោម​ការ​គ្រប់គ្រង​វប្បធម៌ គ្រោង​ធ្វើ​កំណាយ​អដ្ឋិធាតុ និង​បង្កើត​បូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ ។

ដី​ប្រវត្តិសាស្ត្រ​ខាងលើ ជា​ប្រវត្តិ នៃ​ការ​ចង់​ចាំ ដែល​រំលេច​ដោយ​សោកនាដកម្ម​សម័យ​ខ្មែរក្រហម គឺ​បូជនីយដ្ឋាន​ចង​ចាំ​ឧក្រិដ្ឋកម្ម «​ត្រពាំង​ចោងហោង​» ឬ​មណ្ឌល​ឧក្រិដ្ឋកម្ម​ត្រពាំង​ចោងហោង (​មន្ទីរ​សន្តិសុខ ១០៤) ស្ថិត​ក្នុងភូមិ​រា​ជានុ​កូ​ល សង្កាត់​ក្រុង​ស្ទឹង​ត្រែង ក្រុង និង​ខេត្តស្ទឹងត្រែង ត្រូវ​បាន​រំដោះ​យក​មក​វិញ និង​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ផ្លូវការ​របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ។

យោង​តាម​ផេ​ក​ផ្លូវ​របស់​លោក សរ សុ​ពុ​ត្រា អភិបាល​ខេត្តស្ទឹងត្រែង ចេញផ្សាយ​នា​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៦ បានឱ្យ​ដឹង​ថា រដ្ឋបាល​ខេត្ត​បាន​ដាក់​លិខិត ផ្លូវការ​ទៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​ជំនាញ ចុះ​ធ្វើ​កំណាយ​រុករក​អដ្ឋិធាតុ​ជន​រង​គ្រោះ​ដែល​កប់​តាម​រណ្តៅ​នានា ក្នុង​បរិវេណ​បូជនីយដ្ឋាន​នេះ យក​ម​ក្សា​ទុក​ដោយ​ក្តី​គោរព និង​រៀបចំ​ពិធីបុណ្យ​កុសល​តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ។

បន្ថែម​ពីលើ​កិច្ចការ​រុករក​អដ្ឋិធាតុ រដ្ឋបាល​ខេត្តស្ទឹងត្រែង គ្រោង​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទីតាំង​នេះ​ជា​បន្តបន្ទាប់ (​ក្រោយ​កំណាយ​រួចរាល់​) ៖ ស្ថាបនា​ស្តូប​គោរព​វិញ្ញាណក្ខន្ធ ជន​រង​គ្រោះ​ក្នុង​របប​ប្រល័យពូជសាសន៍​កម្ពុជា​ប្រជាធិបតេយ្យ ។

កំណត់​ជាទី​តាំង​វេទិកា រៀបចំ​ទិវា​ជាតិ នៃ​ការ​ចង​ចាំ ២០ ឧសភា​។ ប្រែ​ក្លាយជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ ដើម្បី​រំលឹក​និង​បញ្ជ្រាប​ការ​យល់​ដឹង​ពី​សោកនាដកម្ម​។ បង្កើត​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ ប្រវត្តិសាស្ត្រ សម្រាប់​សាធារណជន និង​យុវជន​ជំនាន់​ក្រោយ ។

អ្នក​តាមដាន​ការងារ​ប្រវត្តិសាស្ត្រ​មើលឃើញ​ថា ការ​យកចិត្តទុកដាក់​រំដោះ និង​រៀបចំ​ទីតាំង​មន្ទីរ​សន្តិសុខ ១០៤ នេះ គឺជា​ជំហាន​គន្លឹះ​ក្នុង​ការ​ថែរក្សា​ភស្តុ​តាង​ប្រវត្តិសាស្ត្រ ផ្ដល់​កិត្តិយស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ និង​ពង្រឹង​សក្តានុពល​ទេសចរណ៍​ប្រវត្តិសាស្ត្រ​នៅ​ខេត្តស្ទឹងត្រែង​៕