រាជធានីភ្នំពេញ៖ កម្លាំងនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ រួមជាមួយរដ្ឋបាលខណ្ឌកំបូល និងកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនបុរសដែលជាជនជាតិបរទេសបានជាង១០នាក់ ។ ដែលជនបរទេសទាំងអស់នោះបានស្នាក់នៅខុសច្បាប់ និងសង្ស័យថាបានប្រព្រឹត្តបទល្មើសអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online ព្រមទាំងដកហូតយកបានទូរស័ព្ទដៃ និងកុំព្យូទ័រច្រើនគ្រឿងទៀតផង ។
ប្រតិបត្តិការនោះបានធ្វើឡើងកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្ទះលេខ៦២C ផ្លូវលេខ០២ ក្នុងបុរី «កំបូលស៊ី ធី » ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ក្រោមការបញ្ជាលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។
ជនបរទេសដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនខាងលើនោះសរុបចំនួន១៤នាក់ក្នុងនោះរួមមាន ជនជាតិប៉ាគីស្ថានចំនួន០៩នាក់ និងជនជាតិបង់ក្លាដេសចំនួន០៥នាក់ ។ ខណៈនោះដែរកងកម្លាំងសមត្ថកិច្ចខាងលើ ក៏បានដកហូតទូរសព្ទដៃចំនួន៥៧គ្រឿង, កុំព្យូទ័រAll-in-oneចំនួន០៥គ្រឿង ព្រមទាំងស៊ីមកាតទូរស័ព្ទដែលជាប្រភេទស៊ីមបរទេសជាច្រើនទៀត ។
បន្ទាប់មកជនបរទេសទាំង១៤នាក់នោះរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕




ចែករំលែកព័តមាននេះ