យោងតាមទីភ្នាក់ងារព័ត៌មានវៀតណាម (VNA) ថា នាយករដ្ឋមន្ត្រីវៀតណាមលោកង្វៀន តាន់យុង កាលពីថ្ងៃទី១៤ កុម្ភៈ បានអញ្ជើញចូលគាល់ធ្វើសវនាការជាមួយព្រះមហាក្សត្រកម្ពុជា ព្រះកុរណា សម្តេចព្រះនរោត្តម សីហមុនី នៅទីក្រុងហាណូយ ពេលព្រះអង្គទ្រង់ឈប់សំចតតាមផ្លូវយាងនិវត្តន៍មកកាន់កម្ពុជាវិញ ក្រោយពីព្រះអង្គបញ្ចប់ព្រះរាជបេសកកម្មនៅឯបរទេសមក។ នាឱកាសនោះ ប្រមុខរដ្ឋាភិបាលវៀតណាមបានសម្តែងនូវក្តីរីករាយរបស់លោកចំពោះព្រះរាជទស្សនកិច្ចនេះ របស់ព្រះមហាក្សត្រកម្ពុជា ហើយថ្លែងអំណរព្រះគុណចំពោះមនោសញ្ចេតនាទាំងឡាយ ដែលព្រះអង្គមាន ចំពោះវៀតណាម និងប្រជាជនខ្លួន។
លោកង្វៀន តាន់យុង បានសម្តែងនូវការអបអរសាទររបស់បណ្តាមេដឹកនាំវៀតណាមថ្វាយដល់អតីតព្រះមហាក្សត្រសម្តេចព្រះនរោត្តម សីហនុ សម្តេចម៉ែ នរោត្តម មុនីនាថ ព្រមទាំងព្រះមហាក្សត្រកម្ពុជា ដោយលោករំលឹកពីការចាប់អារម្មណ៍នានារបស់លោកក្នុងឱកាសនៃព្រះរាជទស្សនកិច្ចលើកមុននេះរបស់ព្រះអង្គនៅវៀតណាមកាលពីខែមិថុនា ឆ្នាំ២០១០។
លោកក៏សម្តែងផងដែរនូវការដឹងគុណរបស់រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាមចំពោះជំនួយដ៏ថ្លៃថ្លាដែលអតីតព្រះមហាក្សត្រ នរោត្តម សីហនុ និងសម្តេចម៉ែ នរោត្តម មុនីនាថ ព្រះមហាក្សត្រកម្ពុជា សម្តេចព្រះនរោត្តម សីហមុនី ព្រមទាំងប្រជាជនកម្ពុជា ទ្រង់ផ្តល់ និងផ្តល់ឱ្យប្រជាជនវៀតណាមក្នុងការតស៊ូរបស់ខ្លួន ដើម្បីឯករាជ្យភាពកាលពីមុន និងក្នុងស្នាដៃនៃការកសាងជាតិនាពេលបច្ចុប្បន្ន។
នាយករដ្ឋមន្ត្រីវៀតណាមបានសម្តែងការអបអរសាទរ ចំពោះសមិទ្ធផលសំខាន់ៗទាំងឡាយដែលប្រជាជនកម្ពុជាសម្រេចបានរយៈពេលចុងក្រោយនេះ ដោយសម្តែងនូវជំនឿជាក់ថា ប្រជាជនកម្ពុជា នឹងបន្តទទួលបានជោគជ័យថ្មីៗទៀតនាពេលអនាគត។ ព្រះករុណា នរោត្តម សីហមុនី ទ្រង់សម្តែងព្រះទ័យរីករាយចំពោះការយាងជាថ្មីនេះរបស់ព្រះអង្គមកកាន់វៀតណាមព្រមទាំងទ្រង់ថ្លែងអំណរព្រះគុណចំពោះបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមដែលបានផ្តល់ជំនួយកាលពីមុនដល់កម្ពុជា ហើយបន្ទាប់មកជួយដល់ស្នាដៃនៃការកសាង និងអភិវឌ្ឍន៍ប្រទេស។
ព្រះមហាក្សត្រកម្ពុជា និងលោកនាយករដ្ឋមន្ត្រីង្វៀន តាន់យុង សម្តែងនូវការសព្វព្រះទ័យ និងពេញចិត្តចំពោះការពង្រីកទំនាក់ទំនងជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់រូបភាព រវាងប្រទេសទាំងពីរ។ ព្រះមហាក្សត្រកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ចំពោះឆ្នាំសាមគ្គីភាព និងមិត្តភាពវៀតណាម-កម្ពុជា ២០១២ ដែលប្រារព្ធធ្វើជាកិត្តិយសដល់ខួបលើកទី៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២ មុនពេលអះអាងថា នឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីពង្រឹង និងធ្វើឱ្យស៊ីជម្រៅដល់សាមគ្គីភាព មិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជិតខាងល្អ ក្នុងផលប្រយោជន៍រួមរបស់ប្រជាជនទាំង២ ៕
ចែករំលែកព័តមាននេះ