រាជធានីភ្នំពេញ ៖ នារីម្នាក់ បានចតម៉ូតូ ១គ្រឿង ទុកនៅមុខកន្លែងធ្វើការ ហើយភ្លេចដកសោចេញ ខណៈនោះ ក៏ត្រូវបានចោរលួចយកទៅបាត់ស្រមោល បន្ទាប់មកនាង ក៏បានទៅដាក់ពាក្យបណ្ដឹងឲ្យនគរបាលជួយស្រាវជ្រាវ និងឆែកមើលកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅកន្លែងកើតហេតុឃើញភិនភាគចោរ។ លុះ១ថ្ងៃក្រោយមក នគរបាលប៉ុស្តិ៍ដង្កោ ខណ្ឌដង្កោ និងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ សហការគ្នា ឃាត់ជនសង្ស័យបាន២នាក់ រួចនាំទៅសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១០និង២២នាទីព្រឹក (ម៉ោងក្នុងកាមេរ៉ាសុវត្ថិភាព) ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្ទះលេខ១៧១ ផ្លូវលេខ១១ (បុរីពិភពថ្មី១) ស្ថិតនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នារីរងគ្រោះឈ្មោះ សារី លីនដា អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងលក់បបរតុការ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ បាត់បង់ម៉ូតូ ១គ្រឿង ម៉ាក SUZUKI NEX ll ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ តាកែវ 1R-9427 ។
ជនសង្ស័យ ដែលត្រូវឃាត់ខ្លួននោះ ៖
ទី១.ឈ្មោះ ចែម លីហួរ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
ទី២.ឈ្មោះ ទូច វាសនា អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
នគរបាលដកហូតបានម៉ូតូម៉ាក HONDA SCOOPY ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1JY-4812 ដែលជនសង្ស័យជិះដើរធ្វើសកម្មភាពលួច ។
នគរបាលបានប្រាប់ថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹក នារីរងគ្រោះ បានជិះម៉ូតូចេញពីបន្ទប់ជួល ទៅកន្លែងធ្វើការនៅហាងលក់បបរតុការ ចំណុចកើតហេតុខាងលើ។ លុះពេលទៅដល់ នាងបានទុកម៉ូតូនៅខាងមុខកន្លែងធ្វើការនោះ រួចក៏បានចូលទៅធ្វើការនៅខាងក្នុងហាង ដោយភ្លេចដកកូនសោម៉ូតូចេញពីម៉ូតូ ។ រហូតវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃដដែល ទើបសម្រាកហូបបាយថ្ងៃត្រង់ ហើយពេលនាងដើរចេញទៅយកម៉ូតូ ស្រាប់តែចោរលួចបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោតែម្ដង ។
នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា ពេលនោះនាងក៏បានឆែកមើលកាមេរ៉ាសុវត្ថិភាពនៅកន្លែងធ្វើការក៏បានឃើញជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកHONDA SCOOPY ពណ៌ស មិនស្គាល់ស្លាកលេខ ។ បានធ្វើសកម្មភាពលួចយកម៉ូតូរបស់នាង នៅវេលាម៉ោង១០និង២២នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦នោះ ។ បន្ទាប់មកនាងក៏បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ រាយការណ៍ប្រាប់នគរបាល និងដាក់ពាក្យបណ្ដឹងដើម្បីឲ្យនគរបាលជួយស្រាវជ្រាវរកជនសង្ស័យខាងលើ ។
នគរបាលបានប្រាប់បន្ថែមទៀតថាលុះដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៤និង៣០នាទីរសៀល នគរបាលប៉ុស្តិ៍ដង្កោ និងនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯកជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ ។ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី០១ ខណ្ឌមានជ័យធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចែម លីហួរ នៅត្រង់ចំណុចផ្លូវលំ ស្ថិតនៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
ដោយដកហូតបានម៉ូតូម៉ាក HONDA SCOOPY ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1JY-4812 លេខតួ និងលេខម៉ាស៊ីន 5348607 ១គ្រឿង ដែលជាមធ្យោបាយជនសង្ស័យជិះធ្វើសកម្មភាព រួចនាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ។
ខណៈនោះជនសង្ស័យចែម លីហួរ បានឆ្លើយសារភាពប្រាប់នគរបាលថា ខ្លួននិងបក្ខពួកចំនួន០២នាក់ទៀត ទី១/ឈ្មោះ ហ្សា ភេទប្រុស អាយុប្រហែល២០ឆ្នាំ និងទី២/ឈ្មោះ និត ភេទប្រុស អាយុ១៩ឆ្នាំ បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងដែលរបស់ជនរងគ្រោះខាងលើមែន ។ បន្ទប់មកបានយកម៉ូតូដែលលួចបាននោះទៅឲ្យបក្ខពួកម្នាក់ទៀតឈ្មោះ ទូច វាសនា ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកយកទៅលក់ចែកលុយគ្នា ហើយខ្លួនបានលុយចំនួន៦០ដុល្លារ ( ហុកសិបដុល្លារអាមេរិក) រួចបានយកមកស៊ីចាយ និងទិញថ្នាំញៀនជក់អស់ហើយ ។
នគរបាលបានបញ្ជាក់ប្រាប់ទៀតថា លុះដល់វេលាម៉ោង១៦និង៣០នាទី ល្ងាចថ្ងៃខែឆ្នាំដដែល នគរបាលខាងលើក៏បានបន្តទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ទូច វាសនា នៅត្រង់ចំណុចបន្ទប់ជួល ស្ថិតនៅតាមផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ។ពេលនោះជនសង្ស័យទូច វាសនា បានឆ្លើយសារភាពប្រាប់ថា ខ្លួនពិតជាបានផ្សំគំនិតជាមួយឈ្មោះ ចែម លីហួរ មែនដោយយកម៉ូតូ ដែលលួចបានពីនារីរងគ្រោះទៅលក់ឲ្យបុរសម្នាក់ទៀតឈ្មោះ ម៉ាប់ អាយុប្រមាណ ៣២ឆ្នាំ បានលុយចំនួន២០០ដុល្លារ (ពីររយដុល្លារអាមេរិក) ។ បន្ទាប់មកខ្លួនបានឲ្យលុយទៅឈ្មោះចែម លីហួរ, ឈ្មោះ ហ្សា និងឈ្មោះ និត ក្នុងម្នាក់ៗចំនួន៦០ដុល្លារ (ហុកសិបដុល្លារអាមេរិក) ចំណែកខ្លួនបានតែ២០ដុល្លារ (ម្ភៃដុល្លារអាមេរិក) ប៉ុណ្ណោះ រួចយកមកស៊ីចាយ និងទិញថ្នាំញៀនជកអស់ហើយ ៕


ចែករំលែកព័តមាននេះ