ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​​និង​​រោគ​​សញ្ញា​​នៃ​​ជំងឺ​​គ្រុ​នឈាម​​​

12 ឆ្នាំ មុន

ជារៀង​​រាល់​ឆ្នាំ​​ ជំងឺ​គ្រុន​ឈាម​​បាន​​ឆក់​​យក​​​អាយុ​​ជីវិត​​របស់​​​កុមារ​​រាប់​​​​ម៉ឺន​នាក់​ ដែល​​ជា​ក្តី​​បារម្ភ​បំផុត​​​សម្រាប់​​មាតា​បិតា​​គ្រប់​រូប​ ។ លោក​​​សាស្ត្រាចារ្យ​​​ ង៉ាន់ ច័ន្ទ​​ថា នាយក​​រង​​នៃមជ្ឈ​​មណ្ឌល​​​​​ជាតិ​ប្រយុទ្ធ​​​នឹង​​ជំងឺ​គ្រុន​​ចាញ់ និង​​ជា​នាយក​​​កម្ម​វិធី​​​ជាតិ​ប្រយុទ្ធ​​​នឹង​ជំងឺ​​គ្រុន​ឈាម​បាន​​​មាន​ប្រសាសន៍​​​ប្រាប់​កោះ​សន្តិភាព​​​ឱ្យ​​ដឹង​​ថា​ ជំងឺ​គ្រុន​​​ឈាម​ គឺ​ជាជំងឺ​​​

ជារៀង​​រាល់​ឆ្នាំ​​ ជំងឺ​គ្រុន​ឈាម​​បាន​​ឆក់​​យក​​​អាយុ​​ជីវិត​​របស់​​​កុមារ​​រាប់​​​​ម៉ឺន​នាក់​ ដែល​​ជា​ក្តី​​បារម្ភ​បំផុត​​​សម្រាប់​​មាតា​បិតា​​គ្រប់​រូប​ ។ លោក​​​សាស្ត្រាចារ្យ​​​ ង៉ាន់ ច័ន្ទ​​ថា នាយក​​រង​​នៃមជ្ឈ​​មណ្ឌល​​​​​ជាតិ​ប្រយុទ្ធ​​​នឹង​​ជំងឺ​គ្រុន​​ចាញ់ និង​​ជា​នាយក​​​កម្ម​វិធី​​​ជាតិ​ប្រយុទ្ធ​​​នឹង​ជំងឺ​​គ្រុន​ឈាម​បាន​​​មាន​ប្រសាសន៍​​​ប្រាប់​កោះ​សន្តិភាព​​​ឱ្យ​​ដឹង​​ថា​ ជំងឺ​គ្រុន​​​ឈាម​ គឺ​ជាជំងឺ​​​មួយ​​ប្រភេទ​​​ដែល​ឆ្លង​​​តាម​រយៈ​​ការ​​ខាំ​​របស់​មូស​ខ្លា​​ ហើយ​មូស​ខ្លា​​​​​គឺ​​​មាន​​២​​​ប្រភេទ​​​​ ៖
– ប្រភេទ​ទី​​​១៖ វាធ្វើ​​​ការ​ចម្លង​​ទៅតាម​​​ទីក្រុង​​​​ ហើយ​​​វាពង​​​តាម​​ពាង​ទឹក​​ និង​​អាង​ទឹក​​ នៅតាម​​​​សម្បក​ដូង​​ និង​តាម​​​កន្លែង​​មួយ​​ចំនួន​​​ទៀត​​ដែល​​​មាន​ទឹក​ដក់​ ។
​​- ប្រភេទទី​​២ ៖ ​នៅតាម​​ជន​បទ​​ដូចជា តំបន់​​​ព្រៃ​​តាម​គុម្ព​​ប្ញស្សី​ រន្ធ​ឈើ​ ធាង​​​ចេក​ ធាង​​​ត្នោត​ជាដើម​ ។ មូសទាំង​​​២ប្រភេទ​​​នេះ​ គឺ​​វាខាំ​​នៅ​ពេល​ថ្ងៃ​​​ ជាពិសេស​​​គឺ​នៅពេល​​​ព្រឹក​​ព្រលឹម​​​​ និង​អាច​ខាំ​​​នៅ​ពេល​​​យប់​ខ្លះ​​​ៗដែរ ។
​ចំពោះ​​​រោគ​សញ្ញា​​​ដែល​គួរ​​ឱ្យ​​កត់​សម្គាល់​​ដឹង​​​​​​​​​ថា លោក​អ្នក​​នឹង​កើត​​​មា​ន​ជំងឺ​​គ្រុនឈាម​​​មាន​​​ដូច​​ជា​ ៈ​ អាចមាន​​ការ​​ក្តៅ​ខ្លួន​​​ខ្លាំង​ ​លើស​​ពី​​​​៣៩អស្សា​​​សេ ហើយ​​​ការ​​​ក្តៅ​ខ្លួន​​​នេះ​ គឺ​វា​​អាច​មាន​​​រយៈ​​ពេល​​​ពី​​​២ថ្ងៃ​​​ទៅ​​៧​ថ្ងៃ ។ គួ​ប​​ផ្សំ​​​នឹង​រោគ​​​សញ្ញា​​​ក្តៅ​ខ្លួន​​​​​ខ្លាំង​​ដែល​​​​​​ជា​រោគ​សញ្ញា​​​ចម្បង​​​ វា​អាច​​​​មាន​សញ្ញា​​​ផ្សេង​​​​ទៀត​​​​ដូច​ជា ហូរ​ឈាម​​តាម​​ភ្នាស​​​​កែវ​​​​​ភ្នែក​​​ គឺ​ភ្នែក​​​មើល​​​ទៅ​​ក្រហម​​​ដូច​​​ជា​​ចង់​​​​កើ​ត​ជំងឺ​កញ្ជ្រិល​​ ឬអាច​​​មាន​​ស្នាម​ជាំ​ឈាម​​​នៅ​​​ផ្នែក​ណាមួយ​នៃ​ដង​​ខ្លួន​​ដែល​មាន​​​ពណ៌ខៀវ​​​ក្រម៉ៅ​ ។ ជូន​​​កាល​អាច​​មាន​ឈាម​ហូរ​​តាម​ច្រមុះ​​​​ ឬក៏​​​តាម​​ប្រដាប់​រំលាយ​អាហារ​​​ ឧទាហរណ៍​​​​ដូច​​​ជាក្មេង​​​ខ្លះ​​​នៅពេល​​​ដែល​​ងើប​​​ពីគេង​​​​​​មាន​ឈាម​​​កក​នៅ​​​តាម​អញ្ចាញ​​​ធ្មេញ​​ ឬពេល​​បន្ទោ​បង់​​​អាច​មាន​​ឈាម​​​កក​នៅ​តាម​​​លាមក​​​​មា​​ន​សភាព​​​ខ្មៅ​ និង​​ស្អិត​​​ទៀត​ផង ។ គួប​ផ្សំ​​នឹង​រោគ​សញ្ញា​​​​ទាំង​នេះ​ អាច​​បណ្តាល​​​ឱ្យ​​ផ្ទៃ​​មុខ​ស្ងួត​ ហើយឡើង​​ក្រហម​​​ ឬក៏​​​ជួន​កាល​​​ក្មេង​​​ធំ​អាច​​បង្ហាញ​​​ឱ្យដឹង​​​​​តាម​រយៈ​​ការ​​ឈឺ​ក្បាល​​ ឬឈឺ​​​នៅតាម​​សាច់​ដុំ​​​ សន្លាក់​​ដៃ​ជើង ឬពេល​ខ្លះ​​​​រួយ​ភ្នែក​​នេះ​ គឺ​​​ជារោគ​សញ្ញា​​ដែល​​​យើង​​​អាច​​សន្និដ្ឋាន​​បាន​​​ថា កើត​​មាន​ជំងឺ​​​​​​គ្រុន​ឈាម​ ។

លោក​​វេជ្ជ​​បណ្ឌិត​​បាន​បន្ថែម​​ទៀត​ថា​ ជា​​​ទូ​ទៅ​​​​ជំងឺ​​​​របស់​​​បុគ្គល​​​នីមួយ​​ៗ​​​មិន​​​កំណត់​​​នោះ​ទេ យើង​មិន​​អាច​ដឹង​​​ថា ម៉ោង​​​ប៉ុន្មាន​​​វា​ចាប់​ផ្តើម​​​​ឈឺ​ឡើយ​​ដោយ​ចៃ​ដន្យ​ ដូចនេះ​​​បើ​សិន​​ជា​កុមារ​​ ឬក៏​បុគ្គល​​​ណា​ម្នាក់​​​ក្តៅ​ខ្លួន​​​​ខ្លាំង​​​នៅ​ពេល​យប់​​​គឺត្រូវ​​តែធ្វើ​ការ​​​​បញ្ចុះ​កម្តៅ​​​ដោយ​​​ប្រើ​ថ្នាំ​​​ប៉ារ៉ា​សេតា​ម៉ុល​​ ក្នុង​រយៈ​​ពេល​៤ទៅ​​៦​ម៉ោង​ម្តង​ តែមិន​​​អាច​ប្រើ​លើស​​​​កម្រិត​​បាន​​​ទេ​​ ព្រោះ​​​វា​អាច​​​បណ្តា​​ឱ្យ​​​មានគ្រោះ​​​​​ថ្នាក់​ដល់​​​ជីវិត​​​ ។ ត្រូវ​ចៀស​​វាង​​​កុំ​ប្រើ​​​ប្រាស់​ថ្នាំ​​អាស្ពឺ​រីន​​ ហើយ​​​បើ​សិន​​​ជាយើង​​មិន​ដឹង​ថា អ្នក​ជំងឺ​​​កើ​តមាន​​​ជំងឺ​​​​​គ្រុនឈាម​​​នៅពេល​​​ដែល​ប្រើ​​ប្រាស​់​ថ្នាំ​​​ប្រភេទ​អាស្ពឺរីន​​​នេះ បណ្តាល​​​ឱ្យ​​​​បែក​គ្រាប់​​ឈាម​ ដែល​ធ្វើ​ឱ្យ​​​សភាព​របស់​អ្នក​​​​ជំងឺ​​​​​​​កាន់​តែធ្ងន់​​​ធ្ងរ ។ បើ​សិន​​​ជាលោក​អ្នក​​​ប្រើ​ប្រាស់់​ថ្នាំ​​​ប៉ារ៉ា​សេត​ា​ម៉ុល​​​ ហើយ​កម្តៅ​​​​នៅ​តែ​​​មិន​ថយ​​​​ចុះ​​លោក​​អ្នក​ត្រូវ​​​យក​កន្សែង​​​ជ្រល​ក់​ទឹក​​​ត្រជាក់​​​ ហើយ​គ្រប​ដណ្តប់​​​​​លើ​ខ្លួន​​​អ្នក​ជំងឺ​​​ ឬដាក់​​​នៅ​ក្លៀក​​ ក្រលៀន​ដើម្បី​​​បន្ថយកម្តៅ​ ។ លុះ​ពេល​​​​ព្រឹកឡើង​​​លោក​អ្នក​​​ត្រូវ​​​នាំ​អ្នក​ជំងឺ​​​ទៅ​​​ពិគ្រោះ​​​​ជាមួយគ្រូ​ពេទ្យ​​​ នៅ​មណ្ឌល​សុខភាព​​​ ឬ​មន្ទីរ​ពេទ្យ​​​​បង្អែក​​​ដែលនៅ​ជិត​​លោក​អ្នក​បំផុត​ ។ ​​ពលរដ្ឋ​​មួយ​ចំនួន​​​តែង​តែ​​​យល់​ថា នៅពេល​​ដែល​កូន​​​​ក្តៅខ្លួន​​​បែ​រ​​ជាកោសខ្យល់​​ តែនេះ​​​អាច​​​បណ្តាល​​​​ឱ្យ​​បែក​គ្រាប់​ឈាម​​​​ ប៉ុន្តែ​​យើង​​ដឹង​​​ហើយ​ថា នៅពេល​ណា​ដែល​​​អ្នក​ជំងឺ​​​កើ​តមាន​​​​ជំងឺ​​គ្រុន​ឈាម​ អាច​មាន​​រោគ​សញ្ញា​​ចេញ​ឈាម​​​នៅ​តាម​​​ស្បែក​​​ដែល​​ជា​ស្នាម​​​កន​្ទួល​​​តូច​​ៗ​ដូច​​មូស​ខ្លា​​​ខាំ​​។ ​ដូចនេះ​​បើ​សិន​​​ជាលោក​អ្នក​​​កោស​ខ្យល់​​​គឺ​អាច​​ធ្វើ​ឱ្យ​​​​​សញ្ញា​​​ទាំង​នេះ​បាត់​ ជា​ហេតុ​ធ្វើ​ឱ្យ​​ពិបាក​​​ដល់គ្រូ​ពេទ្យ​​ ក្នុង​​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​​​​អ៊ី​ចឹង​​​ហើយ​បាន​គេហាម​​​មិន​ឱ្យ​​កោស​​​ខ្យល់​ ។

​​ដូចនេះ​បើ​សិន​​ជា​​មាន​រោគ​សញ្ញា​​​ដូច​ដែល​​​បាន​រៀប​​រាប់​ខាងលើ​​​នេះ​ លោក​អ្នក​​​ដែល​​ជា​​មាតា​បិតា​​​ ឬអាណាព្យាបាល​​​ត្រូវ​តែ​​​ប្រញាប់​​​នាំ​អ្នក​​​ជំងឺ​​មក​ព្យាបាល​​​ឱ្យ​​បាន​​​​ទាន់​ពេល​វេលា​​​មិន​ត្រូវ​​​ពន្យាពេល​​​ទុក​​ឱ្យ​​​លើស​ពី​​​​២ថ្ងៃ​​នោះ​ទេ ត្រូវប្រញាប់​​​នាំទៅកាន់​​មន្ទីរ​​​​ ទើប​​ជាការប្រសើរ​​​ចៀស​វាង​​ដាច់​ខាត​​​គឺ​ធ្វើ​​​ការព្យាបាល​​​ដោ​យ​ខ្លួន​​​ឯង​ ឬព្យាបាល​​​នៅកន្លែង​​​ដែល​មិន​​​មាន​​​ជំនាញ​​ច្បាស់​លាស់​​​ ព្រោះ​វាអាច​​​មាន​គ្រោះ​ថ្នាក់​​​ដល់​អាយុ​ជីវិត ៕​