រាជធានីភ្នំពេញ ៖ យោងតាមអាជ្ញាធរមីនបានឱ្យដឹងថា ប្រព័ន្ធត្រួតពិនិត្យការអនុវត្តសកម្មភាពមីន (PMS) ជាឧបករណ៍មួយ ត្រូវបានបង្កើតឡើងសម្រាប់ប្រមូលព័ត៌មាន និងទិន្នន័យផលសេដ្ឋកិច្ចសង្គមនៃការប្រើប្រាស់ដីបោសសម្អាតមីនរួច ដោយប្រជាពលរដ្ឋអ្នកទទួលផលលើទាំងនោះ។

ការងារប្រមូលទិន្នន័យនេះ ត្រូវបានអនុវត្តដោយក្រុមការងារផែនការសកម្មភាពខេត្ត(ម៉ាពូ) ចាប់តាំងពីឆ្នាំ២០២០ ដល់បច្ចុប្បន្ន ក្នុងខេត្តគោលដៅចំនួន៣ដែលអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR-IV) រួមមាន៖ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន។

ជារៀងរាល់ឆ្នាំ ក្រោយម៉ាពូបញ្ចប់ការប្រមូលទិន្នន័យ PMS នេះ នាយកដ្ឋានផែនការការ សេដ្ឋកិច្ចសង្គម និងគ្រប់គ្រងទិន្នន័យ តែងរៀបចំកិច្ចប្រជុំបច្ចេកទេសជាមួយម៉ាពូ មន្ត្រីគម្រោង CFR-IV ដើម្បីបូកសរុបលទ្ធផលនៃការប្រមូលទិន្នន័យ និងវិភាគទិន្នន័យការប្រើប្រាស់ដីក្រោយបោសសម្អាតមីនមីនរួច ដើម្បីផលិតរបាយការណ៍PMSនេះប្រចាំឆ្នាំ។

គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ក្រុមការងារម៉ាពូខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន បានប្រមូលទិន្នន័យនៃការប្រើប្រាស់ដីចម្ការមីនដែលបានបោសសម្អាតរួចចំនួនជាង១ ៦០០ កន្លែង (ទំហំផ្ទៃដីប្រមាណ១២១គីឡូម៉ែត្រការ៉េ) ក្នុងខេត្តទាំង៣ ដោយក្នុងនោះ ផ្ទៃដីប្រមាណជិត៨០% ត្រូវបានប្រជាពលរដ្ឋអ្នកទទួលផលប្រើប្រាស់សម្រាប់បង្កបង្កើនផលធ្វើកសិកម្ម ។


ចែករំលែកព័តមាននេះ