ខេត្តពោធិ៍សាត់ ៖ កណ្តុរ និងកន្លាត គឺជាសត្វចង្រៃដែលមនុស្សគ្រប់គ្នាមិនសូវចូលចិត្ត ព្រោះវាបំផ្លាញផលដំណាំ និងសម្ភារក្នុងផ្ទះ ។កន្លងមកវិធីកម្ចាត់សត្វកណ្តុរ គឺគេចិញ្ចឹមឆ្មាក្នុងផ្ទះ ឬដាក់ថ្នាំបំពុល ឯកន្លាតវិញគេប្រើថ្នាំគ្រាប់ដាក់ក្នុងទូខោអាវ ឬបាញ់ថ្នាំមូសសម្លាប់ជាដើម។
ឥឡូវនេះ នៅខេត្តពោធិ៍សាត់មានការភ្ញាក់ផ្អើលដោយសារមានប្រភេទដើមឈើម្យ៉ាងដែលគេអះអាងថា អាចដេញសត្វកណ្តុរ និងសត្វកន្លាតចេញពីក្នុងផ្ទះដោយមិនចាំបាច់ចិញ្ចឹមឆ្មា ឬដាក់ថ្នាំបំពុលឡើយ ។ ឈើពិសេសដេញកណ្តុរ និងកន្លាតនេះ ទើបតែឮល្បីមិនដល់មួយខែផង ស្រាប់តែឥឡូវនេះត្រូវបានគេដាក់តាំងលក់ក្នុងពិធីតាំងពិព័រណ៍បង្ហាញផលិតផលស្នាដៃស្ត្រីក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា ដែលបានប្រារព្ធធ្វើរយៈពេល៣ថ្ងៃនៅលើកោះសំពៅមាស ខេត្តពោធិ៍សាត់ថ្ងៃទី២៦ដល់២៨ កុម្ភៈ ២០១២ នេះ។ នារីបុគ្គលិកអង្គការភូមិគ្រឹះសហគមន៍ខេត្ត ដែលតាំងពិព័រណ៍ដើមឈើដេញសត្វកណ្តុរ និងកន្លាតនោះបានរៀបរាប់ថា ដើមឈើនេះមាន៣ប្រភេទ ប៉ុន្តែនាងមិនប្រាប់ឈ្មោះទេគ្រាន់តែថា នៅព្រៃភ្នំក៏មានដុះនៅក្នុងភូមិក៏មានដុះ ។ យើងកាប់ហាលថ្ងៃឱ្យស្ងួត រួចហើយកាត់ខ្លីៗចងបាច់ និងច្រកថង់ ។ មួយបាច់លក់តម្លៃ២.០០០រៀល និងមួយថង់១៨.០០០រៀល ។
ស្ត្រីខាងលើបន្តថា ពេលនាងទៅខេត្តបាត់ដំបង ឃើញគេលក់ក៏ទិញមកសាកល្បងមើល។ ពេលដាក់នៅក្នុងផ្ទះបានតែ២ថ្ងៃ ស្រាប់តែបាត់សត្វកណ្តុរ និងសត្វកន្លាតអស់រលីងធ្វើឱ្យនាងមានការជឿជាក់យ៉ាងខ្លាំង ទើបផ្តល់ព័ត៌មានឱ្យភូមិគ្រឹះសហគមន៍ខេត្តពោធិ៍សាត់ ដើម្បីជាវបន្ថែមយកមកលក់ក្នុងពិធីតាំងពិព័រណ៍នេះ ៕
ចែករំលែកព័តមាននេះ