ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​អាកាស​៧មករា ៖ សម្ពោធ​ស្ពាន​អាកាសទី២ ប្រកាស​បន្ត​សាងសង់​ស្ពាន​អាកាស​ស្ទឹង​មានជ័យ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ​ស្ពាន​​អា​កាស​​៧​មករា ​​ដែល​បាន​ស្ថាបនា​​​រួច​រាល់​ជា​ស្ថា​ពរ​ នា​ព្រឹក​ថ្ងៃ​​​ទី​​​៦​ មករា ឆ្នាំ​​​២០១២ ត្រូវ​បាន​ប្រារព្ធ​​​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​​ការ​ក្រោម ​អធិ​បតី​ភាព​​ដ៏​ខ្ពង់​ខ្ពស់​​​​​​សម្តេច​​អគ្គ​ម​ហា​សេនា​បតី​តេជោ​ហ៊ុន​​ សែន នាយក​​រដ្ឋ​មន្ត្រី​​​​​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​ រ៉ានី ហ៊ុន សែន ។ ស្ពាន​អា​កាស​៧​មក​រា ​នេះ​ស្ថិត​ក្នុង​​ទឹក​ដី​ខណ្ឌ​ទួល​

រាជធានីភ្នំពេញ ៖​ ​ស្ពាន​​អា​កាស​​៧​មករា ​​ដែល​បាន​ស្ថាបនា​​​រួច​រាល់​ជា​ស្ថា​ពរ​ នា​ព្រឹក​ថ្ងៃ​​​ទី​​​៦​ មករា ឆ្នាំ​​​២០១២ ត្រូវ​បាន​ប្រារព្ធ​​​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​​ការ​ក្រោម​អធិ​បតី​ភាព​​ដ៏​ខ្ពង់​ខ្ពស់​​​​​​សម្តេច​​អគ្គ​ម​ហា​សេនា​បតី​តេជោ​ហ៊ុន​​ សែន នាយក​​រដ្ឋ​មន្ត្រី​​​​​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​ រ៉ានី ហ៊ុន សែន ។ ស្ពាន​អា​កាស​៧​មក​រា ​នេះ​ស្ថិត​ក្នុង​​ទឹក​ដី​ខណ្ឌ​ទួល​គោក និង​ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ ។

មាន​ប្រ​សាសន៍​ទៅ​កាន់​​​​អង្គ​ពិធី​ សម្តេច​អគ្គ​ម​ហា​សេនា​បតី​តេ​ជោ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​​​ ​​បាន​កោត​សរសើរ​​​ដល់​លោក​​អភិបាល​​​​រាជ​ធានី​​​ ដែល​បាន​​ខិត​ខំយ៉ាង​ខ្លាំង​ធ្វើ​​​ឱ្យ​សមិទ្ធ​ផល​​នេះ​សម្រេច​​​​ចេញ​ជា​រូប​​​រាង​​បាន​ឡើយ ។​ ទន្ទឹម​នេះ​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​​ក៏​បាន​ថ្លែង​​អំណរ​គុណ​​​ និង​​កោត​សរសើរ​ចំពោះ​​​​ការ​រួម​សហ​ការ​គ្នា និង​មាន​ការ​គាំ​ទ្រ​ពី​សំណាក់​រា​ជ​រដ្ឋាភិបាល​ ពិសេស​ពី​​​ក្រ​សួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ដទៃ​ទៀត ដែល​​អនុញ្ញាត​​ឱ្យ​រា​ជ​ធានី​ភ្នំពេញ​អនុវត្ត​​យក​ភ្នំ​ពេញ​ចិញ្ចឹម​​​​ភ្នំពេញ​​​ យក​ស្លឹក​ត្នោត​​ខ្ចប់​ស្ករ​ត្នោត ពោល​គឺ​
ថវិក​ា​ដែល​បាន​ពី​ការ​អភិវឌ្ឍ​កោះពេជ្រ​​ យក​មក​​​អភិវឌ្ឍ​​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ​ថ្មី​​គឺ​ទី១-ស្ពាន​ព្រះ​​មុនី​វង្ស​ថ្មី​​​​ ទី​២-ស្ពាន​អា​កាស​​​​​ក្បាល​ថ្នល់ និង​​​​ទី​៣-​ស្ពាន​អា​កាស​៧​មករា ​នេះ ។ សម្តេច​​តេ​ជោ​នាយក​​​​​រដ្ឋ​មន្ត្រី​​ក៏​បាន​ថ្លែង​​អំណរ​គុណ​ចំពោះ​ប្រ​ជា​​ពល​រដ្ឋ​​នៅ​ក្នុង​រាជ​​ធានី​ភ្នំពេញ ដែល​បាន​ចូល​រួម​​សហ​ការ​ជ​ា​មួយ​​រាជ​រដ្ឋា​ភិបាល​​ និង​សាលា​រាជ​ធានី​​ភ្នំពេញ ដើម្បី​ក​សាង​នូវ​បណ្តាញ​​ផ្លូវ​​នៅ​ទូ​ទាំង​ក្រុង​ភ្នំពេញ ដោយ​​មាន​ទាំង​ផ្លូវ​កៅ​ស៊ូ និង​ផ្លូវ​បេ​តុង ហើយ​បច្ចុប្បន្ន​រាជ​រដ្ឋា​ភិបាល​​​កំពុង​តែ​​ធ្វើ​​អនុ​ត្ត​រ​ភាព​ផ្លូវ​កៅ​ស៊ូ​ចេញ​​ក្រៅ​រាជ​ធានី ។

ទាក់​​​ទិន​ទៅ​នឹង​ស្ថាន​​​ភាព​នេះ​ សម្តេច​​តេ​ជោ​​​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រ​សាសន៍​ថា ​ឱ្យ​​បន្ត​ហើយ​​ការ​បន្ត​នេះ​ដោះ​ស្រាយ​បញ្ហា​ច្រើន​ណាស់​សម្រាប់​​ទី​ក្រុង គឺ​ទាក់​ទង​នឹង​បញ្ហា​​ផ្លូវ បញ្ហា​​​ដោះ​ស្រាយ​​ទឹក បញ្ហា​អគ្គិ​សនី…។ ឥឡូវ​ទី​ក្រុង​របស់​យើង​​​គឺ​បាន​​ធ្វើ​កិច្ច​​ការ​​ច្រើន​​ ទោះ​បី​ជា​មាន​ការ​លំ​បាក​យ៉ាង​ណា​​ក៏​ដោយ​ គឺ​ចៀស​មិន​ផុត​​​ទេ មិន​ថា​ប្រ​ទេស​កម្ពុជា​ទេ ប្រ​ទេស​នានា​​ក៏​មាន​ការ​លំ​បាក​​ដែរ ក្នុង​ការ​ពង្រីក​ផ្លូវ​ ស្ពាន…។  ការ​កសាង​​ស្ពាន​​អា​កាស​​​នេះ គឺ​កាត់​បន្ថយ​ការ​​​កក​ស្ទះ​ការ​ធ្វើ​ចរាចរណ៍​ ដែល​ចេះ​តែ​កើន​ឡើង ​។ ​ដូច្នេះ​សូម​អំពាវ​នាវ​ចំពោះ​ប្រ​ជា​ពល​រដ្ឋ​ទាំង​អស់​​​​សូម​ចូល​​​រួម​ចំណែក​​ថែ​រក្សា​ទី​ក្រុង សួន​ច្បារ​​​​​​​ឱ្យ​បាន​ស្អាត​បើ​មិន​ដូច្នេះ​​ទេ​ពឹង​ផ្អែក​តែ​លើ​​អាជ្ញា​ធរ​​​អ្នក​ថែ​សួន គឺ​មិន​គ្រប់​ទេ ។

ទន្ទឹម​នេះ​ សម្តេច​​តេ​ជោ​បាន​អំពាវ​នាវ​ដល់​ប្រ​ជា​ពល​រដ្ឋ​​ទាំង​អស់​​​ត្រូវ​ខិត​​ខំ​គោរ​ព​​​អនុ​វត្ត​​​ច្បាប់​​ចរាចរ​​ណ៍​ ដើម្បី​បញ្ចៀស​​នូវ​គ្រោះ​ថ្នាក់​ ។ បើ​សិន​​ជា​យើង​ស្រ​ឡាញ់​ជីវិត​ គឺ​ត្រូវ​ខិត​ខំ​​គោ​រព​ច្បាប់​​ចរា​ចរ​​ណ៍​កុំ​បើក​លឿន​ហួស​ការ​កំណត់​ កុំ​ធ្វេស​ប្រ​ហែស​និង​កុំ​បើក​បរ​ដោយ​មាន​គ្រឿង​ស្រ​វឹង​​ក្នុង​ខ្លួន​ ។​ សម្តេច​​​តេ​ជោ​​បាន​សង្កត់​ធ្ងន់​ថា ​ស្លាប់​ដោយ​​​​​សារ​សង្គ្រាម​អត់​មាន​ទេ គឺ​មាន​ស្លាប់​​ដោយ​​សារ​គ្រាប់​មីន​​ និង​​គ្រាប់​មីន​​​ទាន់​ផ្ទុះ​​នៅ​មាន​កម្រិត​​​ ប៉ុន្តែ​ស្លាប់​​ច្រើន​ជាង​ និង​របួស​​ច្រើន​ជាង​ គឺ​​ដោយ​សារ​គ្រោះ​ថ្នាក់​​​​ច​រា​ចរ​​ណ៍​នេះ​​ឯង​ ។

ទា​ក់​ទិន​នឹង​​សំណូម​ពរ​​របស់​លោក​​​កែប ជុ​តិ​មា អភិបាល​​​រាជ​ធានី​ភ្នំពេញ​​​ សម្តេច​តេ​ជោ​នា​យក​រដ្ឋ​មន្ត្រី​​​បញ្ជាក់​ថា យើង​ត្រូវ​​បន្ត​ទៅ​​​ទៀត​ ដូច​ខ្ញុំ​​​ធ្លាប់​បាន​និយាយ​​​កន្លង​​​​ទៅ ​បើ​មាន​មួយ​​ហើយ​​គឺ​ត្រូវ​​មាន​ពីរ​​​ បើ​មាន​ពីរ​​ហើយ​គឺ​ត្រូវ​​មាន​បី ។ កន្លង​​ទៅកាល​​​មក​​​បើក​ការ​ដ្ឋាន​​​​​កាល​ពី​ថ្ងៃ​ទី​២៩ ធ្នូ​ ​ឆ្នាំ​២០១០ ខ្ញុំ​បាន​ឱ្យ​សិក្សា​​គម្រោង​មួយ​​​ទៀត គឺ​ស្ពាន​អា​កាស​​ស្ទឹង​មាន​ជ័យ​ ដែល​ជា​ស្ពាន​ទី​៣​ ​គម្រោង​​​ប្លង់​មាន​៦​ប្លង់ ។ ស្ពាន​អា​កាស​​ស្ទឹង​មាន​ជ័យ​នេះ​សាលា​រាជ​ធានី​ភ្នំពេញ សម្រេច​​​យក​ជម្រើស​ទី​៦ ​ក្នុង​​ការ​សាង​សង់ គឺ​ត្រូវ​ធ្វើ​ទៅ​​តាម​ដំណាក់​មាន​ពីរ​ដំណាក់ ដំណាក់​ទី​១​សាង​សង់​​ស្ពាន​​អា​កាស​២ ស្ពាន​​រូង​ក្រោម​ដី​មួយ ស្ពាន​លើ ស្ពាន​កណ្តាល ។ ដំណាក់​​​កាល​ទី​១ ​មាន​រយៈ​ពេល​១៨​ខែ ត្រូវ​ចំណាយ​ថវិកា ១៧​លាន​៧​សែន​​​​៧​ម៉ឺន​​ដុល្លារ​អា​មេរិក​​ ។ ដំណាក់​កាល​ទី​​២ សាង​​សង់​ស្ពាន​​​​បែ​ក​ខ្នែង​ចំនួន​១​កាត់​ប្រ​ឡាយ​​ចំនួន​ពីរ​ ដោយ​ប្រើ​​ប្រាស់​រយៈ​ពេល​៨​ខែ ​និង​​ត្រូវ​ចំណាយ​ថវិកា​​​៤​លាន​​​​៤​សែន​​៧​ម៉ឺន​​៥​ពាន់​ដុល្លារ​​​អាមេរិក ។

សម្តេច​តេ​ជោ​​នាយ​ក​រដ្ឋ​មន្ត្រី​​បាន​ឯក​ភាព​​ឱ្យ​​សាង​សង់​​​ ចំពោះ​ថវិ​កា​សាង​សង់ គឺ​​យក​ស្លឹក​​​ត្នោត​​ខ្ចប់​​ស្ករ​ត្នោត​​ទៀត​ហើយ ។ គឺ​ក្រុម​ហ៊ុន​អាណិក​ជន​​​កម្ពុជា​​ចាប់​ផ្តើម​​ការ​អភិវឌ្ឍ​​នៅ​តំ​បន់​​ជ្រោយ​ចង្វា​ ។ ចំ​ពោះ​ការ​​ដោះ​ស្រាយ​​​​នៅ​ទី​នោះ​​​ចំពោះ​ប្រ​ជា​​ពល​រដ្ឋ​ គឺ​ក្រុមហ៊ុន​ដោះ​ស្រាយ​​សង់​​ផ្ទះ​ថ្មី​ ដោយ​មាន​ផ្សារ​​​ ចំពោះ​អ្នក​ដែល​​មាន​ដី​បង្ក​បង្កើន​ផល​​​​បន្តិច​បន្តួច គឺ​​ពួក​គាត់​​មាន​​ជម្រើស​​ពីរ​ជម្រើស​​ទី​១​ក្រុម​ហ៊ុន​នឹង​ផ្តល់​១​ខែ​​៥​០ម៉ឺន​រៀល ​រយៈ​ពេល​២​ឆ្នាំ ​ជម្រើស​ទី​២​ ពួក​គាត់​បាន​ផ្សារ ។ នេះ​​ជា​គោល​ន​យោ​បាយ​​មួយ​​ដោះ​ស្រាយ​​ជូន​ប្រជា​ពល​រដ្ឋ​​​ដែល​​កន្លែង​នោះ​អត់​​មាន​កម្មសិទ្ធិ​អ្វី​ទេ ។ ក្រុមហ៊ុ​ន​នឹង​សង់​ស្ពាន​ថ្មី​មួយ​​ទៀត​ឆ្លង​កាត់​ទន្លេ​សាប​ឆ្ពោះទៅ​រក​ទី​ក្រុង​រណប ដែល​មាន​​តម្លៃ​២៧​លាន​ដុល្លារ ។

លោក​កែប​ ជុ​តិមា អភិបាល​រាជ​ធានី​​ភ្នំពេញ​​​​មាន​ប្រ​សាសន៍​​ថា កំណើន​ប្រ​ជា​ពល​រដ្ឋ​​​​ កំណើន​​យាន​យន្ត​ក៏​ចេះ​តែកើន​ឡើង​​​ជា​លំ​ដាប់​​ ដែល​ជា​បញ្ហា​ប្រ​ឈម​មួយ​របស់​​រាជ​ធានី​​ភ្នំពេញ​ចំពោះ​បរិស្ថាន​​ និង​ការ​កក​ស្ទះ​​​ចរាចរ​​​​ណ៍​ ។ ជាក់​​ស្តែង​នៅ​​ក្នុង​តំ​បន់​នេះ ចរាចរ​​​​មាន​ការ​ម​មា​ញឹក​​ខ្លាំង​​​​បរិមាណ​​​យាន​យន្ត​​ដែល​ធ្វើ​ការ​ឆ្លង​កាត់​​ទី​នេះ  គឺ​មក​ពី​គ្រប់​ទិស​ទី​​​កាន់​តែ​ច្រើន​ឡើង​ៗ ​ព្រោះជា​ចំណុច​ផ្លូវ​ប្រ​សព្វ​​​រវាង​​ផ្លូវ​ធំចំនួន​៥ ជា​ពិសេស​​​ចរាចរ​​​មក​ពីផ្លូវ​​​លេខ​​៥៩៨​ ឆ្លង​កាត់​​ទៅ​ផ្លូវ​​​លេខ​២៧១ និង​មក​ពី​ផ្លូវ​ជាតិ​លេខ​៤ ឆ្លង​កាត់​​ម​ហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​​​​​ ​ម​ហា​វិថី​កម្ពុជា​ក្រោម ​ចូល​មក​​កាន់​រាជ​ធានី​ភ្នំពេញ ។

លោក​អភិបាល​រាជ​ធានី​ភ្នំពេញ​​​បញ្ជាក់​ថា យោង​ទៅ​លើ​មូល​ហេតុ​ខាង​លើ ​ទើប​នៅ​ពេល​ដែល​សម្តេច​​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​​អញ្ជើញ​​​​ជា​អធិ​ប​​​​តី​ដ៏​ខ្ពង់​ខ្ពស់បើក​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​​ការ​ស្ពាន​អា​កាស​​ក្បាល​ថ្នល់ កាល​ពីថ្ងៃ​ទី​​២៧ មិថុនា ឆ្នាំ​២០១០​ សម្តេច​​តេជោ​​បាន​ឯ​ក​ភាព​ឱ្យ​សាលា​រាជ​ធានី​ភ្នំពេញ ធ្វើ​ការ​​សាង​សង់​​ស្ពាន​អា​កាស​​នៅ​តំ​បន់​​នេះ​ដើម្បី​កាត់​បន្ថយ​ការ​​កក​ស្ទះ​ចរាចរ​​ណ៍​ ដែល​ស្ពាន​​អា​កាស​​នេះ​ជា​ស្ពាន​អា​កាស​​ទី​២ បន្ទាប់​ពី​ការ​​​​កស​ាង​ស្ពាន​អា​កាស​​​ក្បាល​ថ្នល់​រួច​។​ ស្ពាន​​​អា​កាស​៧​មករា ​បាន​​ត្រូវ​​ក​សាង​ឡើង​ដោយ​ក្រុម​​ហ៊ុន​វិនិ​យោគ​ទុន​​អាណិកជន​កម្ពុជា ស្ថា​ប​​នា​អំពី​​បេ​​តុង​​អា​​​មេ មាន​បណ្តោយ​ប្រ​វែង​៣៤៥​ម៉ែត្រ ទទឹង​១៥,២០​ម៉ែត្រ បែង​ចែក​ជា​ពី​រ​ខ្សែ​​ ២​​ខ្សែ​​​រថយន្ត​​ទៅ និង​២​ខ្សែ​រថយន្ត​មក មាន​ជម្រាល​​ស្ពាន​៥,៧​% ។ ល្បឿន​យាន​យន្ត​អាច​បើក​​​​​​បរ​លើ​ស្ពាន​នេះ​បាន​ត្រឹម​​៤០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​​​ ។ ​កម្ពស់​សុវត្ថិ​ភាព​ក្រោម​ស្ពាន​​​មានកម្ពស់​៥,២០​ម៉ែត្រ ​នៅ​​ចំ​ទី​តាំង​ប្រ​សព្វ​ផ្លូវ​លេខ​​២៧២ ,៥៩៨ នៃ​​ម​ហា​វិថី​កម្ពុជា​ក្រោម ។

នៅ​​ចំ​ពី​លើ​ចំណុច​​ប្រ​សព្វ​​ម​ហា​វិថី​កម្ពុជា​ក្រោម​​​​មាន​ស្ពាន​អា​កា​ស​​​មួយ​ទៀត​បែក​​ជា​​ចំ​ពាម​មាន​ប្រ​វែង​១៦០​ម៉ែត្រ ​ទទឹង​​​៦,៥០​ម៉ែត្រ ជា​ផ្លូវ​​ឯក​ទិស​​ចុះ​ពី​លិច​​ទៅ​កើត​​​ សម្រាប់​​​រថយន្ត​​មួយ​ខ្សែ​​ និង​​ម៉ូតូ​មួយ​​ខ្សែ​ ។ បង្កាន់​ដៃ​ស្ពាន​​​សង​ខាង​​មាន​កម្ពស់​​១,១​ម៉ែត្រ​ ទទឹង​​០,៥០​ម៉ែត្រ ​មាន​អ៊ុត​កៅ​ស៊ូ​អម​សង​ខាង​ស្ពាន​ទទឹង​៥,៥០​ម៉ែត្រ​ទៅ​៧​​ម៉ែត្រ អ៊ុត​កៅ​ស៊ូ​​កម្ពស់​​៥​សង់​ទី​ម៉ែត្រ ។ ដាក់​ប្រ​ព័ន្ធ​លូ​អម​សងខាង​​ស្ពាន​​​អង្កត់ផ្ចិត​​​​១​ម៉ែត្រ ​ប្រ​វែង​​៦២២​ម៉ែត្រ ​និង​អង្កត់​​ផ្ចិត​​០,៨០​​ម៉ែត្រ ​ប្រ​វែង​​៥៥០​​ម៉ែត្រ ​ដាក់​ស្លាក​សញ្ញា​​​​ចរាចរ​​​ណ៍​​គ្រប់​ប្រ​ភេ​ទ​ចំនួន​​៤៥​​​ស្លាក ​ដំឡើង​​ស្តុប​មួយ​កន្លែង​ក្រោម​ស្ពាន​សម្រាប់​​​តែ​បត់​ឆ្វេង​​ទៅ​ត្រង់​ ដំឡើង​​ស្តុប​ប្រុង​ប្រ​យ័ត្ន​ចំនួន​​៤​កន្លែង​​ ស្ថា​ប​នា​​ការ​បែង​ចែ​ក​ចរ​ា​ចរ​​ជា​​ការ៉ូ​ឡា​ចំនួន​​៤.២៥​០ម៉ែត្រ​ការ៉េ​​ និង​សួន​ច្បារ​​ទំហំ​១.២០០​ម៉ែត្រ​ការ៉េ ដាក់​​​បង្គោល​​ភ្លើង​សរុប​​ចំនួន៥៩​​បង្គោល​ ក្នុង​​នោះ​លើស្ពាន​​​៣៧​​បង្គោល​​​​ ផ្លូវ​ជុំ​វិញ​​ស្ពាន​ចំនួន​១៦​​បង្គោល ក្នុង​សួន​ច្បារ​ចំនួន​​៤​បង្គោល ។

ការ​​ស្ថាប​​នា​ស្ពាន​អា​កាស​​៧​មករា​ នេះ​បាន​ត្រូវ​បញ្ចប់​ក្នុង​រយៈ​​ពេល​១២​ខែ គឺ​ចាប់​ផ្តើម​​សាង​សង់​​ពី​ថ្ងៃ​ទី​២៩ ធ្នូ​ ឆ្នាំ​​២០១០ រហូត​​បាន​បញ្ច​ប់​​​ជា​​ស្ថា​ពរ​​​នៅ​ថ្ងៃ​ទី​៣១ ធ្នូ​ ឆ្នាំ​២០១១ គឺ​​បាន​បញ្ចប់​​មុនកិច្ច​សន្យា​មួយ​​ខែ ដោយ​​ត្រូវ​ចំណាយ​​ថវិកា​​​អស់​ចំនួន​​៨.៧០៥.៨០៨​​​​ដុល្លារ​ អាមេរិក ។

លោក​កែប​ ជុ​តិ​មា ​មាន​ប្រ​សាសន៍​​​បន្ត​ថា យើង​​ទាំង​អស់​គ្នា​មាន​មោទ​ន​ភាព​​​ណាស់​ចំពោះ​ការ​ប្រសិទ្ធ​​​នាម​​ស្ពានអា​កាស​​៧ម​ក​រា​នេះ​ ​ព្រោះ​នេះ​ជា​សមិទ្ធ​ផល​​សម្បត្តិ​ម​ហា​សាល​ ជា​និមិត្ត​​រូប​រំលឹក​ដល់​ការ​រស់​រាន​ឡើង​វិញរបស់​ប្រ​ជា​​ជន​កម្ពុជា​យើង​​ទាំង​មូល និង​បាន​បង្ហាញ​​ពី​និ​មិត្ត​រូប នៃ​ភាព​​​រីក​​ចម្រើន​​​រុង​រឿង​របស់​រាជ​ធានី​ភ្នំពេញ ក្នុង​រយៈ​ពេល​​៣៣​ឆ្នាំ ក្រោម​​​​ការ​ដឹក​នាំ​​របស់​សម្តេច​អគ្គ​ម​ហា​សេនា​បតី​តេជោ​ហ៊ុន សែន​ នាយ​ក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា ។

ស្រប​​​គ្នា​ជា​មួយ​មោទ​ន​ភាព​​របស់​ប្រ​ជា​ជន​​​កម្ពុជា​​​ដែល​មាន​សមិទ្ធ​ផល​​​ជា​ច្រើន​​កំពុង​រីក​​ដុះ​ដាល​​នៅ​ពេញ​​​​ទូ​ទាំង​​ប្រទេស​ ក្រោម​មគ្គុ​ទេ្ទស​ក៍​​ដឹក​​នាំ​ដ៏​​​ឈ្លាស​វៃ​ប្រ​កប​ដោយ​គតិ​បណ្ឌិត​ ប្រា​កដ​​​និ​យម​​ និង​​បញ្ញា​ញាណ​ដ៏​ភ្លឺ​ស្វាង​​​​របស់​សម្តេច​​តេ​ជោ​ហ៊ុន សែន​ សម្តេច​​បាន​វិ​និ​យោគ​យ៉ាង​សន្ធឹក​សន្ធាប់​​ដល់​ការ​អភិវឌ្ឍ​រាជ​ធានី​​ភ្នំពេញ​ ដែល​​បាន​ធ្វើ​​ឱ្យ​រា​ជ​ធានី​ក្លាយ​​​​ជា​ទី​ក្រុង​ស្រស់​ប្រិម​ប្រិយ​​ ជា​ទី​ក្រុង​​ប្រ​កប​​ទាំង​វិស័យ​​​ទេស​​ចរណ៍​​​ និង​សេដ្ឋ​កិច្ច​ ហើយ​ភ្នំពេញ​បាន​ក្លាយ​ទៅជា​​ប៉ូល​ដ៏​ធំ​មួយ​ក្នុ​ង​កិច្ច​អភិវឌ្ឍ​​​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ៕       ច័ន្ទ​ថា