ខេត្តស្វាយរៀង ៖ លេខាធិការដ្ឋាននៃគណកម្មការចំពោះកិច្ចប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានដឹកនាំ និងសម្របសម្រួលជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជកម្មកម្ពុជា(គ.ល.ក.) និងកម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រះរាជអាជ្ញាសាលា ដំបូងខេត្តស្វាយរៀង នៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៥នេះ បានចុះឆែកឆេរទីតាំងសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងកាស៊ីណូ ស៊ីលវើរ ស្តារ ស្ថិតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ។ នេះបើយោងតាមក្រសួងព័ត៌មានបានប្រកាសនាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា។

ប្រតិបត្តិការនេះបានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២៣នាក់ ក្នុងនោះមានជនជាតិស្រីលង្កា មានចំនួន៦នាក់(ស្ត្រី១នាក់) ប៉ាគីស្ថាន៧នាក់ (ស្ត្រី២នាក់) ហ្វីលីពីន២នាក់(ស្រី២នាក់) នេប៉ាល់២នាក់(ស្ត្រី២នាក់) ឥណ្ឌា១នាក់ នីហ្ស៊េរីយ៉ា ១នាក់ អាល់ហ្ស៊េរី ១នាក់ (ដែលសមត្ថកិច្ចសង្ស័យជាជនរងគ្រោះ) និងជនសង្ស័យជាមុខសញ្ញាមេខ្លោងចំនួន ៣នាក់ (ចិនតៃវ៉ាន់១នាក់ និងម៉ាឡេស៊ីចំនួន ២នាក់) ជាមួយនឹងការដកហូតវត្ថុតាងរួមមាន Call Center២៤ទូរ, លិខិតឆ្លងដែន១៩ក្បាល និងទូរសព្ទដៃ២០ គ្រឿង។

បន្ទាប់ពីទទួលបានភស្តុតាងគ្រប់គ្រាន់ គណ:កម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា(គ.ល.ក.) បានសម្រេចចាត់វិធានព្យួរអាជ្ញាប័ណ្ណ ចំពោះកាស៊ីណូ ស៊ីលវើរ ស្តារ មិនឲ្យដំណើរការអាជីវកម្មបន្តទៀតទេ។សមត្ថកិច្ចបានបញ្ជូនមុខសញ្ញាមេខ្លោងទាំង៣នាក់ មានជនជាតិចិនតៃវ៉ាន់១នាក់ និងម៉ាឡេស៊ី២នាក់ ទៅតុលាការខេត្តស្វាយរៀង ដើម្បីអនុវត្តនីតិវិធីផ្តន្ទាទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។

ចំណែកឯជនបរទេស២០នាក់ ត្រូវបានប្រគល់ជូនអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីរៀបចំបែបបទបន្តនីតិវិធីនិរទេសចេញពីកម្ពុជា។
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ ៕




ចែករំលែកព័តមាននេះ