កីឡាករស្វ៊ីសរ៉ូជើ ហ្វេដឺរ័រនិងកីឡាករអេស្ប៉ាញ រ៉ាហ្វាអែល ណាដាល់បានសម្តែងក្តីសប្បាយរីករាយជាខ្លាំងបន្ទាប់ពីបានឈានចូលដល់វគ្គ១/៤ផ្តាច់ព្រ័ត្រប្រកួតតឺន្នីស Qatar Openនៅក្រុងដូហាប្រទេសកាតាកាលពីថ្ងៃពុធទី៤មករា ។ ដោយឡែកក្នុងពេលជាមួយគ្នានេះនៅឯប្រទេសអូស្ត្រាលី កីឡាការិនីអាមេរិកស៊េរីណា វីលៀមបានរងរបួសកជើងត្រូវបង្ខំចិត្តដកខ្លួនពីកម្មវិធីប្រកួត Brisbane International ។ ហ្វេដឺរ័រដែលជាម្ចាស់ឯតទគ្គកម្មពិភពលោកលើការឈ្នះពានជើងឯកក្របខណ្ឌធំបានឈានចូលទៅវគ្គ១/៤ផ្តាច់ព្រ័ត្រឬវគ្គ៨នាក់ចុងក្រោយបន្ទាប់ពីបានយកឈ្នះកីឡាករស្លូវេនីGrega Zemljaក្នុងលទ្ធផល៦-២និង៦-៣ដោយចំណាយអស់១ម៉ោងត្រឹម។
ចំណែកណាដាល់ដែលជាម្ចាស់ជើងឯកក្របខណ្ឌធំ French Openបានយកឈ្នះកីឡាករអាល្លឺម៉ង់ Denis Gremelmayrក្នុងលទ្ធផល៦-២និង៦-២ ។ នៅជុំបន្ទាប់ហ្វេដឺរ័រនឹងជួបប្រកួតជាមួយកីឡាករអុីតាលី Andrea Seppiដែលបានយកឈ្នះកីឡាករអេស្ប៉ាញ Gullermo Garcia-Lopezក្នុងលទ្ធផល ៧-៥និង៦-៣ ខណៈណាដាល់នឹងជួបប្រកួតជាមួយកីឡាកររុស្ស៊ី Mikhail Youzhnyដែលបានយកឈ្នះកីឡាករក្រូអាស៊ី Ivo Karlovicក្នុងលទ្ធផល៦-២,៦-៧និង៦-៣ ។
សម្រាប់នាងស៊េរីណារបួសលើកនេះបានធ្វើឱ្យនាងត្រូវបង្ខំចិត្តដកខ្លួនពីការប្រកួត។ ការដកខ្លួនរបស់នាងពីកម្មវិធី Brisbane Internationalបានបង្កើតឱ្យមានការមន្ទិលសង្ស័យចំពោះលទ្ធផលនៃការចូលរួមប្រកួតក្នុងក្របខណ្ឌធំ Australian Openឆ្នាំ ២០១២នេះ។ នាងស៊េរីណាបានរងរបួសអំឡុងការប្រកួតជាមួយកីឡាការិនីស៊ែរប៊ី Bojana Jovanovskiដែលនាងទទួលបានជោគជ័យ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស៊េរីណាដែលជាម្ចាស់ជើងឯកAustralian Open៥ជំនាន់បានបញ្ជាក់ថា៖«ការដកខ្លួនពីកម្មវិធីប្រកួត Brisbane International ពិតជាធ្វើឱ្យខ្ញុំអស់សង្ឃឹមជាខ្លាំង។
ខ្ញុំត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយគេប្រាប់ថា ខ្ញុំគ្រេចកជើងឆ្វេង ហើយមិនអាចបន្តការប្រកួតបានទេ។ ខ្ញុំនឹងឈប់សម្រាកពីរថ្ងៃដើម្បីស្ទង់មើលថាតើរបួសនេះវាវិវត្តទៅយ៉ាងណា។ តែយ៉ាងណា ខ្ញុំនៅតែមានសង្ឃឹមថានឹងអាចចូលប្រកួតក្នុងក្របខណ្ឌធំ Australian Openបាន»។ កីឡាការិនីវ័យ៣០ឆ្នាំរបស់អាមេរិករូបនេះចាប់តាំងពីបានឈ្នះពានជើងឯកក្របខណ្ឌ Wimbledonឆ្នាំ២០១០មក នាងត្រូវបានញាំញីដោយរបួសជាបន្តបន្ទាប់ឥតដាច់។ ចាប់ផ្តើមដំបូងគឺនាងរបួសរយះជើងដោយមុតនឹងអំបែងកែវក្នុងភោជនីយដ្ឋានមួយនៅប្រទេសអាល្លឺម៉ង់។ បន្តបន្ទាប់ពីនោះមក សុខភាពរបស់នាងចេះតែមានបញ្ហាជាប់រហូត ៕
ចែករំលែកព័តមាននេះ