កីឡាករស្វ៊ីសរ៉ូជើ ហ្វេដឺរ័រនិងកីឡាករអេស្ប៉ាញ រ៉ាហ្វាអែល ណាដាល់សប្បាយរីករាយជាថ្មីម្តងទៀតបន្ទាប់ពីបានឈានចូលដល់វគ្គ១/២ផ្តាច់ព្រ័ត្រប្រកួតតឺន្នីស Qatar Openនៅក្រុងដូហាប្រទេសកាតាកាលពីថ្ងៃព្រហស្បតិ៍ទី៥មករា ។ ដោយឡែកក្នុងពេលជាមួយគ្នានេះនៅឯប្រទេសអូស្ត្រាលី កីឡាការិនីបែលហ្ស៊ិកគីម ឃ្លីស្ទ័របានឈានចូលដល់វគ្គ១/២ផ្តាច់ព្រ័ត្រកម្មវិធីប្រកួត Brisbane International ក្រោយពីបានបំបាក់គូប្រកួត២សិតផ្ទួនៗគ្នា ។ ហ្វេដឺរ័រជាម្ចាស់ឯតទគ្គកម្មពិភពលោកលើការឈ្នះពានជើងឯកក្របខណ្ឌធំនិងជាកីឡាករការពារជើងឯកបានឆ្លងចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឬវគ្គ៤នាក់ចុងក្រោយបន្ទាប់ពីបានយកឈ្នះកីឡាករអ៊ីតាលីAndrea Seppiក្នុងលទ្ធផល៦-៣,៥-៧និង៦-៤ដោយចំណាយអស់១ម៉ោងត្រឹម។
ចំណែកណាដាល់ជាម្ចាស់ជើងឯកក្របខណ្ឌធំ French Openនិងជាកីឡាករលំដាប់ទី២ពិភពលោកបានយកឈ្នះកីឡាកររុស្ស៊ី Mikhail Youzhnyក្នុងលទ្ធផល៦-៤និង៦-៤ ។ នៅជុំបន្ទាប់ហ្វេដឺរ័រនឹងជួបប្រកួតជាមួយកីឡាករបារាំង Jo-Wilfried Tsongaដែលខ្លួនគេបានយកឈ្នះកាលពីប្រកួតវគ្គផ្តាច់ព្រ័ត្រ ATP World Tour Finalsនៅទីក្រុងឡុង។ គេបាននិយាយថា៖«ខ្ញុំរង់ចាំប្រកួតជាមួយគេជាថ្មីម្តងទៀត។ សង្ឃឹមថា វានឹងក្លាយជារដូវកាលថ្មីដ៏ល្អមួយសម្រាប់ពួកយើងទាំងពីរនាក់។ Tsongaគឺជាកីឡាករដែលខ្ញុំចង់ប្រកួតជាមួយ ហើយនៅក្រៅទីលាន គេគឺជាមនុស្សដ៏រាក់ទាក់ម្នាក់។ ដូច្នេះខ្ញុំសង្ឃឹមថា ពួកយើងទាំងពីរនាក់អាចចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក»។
កីឡាករណាដាល់នឹងជួបប្រកួតជាមួយកីឡាករបារាំង Gael Monfilsដែលបានយកឈ្នះកីឡាករស៊ែរប៊ី Viktor Troikiក្នុងលទ្ធផល៦-២និង៦-៣ ។ សម្រាប់នាងគីម ឃ្លីស្ទ័រគឺនាងបានយកឈ្នះកីឡាការិនីឆែក Iveta Benesovaក្នុងលទ្ធផល៦-៣និង៦-២ ។ ឃ្លីស្ទ័របានប្រើពេលអស់៧៨នាទីទើបអាចបំបាក់គូប្រកួតរបស់ខ្លួនបាន។ នាងបានថ្លែងថា៖«ខ្ញុំគិតថា ខ្ញុំកំពុងតែខិតទៅជិតភាពល្អប្រសើរហើយ។ ពេលនេះខ្ញុំបានព្យាយាមបញ្ចូលភ្លើងតាមដែលអាចធ្វើទៅបាន។ បន្ទាប់ពីការប្រកួតនេះ ខ្ញុំហាក់ដូចជាមានជំនឿចិត្តលើខ្លួនឯងបន្តិចហើយ។
ភាពឃ្លេងឃ្លោងនៅក្នុងការប្រកួតដែលធ្លាប់បានកើតមានក្នុងពេលកន្លងមកសម្រាប់ខ្ញុំមកដល់ពេលនេះពុំមានទៀតទេ។ នេះគឺជាមូលហេតុមួយដែលខ្ញុំមកប្រកួតនៅទីនេះ »។ឃ្លីស្ទ័រនៅវគ្គបន្ទាប់នឹងជួបប្រកួតជាមួយនាង Daniel Hantuchova។ Hantuchovaកីឡាការិនីរបស់ស្លូវ៉ាគីបានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយពីដៃគូប្រកួតនាងស៊េរីណា វីលៀមដកខ្លួនមិនប្រកួតដោយសាររបួសកជើង ៕
ចែករំលែកព័តមាននេះ