រាជធានីភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ សូមជម្រាបជូនព័ត៌មានដល់សាធារណជនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ បានសម្រេចចាត់តាំងសមាសភាពនាយនគរបាលជាន់ខ្ពស់ចំនួន១២រូប ដឹកនាំដោយអគ្គស្នងការរងនគរបាលជាតិ០១រូប ដើម្បីចូលរួមអនុវត្តផែនការសកម្មភាព សម្រាប់កិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្សរវាងនគរបាលជាតិកម្ពុជា និង
នគរបាលភូមិន្ទថៃ ដែលបានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។ នេះបើយោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០១ វិច្ឆិកា ២០២៥ នេះ ។
សេចក្តីសម្រេចនេះ រៀបចំឡើងតាមខ្លឹមសារនៃផែនការសកម្មភាព ចំណុចទី៨ ស្តីពី«ក្រុមការងារដើម្បីអនុវត្តផែនការសកម្មភាព» និងបានផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ KITTHARATH PUNPETCH អគ្គស្នងការនគរបាលភូមិន្ទថៃ ជាផ្លូវការរួចហើយ ដោយអនុលោមតាមស្មារតីកិច្ចប្រជុំពិសេសលើកទី១ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង និងកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
គួរបញ្ជាក់ផងដែរ ផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្សរវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល តាមរយៈការចែករំលែកព័ត៌មាន និងការគាំទ្រគ្នាទៅវិញទៅមកលើបច្ចេកទេសស៊ើបអង្កេត វត្ថុតាង និងការអនុវត្តវិធានការច្បាប់ចំពោះជនសង្ស័យ ដោយគោរពតាមគោលការណ៍ច្បាប់នៃប្រទេសទាំងពីរ ។
ការបង្កើតក្រុមការងារនេះ ភាគីទាំងពីរត្រូវជូនដំណឹងផ្លូវការឱ្យគ្នាទៅវិញទៅមក នូវសមាសភាពក្រុមការងារ ដើម្បីអាចចាប់ផ្តើមអនុវត្តផែនការសកម្មភាពភ្លាមៗ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជ្រាបជាព័ត៌មាន៕
ចែករំលែកព័តមាននេះ