ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី​ផ្តល់​ថវិកា​បន្ថែម​ដល់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការកម្ពុជា

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​រដ្ឋ​មន្ត្រីក្រសួង​ការបរទេស​​អូស្ត្រាលី​ បប់​ ខារ (Bob Carr) បាន​ប្រកាស​អំពីការ​ផ្តល់​ថវិកា​បន្ថែម​របស់​រដ្ឋា​ភិបាល​អូស្ត្រាលី​ចំនួន​១,៦១​លាន​ដុល្លារ​អូស្ត្រាលី​ដល់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ក្រោយ​ពី​ជំនួបមួយជាមួយ​ លោក​ សុខ​ អាន​ ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ នៅទី​ក្រុង​ភ្នំពេញ​នាថ្ងៃ​ទី​២៦​ មីនា​ កន្លង​​ទៅ​នេះ​​ ។

រាជធានី​ភ្នំពេញ ៖ លោក​រដ្ឋ​មន្ត្រីក្រសួង​ការបរទេស​​អូស្ត្រាលី​ បប់​ ខារ (Bob Carr) បាន​ប្រកាស​អំពីការ​ផ្តល់​ថវិកា​បន្ថែម​របស់​រដ្ឋា​ភិបាល​អូស្ត្រាលី​ចំនួន​១,៦១​លាន​ដុល្លារ​អូស្ត្រាលី​ដល់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ក្រោយ​ពី​ជំនួបមួយជាមួយ​ លោក​ សុខ​ អាន​ ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ នៅទី​ក្រុង​ភ្នំពេញ​នាថ្ងៃ​ទី​២៦​ មីនា​ កន្លង​​ទៅ​នេះ​​ ។

លោក​ព្រឹ​ទ្ធសមាជិក​ បប់ ខា​រ​ បាន​មាន​ប្រ​​​សា​​​សន៍​ថា ប្រទេស​អូស្ត្រាលី​ គឺ​ជាអ្នក​គាំទ្រ​អង្គ​ជំនុំ​ជម្រះវិសាមញ្ញ​ក្នុងតុលាការ​កម្ពុជា​ដ៏​យូរ​អង្វែង​ និង​រឹង​មាំ​មួយ​ ដែល​ការ​កាត់​ទោស​ខ្មែរ​ក្រហម​កំពុង​ដំណើរ​ការ​ ។ លោក​ព្រឹ​ទ្ធ​សមាជិក​ បាន​មាន​ប្រសាសន៍​ផង​ដែរថា  រួម​ទាំង​ការ​ចូល​​រួម​វិភាគ​ទាន​លើក​នេះ​ ការគាំ​ទ្រផ្នែក​ហិរញ្ញ​វត្ថុ​របស់​អូស្ត្រាលី​ដល់អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​កើន​ដល់​១៨,៣​លាន​ដុល្លារ​អូស្ត្រាលី​។

អូស្ត្រាលី​ គឺ​ជាប្រទេស​ផ្តល់​ជំនួយធំជាង​គេ​លំដាប់​ទី២​ ចំពោះ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​​​តុលាការ​កម្ពុជា​ ។ ការ​ងារ​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុងតុលាការ​កម្ពុជា​ មាន​សារ​សំខាន់​បំផុត​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​យុត្តិ​ធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​បានទទួ​លរង​គ្រោះ​នៅ​ក្នុុង​របប​ខ្មែរ​ក្រហម​។ អូស្ត្រាលី​ សូម​ស្វាគ​​​​​​​មន៍​​​​ចំពោះ​ការបញ្ចប់​ជាប្រវត្តិ​សាស្ត្រ​ កាលពី​ថ្ងៃទី​៣ កុម្ភៈ ២០១២​ លើ​សំណុំ​រឿង​ទី១​ប្រឆាំង​នឹង​ កាំង​ ហ្គេច​អ៊ាវ​ ហៅ​ ឌុច​ អតីត​ប្រធាន​ពន្ធ​នាគារ​ដ៏​អសោច​នៃ​របប​ខ្មែរ​ក្រហម​ ដែលបញ្ជូន​ប្រជា​​​​ជន​​​​កម្ពុជា​ប្រមាណ​១៥.០០០​នាក់​ ទៅ​វាល​​​​​ពិឃាដ​ទាំង​នោះ ។

បច្ចុប្ប​ន្ន​នេះ អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​​តុលាការកម្ពុជា​កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​សំណុំ​រឿង​ទី​២​ ដ៏​សំខាន់​ដែល​ប្រឆាំង​នឹង​អតីត​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​របប​ខ្មែរ​ក្រហម​បីនាក់​ ដែល​កំពុង​រស់​រាន​មាន​ជីវិត​នៅ​ឡើយ​ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ នួន​ ជា​ ដែលជា​បង​ធំទី​២​ នៃរបប​​ ប៉ុល​ ពត​ ផង​ដែរ ។ ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ ។

លោក​​សូម​ឱ្យ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ បន្ត​ភារ​កិច្ច​​ឱ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​បាន​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ទំនួល​​​​​ខុស​ត្រូវ​ចំពោះ​អំពើ​ដ៏​សាហាវ​យង់​​ឃ្នង​ដែលប្រព្រឹត្ត​ដោយ​ខ្មែរ​ក្រហម ។ ជាការ​​​​ពិត​​​​​ណាស់​ ឯក​រាជ្យ​ភាព​របស់​តុលាការ​មាន​លក្ខណៈ​ឧត្តុង្គ​ឧត្តម​ណាស់​ ហើយ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​​ក្នុង​តុលាការ​កម្ពុជា​ត្រូវតែ​ដំណើរ​ការ​ដោយ​មិន​មានការ​ជ្រៀត​ជ្រែកពី​ខាង​ក្រៅ​ ។

ខ្មែរ​ក្រហម​បាន​កាន់​កាប​់​ប្រទេស​កម្ពុជា​ចាប់​​​តាំង​ពី​ឆ្នាំ​១៩៧៥​ ដល់​១៩៧៩​ ។ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​១​លាន​៦​សែន​នាក់​ ឬ​មួយ​ភាគប្រាំ​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប​ត្រូវ​បាន​ជឿ​ជាក់​ថា​ បានស្លាប់​បាត់បង់​ជីវិត​ដោយ​សារ​តែ​គោល​នយោ​បាយ​នៃ​របប​នេះ​ ។

ថវិកាបន្ថែម​នេះ នឹង​ត្រូវ​ផ្តល់​ជូន​ដល់​ភាគី​ទាំង​ពីរ​នៃ​តុលាការ​កូន​កាត់​មួយ​នេះ​ ក្នុង​នោះ​១​លាន​ដុល្លារ​ផ្តល់​ជូន​ភាគី​អន្តរជាតិ​ និង​៦១០.​​០០០ដុល្លារ​ផ្តល់​ជូន​ភាគី​ជាតិ​ ៕