រាជធានីភ្នំពេញ ៖ ចាស់ជរា និងជនពិការក្រីក្រចំនួន១០នាក់ បានទទួលនូវអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនពីអនុសាខាកាកបាទក្រហមខណ្ឌដង្កោ និងសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា ហើយក្នុងចំណោមជនក្រីក្រទាំង១០នាក់នោះ មានលោកយាយម្នាក់ជាទុរគតជនរស់នៅតែម្នាក់ឯងក្នុងខ្ទមដ៏តូចរខេករខាកមួយ ។ ដោយមើលឃើញពីទុក្ខលំបាកនេះ លោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោបានសន្យាថា នឹងជួយសាងសង់ផ្ទះ១ខ្នងជូនដល់លោកយាយរូបនោះ នាពេលឆាប់ៗខាងមុខនេះផងដែរ ។
ពិធីចែកអំណោយខាងលើនោះ ធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៣ ឧសភា ២០១២ នៅក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងព្រះតេជគុណសុវណ្ណជោតិ ខឹម សម្បត្តិ ចៅអធិការវត្តញាណរង្សី និងជាប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា ។ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកថេង សុថុល ប្រធានអនុសាខាកាកបាទក្រហម ខណ្ឌដង្កោ មន្ត្រីរាជការសាលាខណ្ឌដង្កោ និងអាជ្ញាធរសង្កាត់គងនយផងដែរ ។
អំណោយដែលនាំយកទៅចែកជូនដល់ចាស់ជរា និងជនពិការក្រីក្រ នាឱកាសនោះ អំណោយរបស់អនុសាខាកាកបាទក្រហមខណ្ឌដង្កោម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម មី១០កញ្ចប់ ត្រីខ៤កំប៉ុង ស្ករស២កញ្ចប់ តែ២កញ្ចប់ ទឹកដោះគោ១កំប៉ុង ចានស្រាក់១សម្រាប់ តង្កៀបចាប់ភ្លើង១ ចានដែកតូច១ និងថវិកាចំនួន១០ម៉ឺនរៀល ។ ដោយឡែកអំណោយរបស់សហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា ម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម មី១០កញ្ចប់ ទឹកដោះគោ២កំប៉ុង ត្រីខ២កំប៉ុង ទឹកត្រី២ដប ទឹកស៊ីអ៊ីវ២ដប ទឹកក្រូច២កំប៉ុង ស្ករស១គីឡូក្រាម តែ៤កញ្ចប់ និងថវិកាចំនួន៥ម៉ឺនរៀល ។
នៅក្នុងចំណោមជនចាស់ជរាពិការទាំង១០នាក់នោះមានលោកយាយម្នាក់ឈ្មោះកូវ ម៉ន អាយុ៧៨ឆ្នាំ រស់នៅក្នុងភូមិខាងលើ ជាទុរគតជនគ្មានសាច់ញាតិជាទីពឹងអាស្រ័យនឹងគេទេ សព្វថ្ងៃលោកយាយរស់នៅតែម្នាក់ឯងក្នុងខ្ទមតូចមួយយ៉ាងរខេករខាកគួរឱ្យអាសូរ ដោយឃើញទុក្ខលំបាកនោះ លោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោបានសន្យាថា នឹងសាងសង់ផ្ទះ១ខ្នងសមរម្យសម្រាប់ឱ្យលោកយាយស្នាក់នៅនឹងគេក្នុងពេលឆាប់ៗខាងមុខនេះ ។ លោកអភិបាលខណ្ឌបានថ្លែងឱ្យដឹងថា សព្វថ្ងៃនេះកាកបាទក្រហមកម្ពុជាដែលមានលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ជាប្រធានតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ហើយជានិច្ចកាលលោកជំទាវបានចុះជាប់ជាមួយប្រជាពលរដ្ឋដែលជួបការលំបាកផ្សេងៗ ដូចជាគ្រោះទឹកជំនន់ អគ្គិភ័យ និងព្យុះរលំផ្ទះ ជាពិសេសលោកជំទាវបានគិតគូរយ៉ាងខ្លាំងថែមទៀតដល់កងកម្លាំងប្រដាប់អាវុធរួមទាំងយោធិនពិការផងដែរ ។
លោកនុត ពុធដារ៉ា បានបន្តថា មិនតែប៉ុណ្ណោះលោកជំទាវប៊ុន រ៉ានីហ៊ុនសែន បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យមើលការខុសត្រូវពីជីវភាពប្រជាពលរដ្ឋដែលជួបការលំបាក ខ្វះខាត ដែលនេះគឺជាការគិតគូរមួយយ៉ាងខ្ពស់បំផុតសមដូចពាក្យស្លោកថា ទីណាមានការលំបាកទីនោះមានកាកបាទក្រហម ទីណាលំបាក ទីនោះមានលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ។ ដោយឡែកអំណោយរបស់អនុសាខាកាកបាទក្រហមខណ្ឌ និងសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា ដែលបាននាំយកមកចែកជូនដល់លោកយាយ លោកតាចាស់ជរាពិការ នាពេលនេះគឺជាការរួមចំណែកមួយផ្នែកក្នុងការងារកាកបាទក្រហម និងជាការអនុវត្តតាមប្រសាសន៍ណែនាំដ៏ថ្ងៃថ្លារបស់លោកជំទាវ ។
ព្រះតេជគុណខឹម សម្បត្តិ ចៅ អធិការវត្តញាណរង្សី និងជាប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាមានថេរដីកាថា កន្លងមកពុទ្ធសាសនិកតែងតែយកទេយ្យទានទៅប្រគេនព្រះសង្ឃនៅវត្តមិនសោកស្តាយឡើយ ។ ពេលនេះញាតិញោមជួបការខ្វះខាតបែបនេះ ព្រះអង្គត្រូវតែជួយទោះតិចក្តីច្រើនក្តី គឺជួយទៅតាមលទ្ធភាពក្នុងនាមមនុស្សធម៌ និងធ្វើទៅតាមគំរូដ៏ល្អប្រពៃរបស់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ទន្ទឹមនឹងនេះព្រះអង្គក៏សូមអំពាវនាវដល់គ្រប់វត្តអារាមគប្បីប្រកាន់នូវជំហរកាយវិការមនុស្សធម៌នេះផង ៕
ចែករំលែកព័តមាននេះ