ខេត្តកំពង់ចាម ៖ ថៅកែស្រីមានមុខរបរលក់ទឹកម្នាក់ត្រូវបានក្រុមចោររឹតកសម្លាប់ក្នុងអំពើប្លន់នៅក្នុងលំនៅឋាន ដែលគ្មាននរណាបានដឹងក្រៅពីកូនតូចៗ២នាក់ បានត្រឹមតែស្រែកយំពេលឃើញម្តាយត្រូវចោរវាយធ្វើបាបដើម្បីឈ្លិចរកលុយកាក់ និងវត្ថុមានតម្លៃ ខណៈប្តីមិននៅផ្ទះជាមួយ ។
អំពើប្លន់ដ៏សាហាវនេះ បានកើតឡើងកាលពីវេលាទៀបភ្លឺថ្ងៃទី១ មេសា ។ ចំណែកសពស្ត្រីរងគ្រោះត្រូវក្រុមចោរ យកទៅញាត់ចូលនៅក្នុងរោងម៉ាស៊ីនបូមទឹក ដែលស្ថិតនៅខាងក្រោយផ្ទះ ។ តាមប្រភពព័ត៌មានឱ្យដឹងថា រហូតដល់ម៉ោង៨ព្រឹកថ្ងៃដដែល ទើបមានការភ្ញាក់ផ្អើលពីករណីប្លន់សម្លាប់យ៉ាងឃោរឃៅព្រៃផ្សៃនេះ ។
តាមប្រភពព័ត៌មានជុំវិញអំពើប្លន់នេះបានឱ្យដឹងថា ថៅកែស្រីអ្នកលក់ទឹករងគ្រោះឈ្មោះ សុខ ម៉េង អាយុ៤២ឆ្នាំ និងត្រូវជាប្អូនស្រីបង្កើតរបស់ប្រធានមន្ទីរសាធារណការខេត្ត ត្រូវបានចោរមួយក្រុមមានគ្នាមិនតិចជាង២នាក់នោះទេ បានធ្វើសកម្មភាពប្លន់ ព្រមទាំងបានយកគ្រឿងអលង្ការអស់ជាង៧តម្លឹង មានប្រាក់មួយចំនួនធំ និងម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០០៨ មួយគ្រឿង ។ ហេតុការណ៍នៃអំពើប្លន់នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែលចន្លោះ៣ទៅ៤ទៀបភ្លឺ ក្នុងភូមិត្រើង ឃុំមៀន ស្រុកព្រៃឈរ ។ ចំណែកកូនតូចៗ២នាក់អាយុថ្លៃ មិនត្រូវចោរវាយសម្លាប់នោះទេ ។
លោកយឹម សុខុន នាយប៉ុស្តិ៍រដ្ឋបាលឃុំមៀន ប្រាប់ឱ្យដឹងថា លំនៅឋានអ្នករងគ្រោះកំពុងសាងសង់ពីថ្មបេតុងខាងមុខ ហើយម្ចាស់រស់នៅក្នុងផ្ទះចាស់ពីក្រោយ ។ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១ មេសា ជាងសំណង់ឈ្មោះហាន ចំរើន ភេទប្រុស បានដើរមកខាងក្រោយផ្ទះចាស់ដើម្បីបញ្ឆេះម៉ាស៊ីនបូមទឹក ស្រាប់តែពេលបើកទ្វារដែកចូលរោងម៉ាស៊ីនក៏ប្រទះឃើញសពស្ត្រីម្ចាស់ផ្ទះនៅក្នុងរោងម៉ាស៊ីនបូមទឹក ដោយមានខ្សែចងដៃ និងមានការរឹតកស្លាប់ក្នុងសម្លៀកបំពាក់រាត្រី ទើបមានការភ្ញាក់ផ្អើលឆោឡោឡើងតែម្តង ។ លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំមៀនបានប្រាប់បន្តថា ពេលដែលប្រទះឃើញសពដូច្នេះ ក៏ត្រូវបានជាងសំណង់ដែលមកស៊ីឈ្នួលធ្វើផ្ទះថ្មីឱ្យថៅកែលក់ទឹកនេះប្រញាប់រាយការណ៍ប្រាប់ទៅសមត្ថកិច្ចដែលនៅជិតនោះ នឹងបានរាយការណ៍បន្តទៅលោកវរសេនីយ៍ត្រី នួន សាម៉ន អធិការនគរបាលស្រុកព្រៃឈរ ឱ្យបានដឹងដោយបានដឹកនាំកម្លាំងជំនាញយុតិ្តធម៌ស្រុកសហការជាមួយនគរបាលបច្ចេកទេសខេត្តចុះមកពិនិត្យសព ។ ពេលដែលសមត្ថកិច្ចលើកសពម្ចាស់ផ្ទះមកពិនិត្យឃើញមានស្លាកស្នាមបែកចិញ្ចើមរយះហូរឈាម ឯដៃទាំងពីរចងដោយខ្សែភ្លើងរឹតយ៉ាងតឹង និងចងកដោយប្រើខ្សែហាលខោអាវ ។ នៅលើភ្លៅខាងឆ្វេងក៏មានជាប់ស្នាមដានស្បែកជើងឃ្លុបក្រឡៅដែរ ។
លោក មិន សេងហុង អាយុ៤៥ឆ្នាំ ត្រូវជាស្វាមីនៃសពប្រាប់ឱ្យដឹងថា រូបលោកបានចេញទៅធ្វើផ្លូវថ្នល់នៅភូមិសើយ ឃុំប៉ើស ស្រុកក្រូចឆ្មា អស់រយៈពេលជិត១ខែមកហើយ ស្រាប់តែនៅព្រឹកថ្ងៃទី១ មេសា ស្របពេលដែលកំពុងធ្វើការត្រូវបានអ្នកភូមិផងរបងជាមួយទូរស័ព្ទមកប្រាប់ថា «ប្រពន្ធរបស់លោកត្រូវចោរប្លន់សម្លាប់យ៉ាងព្រៃផ្សៃប្លន់យកទ្រព្យសម្បត្តិរលីងពីក្នុងផ្ទះ» ។ ពេលដែលទទួលបានដំណឹងនេះភ្លាមរូបលោកក៏ប្រញាប់ចេញដំណើរមកកាន់លំនៅឋានភ្លាមៗដែរ ។
តាមប្រភពព័ត៌មានពីលោក សេងហុង ជាប្តីបាននិយាយថា មុនពេលមានការឆោឡោពីមរណភាពភរិយារបស់លោកនោះ ស្ត្រីចំណាស់ម្នាក់ដែលបានយកលុយមកបង់ថ្លៃទឹកនៅព្រឹកថ្ងៃទី១ មេសា ពេលដែលចូលមកដល់បរិវេណផ្តះដែលមានដីទំហំ២១ម៉ែត្រគុណ៦៤ម៉ែត្របានឮសូរសំឡេងក្មេងស្រែកយំនៅក្នុងមុងលើផ្ទះចាស់ គឺជាកូនរបស់លោក ក្នុងនោះមានកូនប្រុសបងអាយុ៥ឆ្នាំ និងកូនស្រីប្អូនអាយុ២ឆ្នាំ ក៏បានដឹកដៃពួកគេយកទៅផ្ទះអ្នកភូមិនៅក្បែរគ្នាព្រោះមិនឃើញម្តាយ ។ ចំពោះទ្រព្យសម្បត្តិដែលបាត់បង់មានគ្រឿងបា្លទីន ខ្សែក ខ្សែដៃរបស់ប្រពន្ធ និងកូន សរុបជាង៧តម្លឹង និងលុយមួយចំនួនធំត្រូវចោររើកកាយយកអស់ ។
លោកវរសេនីយ៍ត្រី ណោ ឌីណា អនុប្រធាននគរបាលការិយាល័យបច្ចេកទេសខេត្ត ប្រាប់ថា តាមការពិនិត្យចោរប្លន់បានឡើងទៅលើផ្ទះចាប់ស្ត្រីម្ចាស់ផ្ទះវាយសួររកលុយ និងគ្រឿងអលង្ការ ព្រោះក្នុងផ្ទះត្រូវបានរើកកាយ ព្រមទាំងបណ្តើរទៅរោងម៉ាស៊ីនបូមទឹក ទំនងជាស្រ្តីរងគ្រោះទ្រាំនឹងការធ្វើបាបមិនបានក៏នាំចោរទៅយកលុយ និងគ្រឿងអលង្ការដែលលាក់ក្នុងនោះ រួចចោរក៏សម្លាប់បំបិទមាត់តែម្តង ។ ទោះបីជាបែបណាមិនទាន់មានជនសង្ស័យណាម្នាក់ត្រូវបានចាប់ខ្លួននៅឡើយទេ ក្នុងហេតុការណ៍ខាងលើនេះ ៕
ចែករំលែកព័តមាននេះ