នាងប្រ៊ីសស្ដូល ប៉ាលីន ជាកូនស្រីរបស់ លោកស្រីសារ៉ាស ប៉ាលីន ដែលជាអតីតបេក្ខនារីសំរាប់តំណែងអនុប្រធានាធិបតីសហរដ្ឋអាមេរិក បានភ្ជាប់ពាក្យម្ដងទៀត ហើយជាមួយអតីតគូដណ្ដឹងរបស់នាងគឺលោកលេវី ចន ស្ដុន ។ នាងប្រ៊ីសស្ដូល ប៉ាលីន និងលោកលេវី ចនស្ដុន ធ្លាប់បានភ្ជាប់ពាក្យជាមួយគ្នាម្ដងរួចហើយ ប៉ុន្ដែបានបែកបាក់គ្នាវិញក្រោយពីនាងប្រ៊ីសស្ដុលបង្កើតបានកូនម្នាក់ ។
នាងប្រ៊ីសស្ដូលបានចេញសេចក្ដីថ្លែង ការណ៍បញ្ជាក់ពីការត្រូវរ៉ូវគ្នាវិញរបស់នាងជាមួយលោកលេវី ចនស្ដុន នៅក្នុងទស្សនាវដ្ដី US Magazine កាលពីពេលថ្មីៗកន្លង 
មក ។ ការប្រកាសពីការភ្ជាប់ពាក្យរវាងនាងប្រ៊ីសស្ដូល ជាមួយលោកលេវីស ចនស្ដុន សំគាល់ថាជារឿងគួរឱ្យភ្ញាក់ផ្អើលចុងក្រោយសំរាប់ប្រព័ន្ធសារព័ត៌មានរបស់សហរដ្ឋអាមេរិក ដែលមានតាំងពីការធ្វើយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០០៨ កន្លងមក ។ គ្រួសាររបស់លោកស្រីសារ៉ាស ប៉ាលីន ទទួលបានភាពលេចធ្លោយ៉ាងខ្លាំងនៅរដូវក្ដៅឆ្នាំ២០០៨ នៅពេលដែលបេក្ខជនប្រធានាធិបតីសំរាប់គណបក្សសាធារណរដ្ឋលោកចន ម៉ាក់កេន បានជ្រើសរើសយកលោកស្រីប៉ាលីន ជាអភិបាលរដ្ឋអឡាស្កាធ្វើជាបេក្ខ
នារី ។ អនុប្រធានាធិបតីរបស់លោកប្រជែងជាមួយលោកបារ៉ាក់ អូបាម៉ា ប៉ុន្ដែនៅទីបំផុតគណបក្សសាធារណរដ្ឋរបស់លោកចន ម៉ាន់កេន ត្រូវចាញ់ឆ្នោត ។
 
នាងប្រ៊ីសស្ដូល ប៉ាលីន និងលោកលេវី ចន ស្ដុន បានស្គាល់គ្នានៅសាលារៀន ហើយនាងមានផ្ទៃពោះក្នុងអំឡុងពេលនៃការធ្វើយុទ្ធនាការបោះឆ្នោត ។ នាងប្រ៊ីសស្ដូល បានបង្កើតកូនជាមួយលោកលេវី ចនស្ដុន នៅខែធ្នូ ឆ្នាំ២០០៨ ក្រោយពីការបោះឆ្នោត ហើយនាងនិងលោកចន ស្ដុន បានបែកគ្នានៅខែមីនា ឆ្នាំ២០០៩ ។ លោកស្រីសារ៉ាស ប៉ាលីន បានលាលែងពីតំណែងអភិបាលរដ្ឋអាឡាស្កា នៅខែកក្កដា ឆ្នាំ២០០៩ ដោយលោកស្រីបានក្លាយជាអ្នកនយោបាយគណបក្សអភិរក្សនិយមដ៏មានប្រជាប្រិយភាពបំផុតរបស់សហរដ្ឋអាមេ
រិក ។ បច្ចុប្បន្ននេះលោកស្រីជាអ្នករិះគន់ឥតសំចៃមួយរូបចំពោះលោកប្រធានាធិបតីអូបាម៉ា ។ ក្រោយពីការចែកផ្លូវគ្នាជាមួយនាងប្រ៊ីសស្ដូល លោកចន ស្ដុន បានប៉ុនប៉ងធ្វើឱ្យសាធារណជនចាប់អារម្មណ៍ចំពោះលោក ដោយថតស្រាត ហើយបង្ហាញខ្លួនតាមទូរទស្សន៍រិះគន់លោកស្រីប៉ាលីន ប៉ុន្ដែកាលពីសបា្ដហ៍មុន បានបន្ទន់ឥរិយាបថរបស់លោកចំពោះលោកស្រីប៉ាលីន នាំទៅដល់ការភ្ជាប់ពាក្យម្ដងទៀតជាមួយនាងប្រ៊ីសស្ដូលជាកូនស្រីរបស់លោកស្រីប៉ាលីន ៕
                        			         
				
ចែករំលែកព័តមាននេះ