រាជធានីភ្នំពេញ ៖ ក្នុងជំនួបតាមទូរស័ព្ទ ជាមួយនាយកនៃការិយាល័យស៊ើបអង្កេតកម្រិតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិក សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នសន្តិសុខកម្ពុជា និង FBI សហរដ្ឋអាមេរិក ដើម្បីការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងរក្សាសន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រជាជន និងប្រទេសយើងទាំងពីរ ។

យោងតាមបណ្តាញសង្គមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានលើកឡើងថា ទើបជួបពិភាក្សាតាមទូរស័ព្ទជាមួយ លោក Kash Patel នាយកនៃការិយាល័យស៊ើបអង្កេតកម្រិតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិក ។
សម្តេចបវរធិបតីបានបញ្ជាក់ថា «យើងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងស្ថាប័នសន្តិសុខរបស់កម្ពុជា និង FBI ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដូចជា ការជួញដូរមនុស្ស គ្រឿងញៀន ឃាតកម្ម ជម្រិតទារប្រាក់ ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ជាជំហានបន្ទាប់ យើងបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខកម្ពុជា និង FBI ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រជាជន និងប្រទេសយើងទាំងពីរ ៕
ចែករំលែកព័តមាននេះ