រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវភ្លើងឆាបឆេះរលាករលួយខ្នង ខណៈប្រពន្ធកំពុងជប់ខ្យល់ឱ្យ លុះជប់ជិតរួចហើយនៅសល់តែ៣កែវទៀតប៉ុណ្ណោះប្រពន្ធលូកយកកែវប៉ះអាល់កុលកំពប់ឆាបឆេះរលួយពេញខ្នងតែម្ដង។ ឧប្បត្តិហេតុនេះកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រថ្ងៃទី២ មករា ២០១២ នៅផ្ទះជួលសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
បុរសរងគ្រោះឈ្មោះកែវ គឹមយាន អាយុ៣២ឆ្នាំ ប្រពន្ធឈ្មោះកង ស៊ីយ៉ា អាយុ៣៣ឆ្នាំ មុខរបរលក់បង្អែមនៅផ្សារដើមគមានស្រុកកំណើតនៅភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង ស្នាក់នៅផ្ទះជួលសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ស្ដ្រីជាប្រពន្ធបានឱ្យដឹងថា នៅយប់កើតហេតុនោះ ពេលត្រឡប់ពីលក់បង្អែមបុរសជាប្ដីមិនស្រួលខ្លួនក៏ប្រើប្រពន្ធជប់ខ្យល់ឱ្យ កំពុងជប់បានជាង២០កែវនៅសល់តែ៣កែវទៀតប៉ុណ្ណោះ ស្រាប់តែខ្លួនលូកដៃយកកែវបានប៉ះកែវអាល់កុលធ្វើឱ្យកំពប់ទៅប៉ះនឹងដៃម្ខាងទៀតកំពុងកាន់ភ្លើងទៀនក៏ឆាបឆេះរលាកខ្នងប្ដីដែលកំពុងដេកផ្កាប់មុខជាប់កែវពេញខ្នងកម្រើកមិនរួចឡើយ។ ចំណែកប្រពន្ធស្ទុះទៅយកភួយគ្របពីលើទម្រាំតែរលត់ក៏ត្រូវរលាកស្បែកខ្នងអស់រលីង ។
ជនរងគ្រោះត្រូវបានប្រពន្ធបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ បន្ទាប់ពីគ្រូពេទ្យលាបថ្នាំព្យាបាលហើយ ជនរងគ្រោះបានត្រឡប់ទៅផ្ទះវិញទាំងយប់។ គ្រោះថ្នាក់ខាងលើបណ្តាលមកពីការធ្វេសប្រហែស៕ ប្រាំមួយ
ចែករំលែកព័តមាននេះ