ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទាទោស​ជន​ប្រមឹក​វាយ​អាចារ្យវត្ត​ស្លាប់ ដាក់​ពន្ធនាគារ​១៦​ឆ្នាំ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៥ បាន​ប្រកាស​សាលក្រម​ជា​សាធារណៈ ដោយ​ផ្តន្ទាទោស​ជនជាប់ចោទ​ម្នាក់​ឈ្មោះ កន វ៉េ​ត…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៥ បាន​ប្រកាស​សាលក្រម​ជា​សាធារណៈ ដោយ​ផ្តន្ទាទោស​ជនជាប់ចោទ​ម្នាក់​ឈ្មោះ កន វ៉េ​ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុង​វត្ត ដាក់​ពន្ធនាគារ​កំណត់​១៦​ឆ្នាំ ពី​បទ​.​ឃាតកម្ម មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​មរណភាព​ជន​រង​គ្រោះ ប្រព្រឹត្ត​កាលពី​ថ្ងៃ​៨ ខែមិថុនា ឆ្នាំ​២០២៤ ។ សាលក្រម​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិន​ភាគី​ណាមួយ មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ ។

សូម​រម្លឹក​ថា កាលពី​យប់​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២៤ ជនជាប់ចោទ​ឈ្មោះ កន វ៉េ​ត ជា​មនុស្ស​ញៀន​សុរា ផឹកស្រា​ថ្នាំ អស់​ចំនួន ៣​លី​ត្រ ក៏​ស្រវឹង រួច ចូល​ដេក​ក្នុង​កុដិ​ព្រះសង្ឃ វត្ត​មុនី​សាគរ ភូមិ​យក​បាត្រ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ក្នុង​ស្ថានភាព​ស្រវឹង​ម្តង​ៗ​ជនជាប់ចោទ​តែងតែ​និយាយ​ច្រើន និង​ស្រែក​ឡូឡា ផ្អើល​ព្រះសង្ឃ និង​អាចារ្យវត្ត ក៏​បាន​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ឈ្មោះ សួន រឿ​ន ភេទ​ប្រុស អាយុ​៦៩ ឆ្នាំ ដែល​ជា​អាចារ្យវត្ត ណែនាំ និង​ស្តីបន្ទោស​ជា​ញឹកញាប់ ដើម្បី​រក្សា​សណ្តាប់​ក្នុង​វត្ត​អារាម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រៀនសូត្រ​របស់​ព្រះសង្ឃ ។ ផ្ទុយ​ទៅ​វិញ ជនជាប់ចោទ មិន​ដែល​យកចិត្តទុកដាក់ និង​ស្តាប់​តាម​ដំបូល​មាន​របស់​លោក​អាចារ្យ​ទេ ហើយ​តែងតែ​បង្កជម្លោះ រហូត​មានការ​លប​លួច​ច្របាច់ក​ជន​រង​គ្រោះ​ទៀត​ផង ។ លុះដល់​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២៤ ម៉ោង​១៣​និង​៣០​នាទី ជន​រង​គ្រោះ​កំពុង​ដេក​នៅ​លើ​តុ ក្នុង​សាលា​បាលី ស្រាប់តែ​ជនជាប់ចោទ បាន​យក​ដែក​បំពង់​ទីប​មូល វាយ​ទៅ​លើ​ជន​រង​គ្រោះ​ចំ​ចុង​ភ្នែក​ស្ដាំ និង​ចង្កា បណ្តាល​ឲ្យ​សន្លប់​បាត់បង់​ស្មារតី ខណៈ​ពេល​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ជួយរ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង ដែក​បំពង់​ទីប​មូល ១ ប្រវែង​ប្រហែល​១​ម៉ែត្រ នាំ​ទៅ​ទីស្នាក់ការ​ប៉ុស្ដិ៍​រដ្ឋបាល​នគរ​បា​ក្បាលកោះ ដើម្បី​ធ្វើការ​សាកសួរ ។ ចំណែក​ជន​រង​គ្រោះ ត្រូវ​បាន​ប្រជាពលរដ្ឋ នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ឯកជន​ប៉ុន្តែ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ។

ដោយ​យោង​ទៅ​លើ​បទល្មើស​ជាក់ស្តែង និង​ពាក្យបណ្តឹង​របស់​ភាគី​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ