ខេត្តបាត់ដំបង ៖ សពបុរសម្នាក់អាក្រាតកាយគ្មានក្បាលត្រូវបានអ្នកភូមិប្រទះឃើញអណ្ដែតទឹកប្រឡាយកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៤ មករា នៅចំណុចស្ពានឈើមួយកន្លែងក្នុងភូមិសាំងរាំង ឃុំបវេល ស្រុកបវេល។ សមត្ថកិច្ចបានដាក់ការសង្ស័យជំហានដំបូងថា ជាអំពើឃាតកម្មដែលបង្កឡើងដោយជនមិនស្គាល់មុខ។
លោកឌី សារ៉េត អធិការរងនគរបាលស្រុកបរវេលបាននិយាយថា សពនោះគ្មានសម្លៀកបំពាក់ គ្មានក្បាល ប៉ុន្តែមានស្នាមកាប់ត្រូវកែងជើងខាងស្ដាំមួយកន្លែង និងស្នាមកាប់ត្រូវកំភួនជើងស្តាំមួយកន្លែងទៀត។ លោកអធិការរងបានបញ្ជាក់ថា សពបុរសនេះមានអាយុក្រោម៣០ឆ្នាំ មានសាក់រូបកងចក្រលើស្មាខាងស្តាំជាសម្គាល់។ ប្រជាពលរដ្ឋដែលដាំដំណាំក្បែរមាត់ប្រឡាយនោះបានប្រទះឃើញអណ្ដែតទឹក ហើយក៏បានរាយការណ៍ទៅសមត្តកិច្ចមូលដ្ឋានភ្លាមៗដែរ។ នៅព្រឹកថ្ងៃទី២៥ មករា កម្លាំងសមត្ថកិច្ចបានចុះពិនិត្យកន្លែងកើតហេតុ ដើម្បីស្វែងរកវត្ថុតាង ប៉ុន្តែគ្មានពន្លឺសម្រាប់សមត្ថកិច្ចវែកមុខឃាតកឡើយ ។ លោកជេត វណ្ណនី ស្នងការរង និងជាប្រធានការិយាល័យកណ្ដាលនគរបាលយុត្តិធម៌ដែលបានចុះទៅពិនិត្យដល់ចំណុចកើតហេតុបានឱ្យដឹងថា សមត្ថកិច្ចជំនាញកំពុងប្រឹងប្រែងរកប្រភពនៃអំពើឃាតកម្មនេះហើយ។ ទោះជាយ៉ាងណាកម្លាំងជំនាញនឹងចុះធ្វើការងារនេះយ៉ាងដិតដល់បំផុត ដើម្បីឈានដល់ការវែកមុខឃាតក។
មន្រ្តីនគរបាលមូលដ្ឋានបានប្រាប់ថា សពត្រូវបានកប់ទុកនៅក្បែរកន្លែងកើតហេតុ ដើម្បីរង់ចាំសាច់ញាតិមកពិនិត្យ និងទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ