នៅទីបំផុត នាយឆាង ទទួលបានការសន្ទោសដ៏ធំមួយ
- ភ្នំពេញ
ក្រោយការចុះផ្សាយជាបន្តបន្ទាប់របស់កម្មវិធី60ប៊ើស អំពីខ្សែជិវីតដ៏កម្សត់របស់តារាកំប្លែងគីឡូធ្ងន់នាយឆាង ស្រាប់តែថ្មីៗនេះតារាកំប្លែងមាឌយក្ស បានការសន្តោសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែន នូវកាដូដ៏កក់ក្តៅនេះ ។

ប្រាកដណាស់ នៅពេលដែលលោកអ្នកតស៊ូមិនចុះចាញ់ព្រហ្មលិខិតនោះអ្នកនឹងទទួលបាននូវសំណាង។ យ៉ាងណាមិញ ពាក្យចាស់ពោលថា «ទេវតាមានភ្នែក ជនណាខំប្រឹងនឹងទទួលបាននូវការសង្គ្រោះ»។ ជាក់ស្តែង នាយឆាយ ដែលកំពុងរងទុក្ខផ្ទួនៗ ពេលនេះត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជម្រកកក់ក្តៅមួយសម្រាប់រស់នៅ ។

តារាកំប្លែងពន្លកថ្មីទើបរះ នាយឆាង បានជួបការលំបាក រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក តែនាយនឹងប្រឹងតស៊ូរហូត ។ ចៃដន្យអី កំពុងខ្វះមុខខ្វះក្រោយផងនោះ នាយឆាងក៏ធ្លាក់ខ្លួនឈឺធ្ងន់ ។យ៉ាងណាមិញ នាយយើងពេលនេះបានធូរស្បើយនឹងជំងឺសួត ស្រាប់តែទទួលបានកាដូជាផ្ទះមួយខ្នង និងថវិកាចំនួន២លានរៀលជាអំណោយថ្លៃថ្លារបស់សម្តេចទាំងទ្វេ ។

តាមរយៈបទសម្ភាសន៍ជាមួយកម្មវិធី60Buzz នៃសារព័ត៌មានកោះសន្តិភាព នាយឆាង មានឈ្មោះពិត ជន់ ឆាន អាយុ២៣ឆ្នាំ បានរៀបរាប់ទាំងក្តីរំភើបថា ក្រោយពេលសម្តេចទាំងទ្វេរ គឺសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជួយនាយ យើងពិតជាមានអារម្មណ៍ថា រំភើបស្ទើរហោះ ពិតជាមិននឹកស្មានថា ខ្លួននាយមានសំណាងមានទ្រនំរស់នៅសមរម្យ ព្រោះកន្លងមកនាយតែងតែសុំផ្ទះគេស្នាក់នៅ និងមានម្តាយដើរអេតចាយរកប្រាក់ចិញ្ចឹមជីវិត ។

ជាមួយនេះ នាយឆាងបន្តថា រវាងផ្ទះចាស់ និងផ្ទះថ្មី គឺរស់នៅខុសគ្នា ផ្ទះថ្មីត្រជាក់ស្រួល មិនពិបាកដូចមុន តែក៏មិនភ្លេចគុណម្ចាស់ចាស់ ដែលបានអោយនាយ និងម្តាយស្នាក់អាស្រ័យកាលពីកន្លងទៅ ។ លើសពីនេះ នាយថា មុនពេលសម្តេចជួយនោះ នាយក៏ញាក់ភ្នែកផងដែរ ហើយពិតរកពាក្យអ្វីមកថ្លែងពុំបាន ក្រោយសម្តេចបានផ្តល់ទាំងផ្ទះ និងថវិកាផងនោះ ។

បើងាកមកជំងឺសួត នាយឆាងវិញនាយបានបង្ហើបថា នេះពេលនេះនាយបានធូរស្បើយច្រើនហើយ ដោយអាចដើរបានតិចតួច ដោយមានម្តាយនៅមើលថែ ពោលក្រោយពេលបានធូរសះស្បើយនោះ នាយនឹងវិលចូលទៅសម្តែងវិញ ព្រោះមានតែសិល្បៈនោះហើយអាចថា ឆ្នាំបាយរបស់នាយ និងបន្តដំណើរជីវិតទៅមុខជាបន្តទៀត ។

ជាចុងក្រោយ នាយឆាងនិងក្រុមគ្រួសារ ពិតជាអរគុណខ្លាំងណាស់ ចំពោះអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំទេ្វ នាយមានតែម្រាមដៃដប់សំពះអរគុណជូនពរសម្តេចពុក សម្តេចម៉ែ មានសុខភាពល្អ កម្លាំងមាំមួន បន្តដឹកនាំជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនខ្មែរ។

គួរបញ្ជាក់ដែរថា ទីតាំងផ្ទះថ្មីរបស់នាយឆាង ស្ថិតនៅសហគមន៍អណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដោយកាលពីកន្លងទៅ តារាកំប្លែងដែលមានទម្ងន់២១០គីឡូរូបនេះ សុំដីគេស្នាក់នៅបណ្តោះអាសន្នមួយកន្លែងក្រោយវត្តពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ ដែលរស់នៅផ្ទះតូចចង្អៀតប្រក់ស័ង្កសីនោះ។

គួរជម្រាបដែរថា កាលពីកន្លងទៅបងស្រីនាយឆាងឈ្មោះស្រីម៉ៅ និយាយ រាល់ថ្ងៃនាយរស់ក្រោមផ្ទះដំបូលខ្ទម ភ្លៀងមកសាចទឹកពេញ ធ្វើអោយពិបាកដេកពូន ហើយមួយវិញនាយរស់នៅក្បែរគំនរសំរាម និងអេតចាយទៀតនោះ អាចថា ក៏ប៉ះពាល់សុខភាពនាយផងនោះ។ ស្រីម៉ៅបងនាយឆាងដែលមាឌធំរូបនេះបន្តថា ផ្ទះដែលនាយនៅនេះ ម្ចាស់ថៅកែអេតចាយគេអោយនៅ ដោយមានរ៉ឺម៉កមួយទុកអោយ ពេលណា ទិញឬរើសអេតចាយបានក៏យកមកលក់អោយគេ ដោយបានប្រាក់តិចតួចទុកទិញអង្គរដាំបាយហូប និងដោះស្រាយជីវភាពប្រចាំថ្ងៃដែលពើបប្រទះនៅការខ្វះខាត ។

បើងាកមកនាយឆាងឯណេះវិញ នាយថា ក្រោយពេលនាយធ្លាក់ខ្លួនឈឺបែបនេះ នាយគ្មានចំណូលពីការថតកំប្លែងឡើយ ព្រោះកាលពីកន្លងទៅនាយបានតិចតួចទុកអោយម៉ែ តែពេលនេះម៉ែក៏ឈឺហើយវ័យកាន់តែចាស់ ហើយនាយធ្លាក់ខ្លួនឈឺទៀត ដូច្នេះត្រង់ចំណុចនាយសុំអោយមហាជនជួយដល់នាយផង ក្រោយនាយពេលលុយកាក់ រស់នៅខ្វះព្រឹកល្ងាច៕












ចែករំលែកព័តមាននេះ