រាជធានីភ្នំពេញ ៖ បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ត្រូវបានសាច់ញាតិប្រទះឃើញដេកស្លាប់ផ្កាប់មុខ នៅក្នុងបន្ទប់ទឹកផ្ទះជួលមួយកន្លែងដោយសង្ស័យថា បណ្ដាលមកពីជំងឺបេះដូងធ្វើទុក្ខ ហើយក្រោយពេលទទួលបានព័ត៌មាននោះភ្លាម នគរបាលប៉ុស្តិ៍ដង្កោ និងនគរបាលខណ្ឌដង្កោ ក៏បានចុះទៅកាន់ទីតាំងនោះភ្លាមៗផងដែរ ។
ហេតុការណ៍នោះបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល នាវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅក្នុងបន្ទប់ទឹកជាន់ឡៅតឿ ផ្ទះលេខ១៤ ផ្លូវលេខ៧ បុរីពិភពថ្មីគំរោង២ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសនោះឈ្មោះ JOLAYEMI OLUSHOLAABASS អាយុ៣៨ឆ្នាំ ជនជាតិនីហ្សេរីយ៉ា កាន់លិខិតឆ្លងដែនលេខ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ ។
បើតាមសាច់ញាតិរបស់បុរសអ្នកស្លាប់នោះ បានប្រាប់នគរបាលថា បុរសនោះមានជំងឺបេះដូងយូរហើយ ហើយទើបតែមកស្នាក់នៅផ្ទះជួលកើតហេតុខាងលើ ទើបតែបានរយៈពេល១អាទិត្យប៉ុណ្ណោះ។ ដោយឡែក នៅពេលកើតហេតុ បាត់មិនឃើញបុរសនោះចេញក្រៅ គាត់ដែលជាសាច់ញាតិ ក៏បានដើររក ហើយក្រោយមកក៏ស្រាប់តែឃើញដេកស្លាប់ផ្កាប់មុខនៅក្នុងបន្ទប់ទឹកជាន់ឡៅតឿក្នុងផ្ទះនោះបាត់ទៅហើយ ដែលសង្ស័យជំងឺធ្វើទុក្ខខ្លាំង ។
នគរបាលខណ្ឌដង្កោ បានប្រាប់ថា ក្រោយពេលប្រទះឃើញបុរសជនបរទេសខាងលើស្លាប់បែបនេះ បង្កឲ្យមានការភ្ញាក់ផ្អើល ហើយប្រជាពលរដ្ឋបានរាយការណ៍ជូននគរបាលប៉ុស្តិ៍ដង្កោ និងនគរបាលខណ្ឌដង្កោឲ្យបានដឹង។ បន្ទាប់ពីទទួលបានព័ត៌មាននោះភ្លាម កម្លាំងនគរបាលខាងលើក៏បានចុះទៅកាន់ទីតាំងនោះភ្លាមៗ រួចរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើកោសល្យវិច័យ ៕







ចែករំលែកព័តមាននេះ