ការចរចារវាងកម្ពុជា និងអាមេរិក បានបញ្ចប់ហើយ ដោយសម្រេចចេញជាកិច្ចព្រមព្រៀងមួយ សម្រាប់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក ។ លទ្ធផលនឹងប្រកាសចេញនៅពេលឆាប់ៗនេះ ។

អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាន ដឹកនាំក្រុមការងារចំពោះកិច្ចជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយតំណាងពាណិជ្ជកម្ម សហរដ្ឋអាមេរិក ដឹកនាំដោយលោកជំទាវ Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្ម សហរដ្ឋអាមេរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ។

ប្រភពបានបញ្ជាក់ថា ៖ «ក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានពិនិត្យ និងឯកភាព គ្នាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌរវាង សហរដ្ឋអាមេរិក និងកម្ពុជា លើពន្ធគយបដិការដែលនឹងផ្សព្វផ្សាយជាសាធារណៈ នាពេលដ៏ខ្លីខាងមុខ» ។
អ្នកនាំពាក្យបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី នឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត ។
ដូច្នេះ យើងរង់ចាំតាមដានទាំងអស់គ្នា ។ ប៉ុន្តែយើងសង្ឃឹមថា អាមេរិកនឹងមិនយកពន្ធខ្ពស់រហូតដល់៤៩ ភាគរយ ដូចការប្រកាសកន្លងមកឡើយ ខណ: ករណីនៅប្រទេសវៀតណាមវិញអាមេរិកបានទម្លាក់ពី៤៦ភាគរយ មក២០ ភាគរយ៕
ចែករំលែកព័តមាននេះ