ខេត្តកំពង់ស្ពឺ ៖ បុរសជាប្អូនត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន ធ្វើការឃាត់ខ្លួនតាមបណ្តឹងរបស់បងប្រុសបង្កើត បន្ទាប់ពីប្អូនប្រុសបានទាញកាំបិតប៉័ងតោនិងដំបងដេញកាប់បងផ្អើលពេញភូមិ ដោយមិនដឹងពីមូលហេតុច្បាស់លាស់ ។

មន្ត្រីអាវុធហត្ថក្រុងច្បារមនបាននិយាយឱ្យដឹងថា កាលពីវេលាម៉ោង០៤ និង១៧នាទីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋឈ្មោះ សំ សុខុម ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅក្នុងភូមិអំពែភ្នំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន បានខលទំនាក់ទំនងតាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ (HoteLine)លេខ១២៩២ បានរាយការណ៍មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ថាមានករណីហិង្សាក្នុងគ្រួសារ ដោយប្អូនប្រុសបង្កើតបានយកដំបង និងកាំបិត ប៉័ងតោបានដេញវាយនិងកាប់មកលើខ្លួន។
បន្ទាប់ពីទទួលបានព័ត៌មាន និងបណ្តឹងរួច នៅវេលាម៉ោង០៤ និង៣៧នាទីរសៀល ថ្ងៃទី៣០ ខែ
តុលា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ទៅដល់ទីតាំងកើតហេតុ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់នាក់ មានឈ្មោះ ភុន ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរធ្វើនំបញ្ជុក រស់នៅក្នុងភូមិអំពែភ្នំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

មន្ត្រីអាវុធហត្ថដដែលបានបន្តថា ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យ កម្លាំងធ្វើការដកហូតវត្ថុតាងរួមមាន កាំបិតប៉័ងតោ ចំនួន០១ដើម និងដំបងឈើ ចំនួន០១ដើមផងដែរ។ ចំពោះឈ្មោះ ភុន ម៉ៅ
(ហៅផ្កាយ)នេះ មានដីកាបង្គាប់ឱ្យចាប់ខ្លួន ពីបទបង្ករបួសដោយចេតនា ដែលប្រព្រឹត្តនៅក្នុងភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺថែមទៀតផង ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមជាមួយ និងវត្ថុតាង បានបញ្ចូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់បន្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ