ខេត្តព្រៃវែង ៖ យុវជនម្នាក់ជាកងកម្លាំងវិស្វកម្មធ្វើស្ពានបេតុងនៅភូមិពានា ស្រុកសន្ធរកណ្ដាល ខណៈកំពុងឈរមើលគេជិះសេះហោះនៅមុខវត្ដពានា ស្រាប់តែមានជនសង្ស័យលបកាប់នឹងដាវសាំមូរ៉ៃដាច់ប្រអប់ដៃឆ្វេងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៤ កុម្ភៈ។
យុវជនរងគ្រោះឈ្មោះក្លូត នី អាយុ១៩ឆ្នាំ ជាកងកម្លាំងវិស្វកម្មធ្វើស្ពានបេតុង មានស្រុកកំណើតនៅភូមិត្រញំងក្រប៉ៅ ឃុំធ្លុងពពក ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង បានឱ្យដឹងថា រូបគេស្នាក់នៅធ្វើស្ពានបេតុងនៅភូមិពានា ស្រុកសន្ធរ កណ្ដាលនេះ រយៈពេលជិត៣ខែកន្លងមកហើយ។ នៅយប់កើតហេតុនៅវត្ដពានាមានគេដាក់សេះហោះសំរាប់ជួលជិះកម្សាន្ដ ហើយរូបគេនិងមិត្ដភក្ដិបានទៅឈរមើលស្រាប់តែមានជនសង្ស័យមិនស្គាល់មុខលបកាប់នឹងដាវសាំមូរ៉ៃ ត្រូវប្រអប់ដៃឆ្វេង រួចរត់គេចខ្លួនបាត់ ។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវគេបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន និងត្រូវមេការដឹកបន្តតាមរថយន្ដយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។
ជនរងគ្រោះបានអះអាងថា ការកាប់នេះអាចជាការកាប់ច្រឡំមនុស្ស ដោយសារថា ខ្លួនទើបស្នាក់នៅទីនោះបណ្ដោះអាសន្នក្នុងពេលសាងសង់ស្ពានបេតុងនេះប៉ុណ្ណោះ មិនដែលមានទំនាក់ទំនង ឬទំនាស់ជាមួយអ្នកណាក្នុងភូមិនេះទេ ៕
ចែករំលែកព័តមាននេះ