រាជធានីភ្នំពេញ ៖ កម្ពុជាជំរុញការប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ពាក់ព័ន្ធនឹងវិស័យបរិស្ថាន ។ នេះបើតាមឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ។
ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា កម្ពុជាសូមអំពាវនាវដល់រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនៅទូទាំងពិភពលោក បង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការការពារសាធារណជន ដើម្បីទទួលបានព័ត៌មានពាក់ព័ន្ធនឹងវិស័យបរិស្ថាន ដែលអាចទុកចិត្តបាន ដើម្បីចៀសវាងពីវិបត្តិប្រព័ន្ធអេកូឡូស៊ី ដោយសារតែការផ្សព្វផ្សាយព័ត៌មានមិនពិត ។
ឯកឧត្តមអ្នកនាំពាក្យបានថ្លែងដូច្នេះ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងសន្និសីទ International Day for Universal Access to Information (IDUAI) 2025 ដែលរៀបចំដោយអង្គការ UNESCO នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ដោយឯកឧត្តមបានបន្ថែមថា សង្គមយើងសព្វថ្ងៃប្រឈមមុខនឹងបញ្ហាប្រឈមដូចគ្នាគឺការប្រែប្រួលអាកាសធាតុ ការបាត់បង់ព្រៃឈើ និងជីវចម្រុះ ការបំពុលបរិស្ថាន និងគ្រោះមហន្តរាយធម្មជាតិ ព្រមទាំងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជាពិសេសនៅលើបណ្តាញសង្គម។
ជាមួយគ្នានេះ ឯកឧត្តមបានបន្តទៀតថា «ព័ត៌មានមិនពិតបានលេចចេញកាន់តែខ្លាំងឡើង ដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ និងប៉ះពាល់ដល់ការទទួលបានព័ត៌មានពាក់ព័ន្ធនឹងបរិស្ថានប្រកបដោយសុវត្ថិភាព និងគុណភាព» ។
ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានមានប្រសាសន៍សង្កត់ធ្ងន់អំពីជំហររបស់ក្រសួងព័ត៌មានក្នុងការជំរុញភាពជាដៃគូក្នុងចំណោមរាជរដ្ឋាភិបាល អ្នកសារព័ត៌មាន សមាគមប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងភាពធន់ បង្កើនសមត្ថភាពប្រឆាំងព័ត៌មានក្លែងក្លាយ និងធានាថា ទិន្នន័យបរិស្ថានសម្រាប់ផ្សព្វផ្សាយជូនសាធារណជនមានភាពត្រឹមត្រូវ សុក្រឹត និងទុកចិត្តបាន។
ឯកឧត្តមក៏បានចែករំលែកពីសារសំខាន់នៃការប្រើប្រាស់ព័ត៌មានដោយស្មោះត្រង់ និងប្រកបដោយទំនួលខុសត្រូវ សម្រាប់គ្រប់ប្រទេសទាំងអស់នៅលើពិភពលោកដើម្បីធានាថាព័ត៌មានយើងបម្រើដល់សាធារណជន និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព ។ ក្នុងនោះ ក្រសួងព័ត៌មានបានជំរុញភាពជាដៃគូក្នុងចំណោមរាជរដ្ឋាភិបាល អ្នកសារព័ត៌មាន សមាគមប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងភាពធន់នឹងព័ត៌មានមិនពិត និងធានាថា ទិន្នន័យបរិស្ថានដែលបានចែករំលែកជាមួយសាធារណជនមានភាពត្រឹមត្រូវ និងគួរឱ្យទុកចិត្ត។
ឆ្លៀតឱកាសនោះ ឯកឧត្តមអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ រាប់បញ្ចូលទាំងអ្នកទទួលព័ត៌មានផង ឱ្យប្រើប្រាស់ព័ត៌មានដោយភាពស្មោះត្រង់ សុច្ចរិតភាព គោរពភាពជាម្ចាស់ប្រទេស ប្រកបដោយការទទួលខុសត្រូវ ដែលកត្តាទាំងនេះ មានសារសំខាន់ សម្រាប់គ្រប់ប្រទេសទាំងអស់ នៅលើពិភពលោកដើម្បីធានាថា ព័ត៌មានបម្រើដល់ប្រយោជន៍សាធារណៈ និងគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ។
សូមជម្រាបជូនថា សន្និសីទសកលដែលរៀបចំដោយអង្គការ UNESCO និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការធានាការទទួលព័ត៌មានបរិស្ថានក្នុងយុគសម័យឌីជីថល» ដែលមានវត្តមានចូលរួមពីគណៈប្រតិភូអន្តរជាតិពីបណ្តាប្រទេសលើពិភពលោក មន្ត្រីអង្គការសហប្រជាជាតិ ក្រុមអង្គការសង្គមស៊ីវិល និងថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយ ដើម្បីពិភាក្សាអំពីយន្តការក្នុងការទទួលព័ត៌មានពាក់ព័ន្ធនឹងវិស័យបរិស្ថានឱ្យកាន់តែប្រសើរឡើង សម្រាប់ជំរុញប្រសិទ្ធភាពវិធានការ និងសកម្មភាពឆ្លើយតបនឹងបញ្ហាអាកាសធាតុ ក៏ដូចជាការត្រៀមលក្ខណៈគ្រប់គ្រងគ្រោះមហន្តរាយ និងវិធានការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរ ភាព៕
ចែករំលែកព័តមាននេះ