អ្នកកាសែតរ៉យទ័រម្នាក់រាយការណ៍ថា មានការប្រយុទ្ធគ្នានានារវាងពួកជីវពលដែលប្រជែងគ្នាកាលពីថ្ងៃទី១ កុម្ភៈ នៅជុំវិញភូមិគ្រឹះមួយនាភាគកណ្តាលក្រុងទ្រីប៉ូលី ដែលភូមិគ្រឹះនោះគេយកធ្វើជាបន្ទាយ។ ការបាញ់តគ្នាដោយអាវុធធុនធ្ងន់ និងកាំភ្លើងស្វ័យប្រវត្តិបានលាន់ឮក្នុងតំបន់ EL SAADI ។ ផ្លូវថ្នល់ទៅកាន់ទីនោះត្រូវបិទហើយពពកផ្សែងបានហុយចេញពីលើសង្កាត់នេះ ។ រថយន្ត PICK UP បំពាក់កាណុងបាញ់យន្តហោះ២គ្រឿងត្រូវបានគេឃើញបើកសំដៅទៅកាន់តំបន់មានការប្រយុទ្ធគ្នា។
អ្នកទទួលខុសត្រូវម្នាក់របស់ក្រសួងមហាផ្ទៃលីប៊ី បញ្ជាក់ថា ការប្រយុទ្ធគ្នាកើតមានរវាងពួកជីវពលមានប្រភពមកពីទីក្រុងមីស្ត្រាតា និងពួកជីវពលមួយក្រុមទៀតមកពីទីក្រុង ZENTANE ។ ក្រុមជីវពលមកពីក្រុងមីស្ត្រាតាបានយកភូមិគ្រឹះទំនើបនេះនៅទល់មុខមាត់សមុទ្រធ្វើជាបន្ទាយពួកគេ ។ ភូមិគ្រឹះនេះជារបស់កូនប្រុសលោកកាដាហ្វី ម្នាក់ លោកសាអាឌី កាដាហ្វី ដែលបច្ចុប្បន្នរស់នៅនិរទេសឯនីហ្សេ។
កាលពីដើមខែមករា មានការប៉ះទង្គិចគ្នាក្នុងរដ្ឋធានីលីប៊ី រវាងពួកជីវពលមូលដ្ឋាន និងពួកជីវពលមកពីទីក្រុងមីស្ត្រាតា បណ្តាលឱ្យមនុស្សស្លាប់៤នាក់។ លោកមូស្តាផា អាប់ដែល ចាលីល ប្រមុខក្រុមប្រឹក្សាជាតិបណ្តោះអាសន្នលីប៊ី CNT ធ្លាប់បានថ្លែងថា ប្រទេសអាចធ្លាក់ក្នុងសង្គ្រាមស៊ីវិលប្រសិនបើពួកជីវពលបដិវត្តន៍ទាំងឡាយពុំចូលក្នុងជួរកងទ័ពទេនោះ ៕
ចែករំលែកព័តមាននេះ