ខេត្តមណ្ឌលគិរី ៖ កាលពីព្រឹកថ្ងៃទី១៦ មករា នៅស្នងការដ្ឋាននគរបាលខេត្តមានបើកកិច្ចប្រជុំវាយតម្លៃពីកិច្ចសហប្រតិបត្តិការការពារសន្តិសុខសណ្តាប់ធ្នាប់តាមតំបន់ខ្សែបន្ទាត់ព្រំដែន ក្នុងការបង្ការទប់ស្កាត់បទល្មើសឆ្លងដែន រវាងខេត្តមណ្ឌលគិរី(កម្ពុជា)និងខេត្តដាក់ណុង ដាក់ឡាក់ និងប៊ិញហ្វឿក (វៀតណាម)ក្រោមអធិបតិភាព លោកស្វាយ សំអ៊ាង អភិបាលរងខេត្ត ។
ចូលរួមក្នុងពិធីនោះមានលោកឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែនគោក លោកឧត្តមសេនីយ៍ត្រីញ៉ែម វ៉ាន់នី ស្នងការនគរបាលខេត្ត លោកឃុត សុភាង ព្រះរាជអជ្ញារងអមសាលាដំបូងខេត្ត លោកសូ សុវណ្ណ លោកទៀង សៅរតន៍ និង លោកតូច យ៉ុន ជាស្នងការរង លោកប្រធានវរៈព្រំដែន ព្រមទាំងនាយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិជាច្រើនរូបទៀត ។ ដោយឡែកប្រតិភូខាងភាគីវៀតណាមដឹកនាំដោយលោកវរសេនីយ៍ឯកឡេ វ៉ាន់ថុង មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តដាក់ណុង លោកវរសេនីយ៍ឯកដូ មិញហាវ មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តដាក់ឡាក់ លោកវរសេនីយ៍ឯកភុង ទៀងឡាង មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តប៊ិញ ហ្វឿក ព្រមទាំងសមាជិកជាច្រើនរូបទៀត ។
លោកឧត្តមសេនីយ៍ត្រីញ៉ែម វ៉ាន់នី ស្នងការនគរបាលខេត្ត បានឡើងមានមតិស្វាគមន៍គណៈអធិបតីនិងប្រតិភូកងទ័ពការពារព្រំដែនខេត្តទាំងបីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានធ្វើសហប្រតិបត្តិការគ្នាជាមួយស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្នុងការបង្ការទប់ស្កាត់បទល្មើសឆ្លងដែននាពេលកន្លងមក ។
លោកវរសេនីយ៍ឯកតូច យ៉ុន ស្នងការរងទទួលបន្ទុកព្រំដែន បានអានរបាយការណ៍ស្តីអំពីស្ថានភាពតាមខ្សែបន្ទាត់ព្រំដែនកន្លងមក ។ លោកវរសេនីយ៍ឯកឡេ វ៉ាន់ថុង មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តដាក់ណុង តំណាងឱ្យប្រតិភូវៀតណាមទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្នងការនគរបាលខេត្តមណ្ឌលគិរីដែលបានទទួលនិងរៀបចំកិច្ចប្រជុំបូកសរុបវាយតម្លៃស្តីអំពីសហប្រតិបត្តិការបង្ការទប់ស្តាត់បទល្មើសឆ្លងដែនរវាងខេត្តមណ្ឌលគិរី(កម្ពុជា)និងខេត្តដាក់ណុង, ដាក់ឡាក់ និងប៊ិញហ្វឿក របស់ប្រទេសវៀតណាម ។
លោកវរសេនីយ៍ឯកដូ មិញហាវ មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តដាក់ឡាក់ ក៏បានសំណូមពរឱ្យអាជ្ញាធរខេត្តមណ្ឌលគិរីរួសរាន់ក្នុងការបើកច្រកទ្វារអន្តរជាតិឱ្យបានឆាប់រហ័ស រវាងខេត្តមណ្ឌលគិរី(កម្ពុជា) និងខេត្តដាក់ឡាក់(វៀតណាម)ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋនៃប្រទេសទាំង២ចេញចូលទិញទំនិញនិងលក់កសិផលផ្សេងៗក៏ដូចជាការទៅសួរសុខទុក្ខ បងប្អូនទៅវិញទៅមក ជាពិសេសនោះងាយស្រួលក្នុងការបញ្ជួនអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យឯប្រទេសវៀតណាមផងដែរ។
លោកស្វាយ សំអ៊ាង អភិបាលរងខេត្ត តំណាងឱ្យលោកអភិបាលខេត្តបានលើកឡើងអំពីសកម្មភាពនៃការអភិវឌ្ឍប្រទេស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២។លោកបានបន្តថា ចំពោះការបើកច្រកទ្វារអន្តរជាតិ រវាងខេត្តមណ្ឌលគិរី(កម្ពុជា)និងខេត្តដាក់ឡាក់(វៀតណាម) រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តកំពុងចាប់ផ្តើមកសាងជាបណ្តើរៗហើយ ជាពិសេសផ្លូវជាតិលេខ៧៦A ក៏នឹងចាប់ផ្តើមកសាងបន្តចាប់ពីស្រុកកោះញែកដែលមានប្រវែង៧៥គីឡូម៉ែត្រ ។លោកក៏បានរំលឹកបន្ថែមទៀតដល់ភាគីទាំង២ឱ្យបន្តជំរុញកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានជាប្រចាំពីសភាពការណ៍ពាក់ព័ន្ធនិងប៉ះពាល់ដល់សន្តិសុខព្រំដែន មុខសញ្ញាពាក់ព័ន្ធក្នុងអង្គការចាត់តាំងភេរវកម្ម មុខសញ្ញាធ្វើសកម្មភាពក្រៅរង្វង់ច្បាប់របស់កម្ពុជា និងវៀតណាម ដែលមានគោលបំណងបំផ្លិចបំផ្លាញសន្តិសុខព្រំដែន ៕
ចែករំលែកព័តមាននេះ