រាជធានីភ្នំពេញ ៖ ម៉ូតូស្មាសពណ៌ខ្មៅមួយគ្រឿង បើកទៅបុកម៉ូតូគូបមូលពណ៌ទឹកប្រាក់ កំពុងបត់ឆ្លងថ្នល់ចំពីមុខពេញទំហឹង បណ្តាលឱ្យអ្នកបើកបរម៉ូតូគុបមូលរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨និង៥នាទីយប់ថ្ងៃទី២៥ មេសា ២០១២ តាមបណ្តោយវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុម៉ូតូស្មាសពណ៌ខ្មៅ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណពី កើតទៅលិច ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលចង្កូតទៅបុកម៉ូតូគុបមូលមួយគ្រឿងបើកបរដោយបុរសម្នាក់ដែរកំពុងបត់ឆ្លងថ្នល់ចំពីមុខពេញទំហឹង បណ្តាលឱ្យភាគីខាងម្ចាស់ម៉ូតូគុបរងរបួសធ្ងន់ ឯភាគីខាងម៉ូតូស្មាសគ្រាន់តែរលាត់ដៃជើងបន្តិចបន្តួចប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខរង់ចាំការដោះស្រាយ ៕
ចែករំលែកព័តមាននេះ