ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងផលិតគ្រឿងញៀ.នដ៏ធំនៅសណ្ឋាគារ១កន្លែង ចាប់ខ្លួន២២​នាក់ ដកហូតជាង២០០គីឡូ

1 ខែ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ ប្រតិបត្តិការ​បំបែក​បទល្មើស​គ្រឿងញៀន​ដ៏​ធំ​នេះ បាន​ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, លោក…

ខេត្ត​ព្រះ​សីហ​នុ​ ៖ ប្រតិបត្តិការ​បំបែក​បទល្មើស​គ្រឿងញៀន​ដ៏​ធំ​នេះ បាន​ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, លោក ម៉ាង ស៊ី​ណេ​ត អភិបាលខេត្ត​ព្រះ​សីហ​នុ និង​លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ក្រោម​ការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​។

យោង​តាម​របាយការណ៍​របស់​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ដែល​បណ្តាញ​ព័ត៌មាន នៅ​យប់​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២៦​នេះ បាន​បញ្ជាក់​ថា​ កាលពី​វេលា​ម៉ោង ១៧​និង​៣០​នាទី ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៦ កម្លាំង អ​.​ហ ខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សួ ស៊ន ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក វុ​ធ សា​វី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន នៅ​ចំណុច​សណ្ឋាគារ​ស៊ីជី ស្ថិត​ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ​ខេត្ត​ព្រះ​សីហ​នុ​។

កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ ហើយ​ឈាន​ដល់​ការ​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​សណ្ឋាគារ​ស៊ីជី សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ​ខេត្ត​ព្រះ​សីហ​នុ ដោយ​ចាប់ខ្លួន​ជនល្មើស​ជា​ជនជាតិ​ចិន ជនជាតិ​វៀតណាម និង​ខ្មែរ​សរុប​២២​នាក់ ហើយ​ដកហូត​ថ្នាំ​ញៀន សារធាតុ​ផ្សំ​ជាង​២០០​គីឡូក្រាម ព្រមទាំង​វត្ថុ​តាង និង​សម្ភារ​ជា​ច្រើន​ទៀត​។

កម្លាំង​អាវុធហត្ថ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២២​នាក់ (​ស្រី​៣) ជនជាតិ​ចិន ចំនួន​១៨​នាក់​, ជនជាតិ​វៀតណាម ចំនួន​១​នាក់ (​ស្រី​) និង​ជនជាតិ​ខ្មែរ ចំនួន​៣​នាក់ (​ស្រី​១​នាក់​)​។

របាយការណ៍​បាន​បន្ត​ទៀត​ថា ក្រោយ​ចាប់​ជនល្មើស​ទាំង​២២​នាក់ កម្លាំង​អាវុធហត្ថ បាន​ដកហូត​ថ្នាំ​ញៀន សារធាតុ​ផ្សំ និង​វត្ថុ​តាង​ជា​ច្រើន​ទៀត រួម​មាន​៖

១-​ហេ​រ៉ូ​អ៉ី​ន (HEROINE) ចំនួន​១​គីឡូ ទម្ងន់​សុទ្ធ ៨៦០.២៩ ក្រាម
២- កូ​កា​អ៉ី​ន (COCAINE) ចំនួន​១​គីឡូ ទម្ងន់​សុទ្ធ ៤២៧.៣០ ក្រាម
៣- កេ​តា​មីន (KETAMINE) ចំនួន​៤​គីឡូ ទម្ងន់​សុទ្ធ ៥២៤.២៤ ក្រាម
៤- មេ​តំ​ហ្វេ​តា​មីន (METAMPHETAMINE) ចំនួន​១៦​គីឡូ ទម្ងន់​សុទ្ធ ៤៩៤ ក្រាម
៥- អ៉ិ​ច​ស្តា​ស៊ី (MDMA) ចំនួន​៦៣​គីឡូ ទម្ងន់​សុទ្ធ ៦៥៧.៥២ ក្រាម
៦- កញ្ញា​ក្រៀម ចំនួន​១​គីឡូ ទម្ងន់​សុទ្ធ ៧៧៨.៥៨ ក្រាម
៧- សារធាតុ​ផ្សំ ចំនួន​៥៧​គីឡូ ទម្ងន់ ៨២៤.៩១ ក្រាម
៨- សារធាតុ​គីមី​ផ្សំ​  ចំនួន​៩០​គីឡូក្រាម ទម្ងន់​សារធាតុ​ញៀន​សុទ្ធ សរុបៈ ៨៩​គីឡូ ៧៤១.៩៣ ក្រាម ,​ទម្ងន់​សារធាតុ​ផ្សំ​សុទ្ធ​សរុបៈ ៥៧​គីឡូ ៨២៤.៩១ ក្រាម ,​ទម្ងន់​សារធាតុ​គីមី​ផ្សំ​សរុបៈ ៩០​គីឡូក្រាម ។

-រថយន្ត​ចំនួន ០៦ គ្រឿង
-អាវុធ​ខ្លី​ចំនួន ០១(K59) លេខ ៥៩៤៤ ១៩៩០ ដើម​(​បង់​:១,​គ្រាប់ ០៣​គ្រាប់​)
– គ្រាប់បែកដៃ​ចំនួន ០១​គ្រាប់​  (​ផ្លែទាប​)
-ម៉ូតូ​ចំនួន ០៤ គ្រឿង
-ទូរស័ព្ទ​ចំនួន ៣៣ គ្រឿង
-លិខិតឆ្លងដែន ចំនួន ០៩(​ចិន ០៨ និង​វៀតណាម 01)
-បណ្ណ​ការងារ​ចំនួន ១៤ បណ្ណ​(​ចិន​)
-បណ្ណ​បើកបរ​ចំនួន ០៣ បណ្ណ
-គ្រាប់​អាវុធ​វែង​(AK)​ចំនួន ១៦​គ្រាប់
-ជញ្ជីង ចំនួន ៣៨ គ្រឿង
-ឧបករណ៍​ផលិត ,​សម្ភារៈ​កែ​ឆ្នៃ និង​សំបក​វិច​ខ្ចប់​ជា​ច្រើន​។

សម្រាប់​ជនល្មើស និង​វត្ថុ​តាង​ទាំងអស់ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ទៀត​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ