រាជធានីភ្នំពេញ ៖ នាថ្ងៃសៅរ៍ ទី២៤ មីនា ការប្រកួតបាល់ទាត់ថ្នាក់ជាតិឆ្នាំ២០១២ មាន២ប្រកួត គឺក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ជួប ក្រុមចម្ការកៅស៊ូបឹងកេត ហើយក្រុមព្រះខ័នរាជ្យ ជួបក្រុមឆ្លាមសមុទ្រ ។ ដោយឡែកនៅថ្ងៃអាទិត្យ ទី២៥ មីនា មាន២ប្រកួតទៀត គឺក្រុមណាហ្គាខប ជួប ក្រុមបៀលប្រាយ ហើយក្រុមសាកលវិទ្យាល័យវេស្ទើន ជួប ក្រុមភ្នំពេញក្រោន ។
ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ លេងបាន១ប្រកួតរួចមកហើយ ដែលនៅថ្ងៃបើកឆាកដំបូងបានយកឈ្នះក្រុមណាហ្គាខប២-៤ មាន៣ពិន្ទុនៅក្នុងដៃមុនគេ ។ ចំណែកក្រុមចម្ការកៅស៊ូបឹងកេតវិញ ក៏មិនអន់ប៉ុន្មានដែរ ក្រុមដែលទើបតែឡើងថ្មីមួយនេះ ប្រកួតលើកទី១ បានយកឈ្នះ ក្រុមគិរីវង់សុខសែនជ័យ ៣-១ គឺពិតជាមិនធម្មតាឡើយ។ ឯលើកនេះមិនទាន់ដឹងថា មានសំណាង ឬក៏អត់នោះទេ ព្រោះមកប៉ះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជាក្រុមខ្លាំងពិបាកទប់ទល់បំផុត ។
ក្រុមព្រះខ័នរាជ្យ អាចមានសង្ឃឹមឈ្នះច្រើនជាងសម្រាប់ការមកប៉ះក្រុមឆ្លាមសមុទ្រលើកនេះ ។ ក្រុមព្រះខ័នរាជ្យ លេងបាន១ប្រកួតរួចមកហើយ ដោយបានយកឈ្នះ ក្រុមភ្នំពេញក្រោន ៣-០ ។ ចំណែកក្រុមឆ្លាមសមុទ្រវិញលេង បាន១ប្រកួតរួចមកហើយដូចគ្នា តែចាញ់ក្រុមបៀលប្រាយ ២-០ ។ លើកនេះក្រុមឆ្លាមសមុទ្រពិបាកសង្ឃឹមឈ្នះខ្លាំងណាស់ ព្រោះគេមកប៉ះក្រុមព្រះខ័នរាជ្យ ពិតជាពិបាកទប់ទល់បំផុត ។
ក្រុមណាហ្គាខប ជួប ក្រុមបៀលប្រាយយូណាយធីត ។ ប្រវត្តិលេងបាន១ប្រកួតម្នាក់កន្លងមកនេះ ក្រុមបៀលប្រាយស្គាល់ឈ្នះរួចមកហើយ ចំណែកក្រុមណាហ្គាខបនៅមិនទាន់ស្គាល់ឈ្នះទេ ។ លើកនេះ ក្រុមណាហ្គាខបមិនដឹងថា អាចស្តារការបរាជ័យរបស់គេបានមកវិញ ឬក៏អត់ឡើយេ ព្រោះក្រុមបៀលប្រាយ មានយុទ្ធសាស្ត្រលេងនៅលើទីលានពិបាកយល់បំផុត បើប៉ះក្រុមខ្លាំងក៏ទៅរួច បើប៉ះក្រុមខ្សោយក៏មិនបារម្ភដែរ ។
ក្រុមសាកលវិទ្យាល័យវេស្ទើន ជួប ក្រុមភ្នំពេញក្រោន ។ ក្រុមថ្មីសាកលវិទ្យាល័យវេស្ទើន ខ្លាំងគ្រាន់បើ បើកឆាកប្រកួតលើកទី១ បានយកស្មើ ០-០ ជាមួយក្រុមក្រសួងការពារជាតិ រីឯក្រុមភ្នំពេញក្រោនដែលជាក្រុមចាស់វស្សាជាងនោះ បែរជាលេងចាញ់មួយប្រកួត។ ពេលនេះ មជ្ឈដ្ឋានអ្នកតាមដានការប្រកួតភាគច្រើនខ្លាចក្រែងតែក្រុមភ្នំពេញក្រោនមិនអាចទៅរួចជាមួយក្រុមសាកលវិទ្យាល័យវេស្ទើនទេ ៕
ចែករំលែកព័តមាននេះ