រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ប្រទេសជាតិរីកចម្រើន មានការអភិវឌ្ឍន៍ជឿនលឿនរឹងមាំ គឺពឹងលើធនធានមនុស្សដែលមានបញ្ញាញាណខ្លាំងក្លា ។ ដូច្នេះ សូមប្អូនៗ ក្មួយៗ សិស្សានុសិស្សទាំងអស់ ប្រឹងប្រែង សិក្សារៀនសូត្រឲ្យបានខ្លាំងក្លា ដើម្បីជាទំពាំងស្នងប្ញស្សី ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនជឿនលឿន ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដែលជាបំណងប្រាថ្នាពលរដ្ឋខ្មែរគ្រប់រូប ។

ការលើកឡើងរបស់លោក ឃួង ស្រេង បែបនេះ បានធ្វើឡើងក្រោយបានអានសារលិខិតថ្លែងអបអរសាទរក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី០១ វិច្ឆិកា ២០២៥ នេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ និងពិធីចែករង្វាន់សិស្សពូកែ ទូទាំងរាជធានីភ្នំពេញ និងសិស្សនិទ្ទេស A ឆ្នាំសិក្សា២០២៤-២០២៥ នៅវិទ្យាល័យព្រែកលៀប ខណ្ឌជ្រោយចង្វា ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងទៀតថា ប្រជាពលរដ្ឋយើងពិតជាមានមោទនភាព និងសប្បាយរីករាយណាស់ ដែលមានថ្នាក់ដឹកនាំ ដែលមានសមត្ថភាពខ្លាំងក្លាក្នុងការដឹកនាំប្រទេស នោះគឺសម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ ជាក់ស្ដែង យើងបានឃើញហើយថា កាលពីថ្ងៃទី២៦ តុលា កន្លងមកនេះ សម្ដេចបបរធិបតីបានបង្ហាញឲ្យឃើញពីសមត្ថភាពដ៏ខ្លាំងក្លា ក្នុងការនាំប្រទេសជាតិមកនូវសន្តិភាពពេញលេញ ដែលយើងគ្រប់គ្នាជឿទុកចិត្តបានហើយបានធ្វើឱ្យប្រទេសជាតិរួចផុតពីសង្គ្រាមកាត់បន្ថយបានការស្លាប់ និងរបួសកងទ័ព និងប្រជាពលរដ្ឋទាំងសងខាងថែមទៀតផង។

លោក ឃួង ស្រេង នៅក្នុងឱកាសនោះ ក៏បានលើកឡើងពីវិស័យអប់រំក្រោយឆ្នាំ១៩៧៩ ដែល កម្ពុជាមិនមានអ្វីទាំងអស់។ តែដោយការខិតខំប្រឹងប្រែងពីរាជរដ្ឋាភិបាលនាពេលនោះ ទើបធ្វើឲ្យវិស័យអប់រំមានការអភិវឌ្ឍ រីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានសូមឱ្យកូនក្មួយទាំងអស់ប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានខ្លាំងក្លា ដើម្បីយកចំណេះវិជ្ជាទាំងនេះមកបម្រើជាតិមាតុភូមិ ធ្វើឲ្យសេដ្ឋកិច្ចជាតិរបស់យើងកាន់តែរីកចម្រើនមួយកំរិតថែមទៀត ហើយចំណេះវិជ្ជាទាំងនេះ ក៏ជាខឿនការពារបូរណភាពទឹកដីរបស់យើងដ៏មានប្រសិទ្ធភាពផងដែរ ។

រាជរដ្ឋាភិបាលកម្ពុជាអាចរីកចម្រើនជឿនលឿនអភិវឌ្ឍន៍ទៅបាន គឺពឹងលើក្មួយៗជំនាន់ក្រោយទាំងអស់នេះហើយ ។ ចំណែករាជធានីភ្នំពេញក៏ដូច្នោះដែរ បើមិនមានការចូលរួមពីប្រជាពលរដ្ឋទេ រាជធានីភ្នំពេញក៏មិនមានអនាម័យ បរិស្ថាននិងការអភិវឌ្ឍរីកចំរើនដូចពេលនេះដែរ ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងដែរថា ការរៀបចំប្រឡងជ្រើសរើសសិស្សពូកែទូទាំងរាជធានី ផ្នែកអក្សរ សិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យាថ្នាក់ទី៩ និងថ្នាក់ទី១២ ចាក់ទី១២ ដែលមកពីមកពីគ្រប់គ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជនទូទាំងរាជធានីមានចំនួន២៤នាក់ ក្នុងនោះ យុវតី១០នាក់ ហើយសិស្សពូកែទាំងនេះ បានទៅប្រលងជ្រើសរើសសិស្សពូកែទូទាំងប្រទេស នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នៅវិទ្យាល័យជាស៊ីម សន្ធម៉ុក រាជធានីភ្នំពេញ ដែលបេក្ខជនមកពីគ្រប់រាជធានី ខេត្តចំនួន២៤០នាក់។

ជាលទ្ធផល រាជធានីភ្នំពេញ ដណ្តើមបានជ័យលាភីចំនួន៦នាក់ យុវតី២នាក់ ក្នុងនោះ មេដាយមាស១ លើមេដាយមាសទូទាំងប្រទេស៦នាក់ មេដាយប្រាក់៣ លើមេដាយប្រាក់ទូទាំងប្រទេស៦ មេដាយសំរិទ្ធ ១លើមេដាយសំរិទ្ធទូទាំងប្រទេស៦ ទទួលបានវិញ្ញាបនបត្រសិស្សពូកែទូទាំងប្រទេសចំណាត់ថ្នាក់លេខ៤ ចំនួន១នាក់។

លោកប្រធានបន្តថា ចំពោះសម្ភារ និងការសំណេះសំណាលពីសំណាក់ឯកឧត្តមឃួង ស្រេង នាពេលនេះជាការលើកទឹកចិត្តដល់គណៈនាយកគ្រប់គ្រឹះស្ថានសិក្សា និងគណៈនាយកសាលគ្រប់កំរិតលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស ឱ្យខិតខំបង្រៀន និងរៀនបន្ថែមទៀត។ ជាការតបស្នងចំពោះការយកចិត្តទុកដាក់នេះជំនួសមុខឱ្យមន្ត្រីអប់រំទូទាំង រាជធានីភ្នំពេញ យើងខ្ញុំទាំងអស់គ្នា ប្តេជ្ញាចិត្តចូលរួមបំពេញការងារឱ្យកាន់តែល្អប្រសើរថែមទៀត៕




ចែករំលែកព័តមាននេះ