រាជធានភ្នំពេញ ៖ ដើម្បីជួយសម្រួលដល់ការចំណាយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត «សមាគមមិត្តយើង» សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ (សសយក) ផ្តល់សេវាកម្មកាត់សក់ ដល់អ្នកដែលមានជីវភាពខ្វះខាតដោយពុំគិតប្រាក់ ។
សមាគមមិត្តយើង នៅថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២២ នេះបានបន្តយុទ្ធនាការ “សក់ និងសម្រស់របស់មិត្តយើង” ជាលើកទី៣ ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដើម្បីផ្តល់សេវាកម្មកាត់សក់ ដល់អ្នកដែលមានជីវភាពខ្វះខាត់ ដោយពុំគិតប្រាក់ ។
ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កញ្ញា ផាន់ សុនីតា ប្រធានសមាគមមិត្តយើង បានលើកឡើងថា នេះជាលើកទី៣ ហើយ ដែលសមាគមមិត្តយើង រៀបចំកម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” ការរៀបចំឡើងនេះ ក្នុងគោលបំណង ដើម្បីជួយដល់បងប្អូន ដែលមានជីវភាពខ្វះខាត និងកម្មករនិយោជិត នៃវិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការលំបាក ក្នុងការទទួលបាននូវសេវាកម្មមួយនេះ ពោលកម្មវិធីមួយនេះ គឺជាការឆ្លើយតបទៅនឹងចក្ខុវិស័យ វែងឆ្ងាយរបស់សមាគមមិត្តយើង ក្នុងការជួយលើកកម្ពស់កម្រិតជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។
កញ្ញា ផាន់ សុនីតា លើកឡើងថា ថ្ងៃនេះ សមាគមបាននាំក្រុមសាឡន និងហាងកាត់សក់ល្បីៗ នៅទីក្រុងភ្នំពេញ ក្នុងការផ្តល់នូវសេវាកម្ម កាត់សក់ជូនអ្នករកស៊ីក្រៅប្រព័ន្ធ និងអ្នកដែលមានជីវភាពខ្វះខាត ក្នុងគោលបំណងឲ្យពួកគាត់ទទួលបាននូវសេវាកម្មសក់ស្អាត ។
ប្រធានសមាគម បានឲ្យដឹងថា សមាគមមានកម្មវិធីសប្បុរសធម៌ជាច្រើន ក្នុងការជួយដល់អ្នក ដែលមានជីវភាពខ្វះខាត។កម្មវិធីបីលើកមកនេះ យើងបានផ្តល់ជូនសេវាកាត់សក់ ដល់បងប្អូន ដែលមានជីវភាពខ្វះខាតជាង ១ពាន់នាក់ ជាមួយគ្នានោះយើងមិនត្រឹមតែផ្តល់ការកាត់សក់ដល់ពួកគាត់ប៉ុណ្ណោះទេ តែយើងក៏មានកញ្ចប់ជំនួយ មានដូចជាអង្ករ និងសម្ភារមួយចំនួន ជូនដល់ពួកគាត់ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ ផងដែរ ដែលក្នុងកម្មវិធីបីលើកនេះ យើងបានផ្តល់កញ្ចប់ជំនួយនេះដល់ពួកគាត់អស់ប្រមាណជាង១ពាន់កញ្ចប់ នេះមិនរួចចូលសកម្មភាពផ្សេងៗ ដែលសមាគមយើងបានធ្វើកន្លងមកនោះទេ។
កញ្ញា បន្ថែមថា កម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” នេះផងដែរ ក៏មានការចូលរួមពីសំណាក់ម្ចាស់ហាងសាឡន និងហាងកាត់សក់ ក៏ដូចជាជាងសក់ជាង ៥០នាក់ តំណាងក្រុមហ៊ុន ដៃគូសហការរបស់សមាគមមិត្តយើង និងក្រុមយុវជនស្ម័គ្រចិត្តមិត្តយើង ក្នុងការផ្តល់នូវសេវាកម្មកាត់សក់ និងជួយសម្រួលជូនបងប្អូនកម្មករនិយោជិត នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានអញ្ជើញមកចូលរួមផ្ទាល់ក្នុងថ្ងៃនេះ ឲ្យទទួលបាននូវសេវាកម្ម សក់ស្អាត ។
សូមជម្រាបថា បន្ទាប់ពីផ្តល់សេវាកម្មកាត់សក់រួចរាល់ សមាគមមិត្តយើងក៏មានការចែកជា “កញ្ចប់ជំនួយមិត្តយើង” ដល់អ្នកមានកង្វះខាត និងកម្មករនិយោជិត នៃវិស័យសេដ្ឋ កិច្ចក្រៅប្រព័ន្ធ ដែលបានចូលរួមនាពេលនេះផងដែរ ដោយក្នុង ១នាក់ នឹងទទួលបានកញ្ចប់ជំនួយមិត្តយើង ១កញ្ចប់ ដើម្បីសម្រួលជីវភាពបន្ថែម ៕




ចែករំលែកព័តមាននេះ