ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រដ្ឋមន្ត្រីក្រសួង​អប់រំ​៖ ដោយសារ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​ធ្វើ​ឱ្យ​សាលារៀន​ជាប់​ព្រំដែន​ក្នុង​ខេត្តឧត្តរមានជ័យ​ប្រមាណ៦០៥​កន្លែង​បាន​ផ្អាក​ដំណើរ​ការ​ជា​បណ្តោះអាសន្ន

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ នៅ​ខេត្តឧត្តរមានជ័យ ​ដោយសារ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ បាន​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ប្រយោល…

រាជធានី​ភ្នំពេញ​ ៖ នៅ​ខេត្តឧត្តរមានជ័យ ​ដោយសារ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ បាន​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ប្រយោល ដែល​បាន​ធ្វើ​ឱ្យ​សាលារៀន​ជាប់​ព្រំដែន​ប្រមាណ​៦០៥​កន្លែង ​បាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន សិស្ស​ប្រមាណ​១៥​ម៉ឺន​នាក់ និង​គ្រូបង្រៀន​៦៣០០​នាក់ ត្រូវ​ភៀស​សឹក​។ នេះ​បើ​តាម​ការ​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន ​និង​កីឡា​ ។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ​ជួន​ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែង​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០២៥-២០២៦ ជា​និមិត្តរូប​នៅ​វិទ្យាល័យ ហ៊ុន សែន ចុងកាល់ ខេត្តឧត្តរមានជ័យ ព្រឹក​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​ថ្លែងថា ​ទោះបី​មានការ​សាលារៀន​ខ្លះ​ផ្អាក​បណ្តោះអាសន្ន​ក្តី​ ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ដាក់​ចេញ​នូវ​វិធានការ​លើកទឹកចិត្ត​ឱ្យ​មានការ​ចងសម្ព័ន្ធភាព ​រវាង​មន្ទីរ​អប់រំ​យុវជន និង​កីឡា​រាជធានី ខេត្ត ជាមួយនឹង​ខេត្ត ដែល​រង​ផល​ប៉ះពាល់​ពី​ជម្លោះព្រំដែន ដើម្បី​ផ្តល់​ការ​គាំទ្រ និង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ ដែល​បាន​រង​ខ្ទេចខ្ទាំ​ពី​សង្គ្រាម ក៏​ដូច​ជា​ការ​អភិវឌ្ឍ​សាលារៀន​នៅ​តាម​ជាយ​ដែន​ឱ្យ​មាន​ភាព​គត់មត់​នៅ​ក្នុង​រយៈពេល​ខ្លី​ខាង​មុខ និង​ក្នុង​រយៈពេល​វែង​។

ឯកឧត្តម​បាន​បញ្ជាក់​ថា ការ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នា​ពេល​នេះ គឺជា​ឆ្នាំ​ទី​៣ នៃ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា ដែល​ក្នុង​នោះ​ការ​អភិវឌ្ឍ​ធនធានមនុស្ស ​គឺជា​វិស័យ​អាទិភាព និង​មាន​គោលដៅ​ឆ្ពោះទៅ​អភិវឌ្ឍន៍​មូលធន​មនុស្ស​ឱ្យ​មានចំណេះ​ដឹង និង​សមត្ថភាព​ខ្ពស់ ភាព​ច្នៃប្រឌិត ស្មារតី​សហគ្រិនភាព នវានុវត្តន៍ និង​ក្រមសីលធម៌​ខ្ពស់ ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិ​យា​បន្ន​។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​បុគ្គលិក​អប់រំ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ខិតខំ​បំពេញការងារ​តាម​ភារកិច្ច​រៀង​ៗ​ខ្លួន និង​ចូលរួម​អនុវត្ត​កំណែទម្រង់​វិស័យ​អប់រំ​ប្រកប ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​បុ​រេ​សកម្ម ជា​ហេតុ​ធ្វើ​ឱ្យ​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​ស្ថិត​នៅ​គន្លង​ត្រឹមត្រូវ ទាំង​ការងារ​គោលនយោបាយ ការងារ​គ្រប់គ្រង និង​ការ​ផ្តល់​សេវា​បង្រៀន និង​រៀន​ ។ ជាក់ស្តែង លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២៨ សីហា ២០២៥ ទទួល​បាន​នូវ​ភាគរយ​ប្រឡង​ជាប់ ៨៤.៥៦% និង​សិស្ស​និទ្ទេស A ចំនួន ៣០២០​នាក់​។ ជា​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ​មាន​ភាគរយ​ប្រឡង​ជាប់ ៩៤.៣៤%​។

ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្តម​ក៏​បាន​ឲ្យ​ដឹង​ថា ​ក្រសួង​ក៏​បាន​និង​កំពុង​ខិតខំ​កៀរគរ និង​ផ្តល់​សម្ភារៈ​ចាំបាច់​មួយ​ចំនួន ​សម្រាប់​ការ​សម្រួល​ដំណើរការ​រៀនសូត្រ ដោយ​សូម​យក​ឱកាស​នេះ​ដែរ ថ្លែងអំណរគុណ​ដល់​ការ​ចូលរួម​របស់​សប្បុរសជន​នានា ក្នុង​ការ​គាំទ្រ ដែល​បាន​ផ្តល់​នូវ​គ្រឿង​ឧប​ភោគបរិភោគ សម្ភារៈ​កីឡា ភេសជ្ជៈ និង​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​ផ្សេង​ៗ​មួយ​ចំនួន​ទៅ​ដល់ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជម្លោះព្រំដែន​នេះ​ផង​ដែរ​។​

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​បុគ្គលិក​អប់រំ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ខិតខំ​បំពេញការងារ​តាម​ភារកិច្ច​រៀង​ៗ​ខ្លួន និង​ចូលរួម​អនុវត្ត​កំណែទម្រង់​វិស័យ​អប់រំ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​បុ​រេ​សកម្ម ជា​ហេតុ​ធ្វើ​ឱ្យ​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​ស្ថិត​នៅ​គន្លង​ត្រឹមត្រូវ ទាំង​ការងារ​គោលនយោបាយ ការងារ​គ្រប់គ្រង និង​ការ​ផ្តល់​សេវា​បង្រៀន និង​រៀន​។

ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​បន្ត​សហការ​ជិត​ស្និទ្ធិ​ ជាមួយ​លេខាធិការដ្ឋាន នៃ​គណៈ​កម្មាធិ​ការ​ជាតិ ជំរុញ ការ​អនុវត្ត​វិធានការ​គន្លឹះ​ក្នុង​វិស័យ​អប់រំ (​គ​វ​អ​.) ដោយ​ឈរ​លើ​គោលការណ៍​មិន​ពង្រីក​ចំនួន​សាលារៀន​គោលដៅ ប៉ុន្តែ​ខិតខំ​បង្កើន​ប្រសិទ្ធភាព និង​ចីរភាព​នៃ​ការ​អនុវត្ត​កម្មវិធី គ​វ​អ​. នៅ​តាម​សាលា​បឋម​សិក្សា​គោលដៅ​ទាំង ១៦១ ដែល មាន​ស្រាប់​, បន្ត​ជំរុញ​ចលនា​សាលារៀន​ល្អ នាយក​សាលា​ល្អ​គ្រូបង្រៀន​ល្អ បរិស្ថាន សាលារៀន​ល្អ និង​ការ​ចូលរួម​របស់​សហគមន៍ មាតាបិតា និង​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​អប់រំ ,​បន្ត​ផ្តោត​លើ​ការ​រៀន និង​បង្រៀន​មុខ​វិជ្ជា​ភាសា​ខ្មែរ និង​គណិត​វិទ្យា ថ្នាក់ដំបូង​នៅ​កម្រិត​បឋម​សិក្សា ការ​បង្កើន​ការ​ចូល​រៀន និង​ការ​ពង្រឹង​ការ​សិក្សា​មុខ​វិជ្ជា គណិត​វិទ្យា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ភាសាបរទេស នៅ​កម្រិត​មធ្យមសិក្សា​ចំណេះ​ទូទៅ​រួម​ទាំង​ការ​អនុវត្ត​វិធីសាស្ត្រ​បង្រៀន​ថ្មី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ