យោងទៅតាមប្រភពព័ត៌មានស៊ីអិនអិន ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៩ កុម្ភៈ ឆ្នាំ ២០១២ បានឱ្យដឹងថា លោកកាប៉េលឡូ គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសបានសម្រេចចិត្តលាលែងចេញពីតំណែងយ៉ាងបន្ទាន់ ដោយគ្មានការគ្រោងទុកជាមុន ។ ការសម្រេចចិត្តចាកចេញពីតំណែងគ្រូបង្វឹក នេះ គឺដោយសារតែលោកមិនពេញចិត្តចំពោះទង្វើរបស់សហព័ន្ធបាល់ទាត់អង់គ្លេស (FA) ដែលបានដកហូតតំណែងប្រធានក្រុមពីកីឡាករចន ធៀរី ។ បន្ទាប់ពីប្រកាសចាកចេញពីតំណែងគ្រូបង្វឹក វ័យ៦៥ឆ្នាំរូបនេះបាននិយាយថា ៖ ខ្ញុំមិនអាចទ្រាំអត់ធ្មត់បានតទៅទៀតនោះទេ ចំពោះភាពមិនយុត្តិធម៌របស់សហព័ន្ធបាល់ទាត់អង់គ្លេស នាពេលកន្លងមក ជាពិសេសនោះ គឺករណីដកហូតតំណែងប្រធានក្រុមពីកីឡាករចន ធៀរី នេះតែម្តង ។
ចំណែកឯលោក David Bernstein ប្រធានសហគមន៍បាល់ទាត់អង់គ្លេសបានមានប្រតិកម្មទៅនឹងការលាលែងរបស់លោកកាប៉េលឡូថា ៖ នេះគឺជាសិទ្ធិសម្រេចចិត្តរបស់គាត់ ខ្ញុំរីករាយនឹងទទួលសំណើសុំលាលែងរបស់គាត់។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសមិទ្ធផលដែលលោកកាប៉េលឡូ បានធ្វើនាពេលកន្លងមក ហើយក៏សូមជូនពរឱ្យលោកជួបតែសំណាងល្អ នៅថ្ងៃអនាគត ។
ទោះបីជាមានការលាលែងរបស់លោកកាប៉េឡូបែបនេះក្តី សហព័ន្ធបាល់ទាត់អង់គ្លេសមិនទាន់បង្ហើបឱ្យដឹងពីឈ្មោះគ្រូបង្វឹកដែលគ្រោងនឹងចូលមកស្នងតំណែងលោកកាប៉េលឡូនៅឡើយទេ ក៏ប៉ុន្តែលោកHarry Redknapp អាចនឹងជាមនុស្សម្នាក់មានសក្តានុពលជាងគេ ។ តើនរណា គឺជាអ្នកចូលមកស្នងតំណែងលោកកាប៉េលឡូ? ខាងក្រោមនេះគឺជាហាងឆេងភ្នាល់របស់កាសែតដេលី ម៉េល សម្រាប់តំណែងគ្រូបង្វឹកក្រុមជ្រើសជាតិអង់គ្លេស ៖
លោក Harry Redknapp ចាក់មួយសង២, លោកRoy Hodgson ចាក់មួយសង៦, លោកJose Mourinho ចាក់មួយសង៦, លោក Alan Pardew ចាក់មួយសង៨, លោក Martin ONeill ចាក់មួយសង១០, លោក Arsene Wenger ចាក់មួយសង១៤, លោក Stuart Pearce ចាក់មួយសង ១៦, លោក Guus Hiddink ចាក់មួយសង១៦, លោក Gareth Southgate ចាក់មួយសង១៦, លោក Sam Allardyce ចាក់មួយសង២៥, លោក David Beckham ចាក់មួយសង២៥, លោក Glenn Hoddle ចាក់មួយសង៥០ និងលោក Alan Shearer ចាក់មួយសង៥០ ៕
ចែករំលែកព័តមាននេះ